Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ គំរាម កម្ទេចមូលដ្ឋានយោធាអាមេរិកនៅកាតា ឲ្យខ្ទេចខ្ទាំ បើប៉ះទីក្រុងតេអេរ៉ង់ម្តងទៀត

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃទី ១៧ ខែធ្នូថា ប្រសិនបើសហរដ្ឋអាមេរិក បើកការវាយប្រហារលើទីក្រុងតេអេរ៉ង់ម្តងទៀត មូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា ក៏ត្រូវបានកំណត់គោលដៅដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi (រូបភាព៖ Khalil Hamra/The Associated Press)

លោក Araghchi បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera កាលពីថ្ងៃអង្គារ ខណៈពេលដែលកំពុងធ្វើអត្ថាធិប្បាយលើការវាយប្រហារដោយមីស៊ីលសងសឹករបស់អ៊ីរ៉ង់កាលពីខែមិថុនា លើមូលដ្ឋានទ័ពអាកាសអាមេរិកនៅកាតា បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

លោកមានប្រសាសន៍ថា «យើងមិនបានវាយប្រហារកាតាទេ ប៉ុន្តែមូលដ្ឋានអាមេរិកនៅកាតាអាចនឹងខ្ទេចខ្ទាំក្លាយជាផះ។ ប្រសិនបើសង្គ្រាមផ្ទុះឡើងរវាងយើង និងសហរដ្ឋអាមេរិក ហើយបើអាមេរិកវាយប្រហារទីតាំងនុយក្លេអ៊ែររបស់យើង ពួកគេប្រាកដជាដឹងហើយថា យើងវាយប្រហារមូលដ្ឋានយោធារបស់ពួកគេ។ វាមិនខុសគ្នាទេថា មូលដ្ឋានទាំងនោះស្ថិតនៅកន្លែងណា។

លោកបានបន្ថែមទៀតថា អ៊ីរ៉ង់រស់នៅដោយមិត្តភាពទាំងស្រុងