Connect with us

នយោបាយ

បទវិភាគ៖ កំផែងរឹងមាំ៤ មិនឱ្យសង្គ្រាមព្រំដែនកម្ពុជា-ថៃ អូសបន្លាយវែងឆ្ងាយ

បានផុស

នៅ

ស្របពេលដែលការជជែកវែកញែកលើបណ្តាញសង្គម បាននិងកំពុងបង្កឱ្យមានក្តីថប់បារម្ភដល់ប្រជាពលរដ្ឋមួយចំនួន អំពីភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសលទ្ធភាពនៃសង្គ្រាមអូសបន្លាយរ៉ាំរ៉ៃដូចពីអតីតកាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជាថ្មី សូមលើកយកតថភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ដែលមានសក្តានុពលនៃកំផែងរឹងមាំចំនួន ៤ ដែលជា «របាំង» ការពារមិនឱ្យសង្គ្រាមអាចអូសបន្លាយរ៉ាំរ៉ៃ៖

១. កំផែងសេដ្ឋកិច្ច
ខុសពីទសវត្សរ៍មុនៗ សេដ្ឋកិច្ចកម្ពុជា និងថៃក្នុងឆ្នាំ ២០២៥ បានចងភ្ជាប់គ្នាដូចជាយ៉ាងសំខាន់ព្រោះថា ថៃគឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា រីឯកម្ពុជាក៏ជាទីផ្សារ និងជាប្រភពកម្លាំងពលកម្មដ៏សំខាន់សម្រាប់ថៃផងដែរ។ ប្រសិនបើមានសង្គ្រាមនៅព្រំដែនចចេសអូសបន្លាយ នឹងធ្វើឱ្យស្ទះចរន្តទំនិញតាមច្រកសសែឈាម ដែលនាំឱ្យទំនិញឡើងថ្លៃទាំងសងខាង ប៉ះពាល់ដល់ជីវភាពប្រជាជនរាប់សិបលាននាក់ និងធ្វើឱ្យអ្នកវិនិយោគអន្តរជាតិដកខ្លួន។
ក្នុងន័យសេដ្ឋកិច្ច គ្មានភាគីណាមួយចង់ដុតផ្ទះខ្លួនឯង ដើម្បីពាន«ឈ្នះ»នោះឡើយ។

២. អាស៊ាន និងសហគមន៍អន្តរជាតិ
ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជានិងថៃទាំងពីរប្រទេសទាំងពីរមានកាតព្វកិច្ចរក្សាតំបន់នេះឱ្យមានសន្តិភាព ដើម្បីទាក់ទាញការវិនិយោគ។ សង្គ្រាមអូសបន្លាយនឹងធ្វើឱ្យខូច ពិន្ទុ របស់ប្រទេសទាំងពីរលើឆាកអន្តរជាតិ។ លើសពីនេះ មហាអំណាចពិភពលោកដែលកំពុងវិនិយោគក្នុងតំបន់ នឹងមិនបណ្តោយឱ្យជម្លោះនេះចូលទៅរ៉ាំរ៉ៃជាច្រេះស៊ីដែក បំផ្លាញខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ពួកគេយូរឡើយ។

៣. ភាពចាស់ទុំនៃនយោបាយការទូតកម្ពុជា
មេរៀនជម្លោះនៅតំបន់ប្រាសាទព្រះវិហារកាលពីអតីតកាល បានបន្សល់ទុកនូវទស្សនទាននយោបាយយ៉ាងសំខាន់សម្រាប់ប្រទេសទាំងពីរ។ បទពិសោធនោះបានសបញ្ជាក់ថា ការប្រើប្រាស់កម្លាំងយោធា មិនមែនជាដំណោះស្រាយបញ្ចប់បញ្ហាប្រកបដោយចីរភាពនោះឡើយ ផ្ទុយទៅវិញ បានបង្កើតនូវការខាតបង់ជីវិតមនុស្ស ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងបាត់បង់ឱកាសសេដ្ឋកិច្ចយ៉ាងធំធេងដែលមិនអាចប៉ាន់ប្រមាណបាន។

ក្នុងឆ្នាំ ២០២៥ នេះ កម្ពុជា និងថៃ បានឈានដល់កម្រិតនៃ “ភាពចាស់ទុំខាងនយោបាយ” (Political Maturity) ដែលភាគីទាំងពីរយល់ច្បាស់ថា ការរក្សាផលប្រយោជន៍ជាតិមិនមែនទាល់តែការយកឈ្នះតាមរយៈសមរភូមិឡើយ ប៉ុន្តែគឺការយកឈ្នះតាមរយៈការចរចាដោយស្មើមុខស្មើមាត់។ យន្តការដោះស្រាយជម្លោះទ្វេភាគី តាមរយៈគណៈកម្មការចម្រុះព្រំដែន (GBC និង JBC) និងទំនាក់ទំនងផ្ទាល់រវាងថ្នាក់ដឹកនាំរដ្ឋាភិបាល គឺមានភាពបត់បែនស្រាប់ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរអាចបែងចែកដាច់ពីគ្នារវាង “បញ្ហាដែលត្រូវដោះស្រាយ” និង “កិច្ចសហប្រតិបត្តិការដែលត្រូវបន្ត” ។ សង្ឃឹមថា ថៃមិនយកជម្លោះនយោបាយផ្ទាល់ខ្លួនមកធ្វើជាចំណាប់ខ្មាំងនៃស្ថិរភាពសង្គម-សេដ្ឋកិច្ចជារួមនោះឡើយ។

៤. ហានិភ័យនៃ «សង្គ្រាមចិត្តសាស្ត្រ» និងការភ័យស្លន់ស្លោ
បញ្ហាប្រឈមពិតប្រាកដសម្រាប់ប្រជាពលរដ្ឋ មិនមែនជាការផ្ទុះអាវុធនៅតាមព្រំដែនឡើយ ប៉ុន្តែគឺជា «សង្គ្រាមព័ត៌មាន» រក Views ដែលភាគច្រើនក្រុមផលិតមាតិកាជ្រុលនិយមបានបង្កើតការភ័យខ្លាច ភាពហួសហេតុ កេងចំណេញពីភាពភ័យស្លន់ស្លោនិងធ្វើឱ្យប៉ះពាល់ដល់ការរកស៊ី ការដកប្រាក់ ឬការផ្អាកវិនិយោគ ដែលឈានទៅបំផ្លាញសេដ្ឋកិច្ចគ្រួសារមុនពេលសង្គ្រាមពេញលេញកើតឡើង។

សូមបង្កើនការយល់ដឹង ចែកចាយ ពីតថភាពយុទ្ធសាស្ត្រ ចាំនឹងអាចចូលទីជួយឱ្យសាធារណជនមានភាពស្ងប់ស្ងាត់ មានជំនឿចិត្តលើស្ថិរភាពជាតិ ឈានដល់ការទប់ពង្រឹងសេដ្ឋកិច្ចចេញពីគ្រួសារខ្មែរគ្រប់សសៃឈាម។

សេចក្តីសន្និដ្ឋាន
សង្គ្រាមអូសបន្លាយរវាងកម្ពុជា និងថៃ គឺជាសេណារីយ៉ូដែល “មិនចំណេញ និងមិនអាចទៅរួចយូរឡើយ” ក្នុងយុគសម័យសាកលភាវូបនីយកម្មនេះ។

កម្ពុជានៅឆ្នាំ ២០២៥ មិនមែនជាកម្ពុជាដែលទន់ជ្រាយនោះទេ ប៉ុន្តែជាកម្ពុជាដែលប្រើប្រាស់ “ភាពធន់នៃសេដ្ឋកិច្ច” និង “បទពិសោធនយោបាយ” ដើម្បីការពារបូរណភាពទឹកដីផង និងរក្សាសន្តិភាពផង។ ការបន្តជឿជាក់លើស្ថិរភាព និងការផ្សព្វផ្សាយព័ត៌មានពិត គឺជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ដើម្បីរួមចំណែកដល់ការរីកចម្រើនរបស់ជាតិ៕ សាយ ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម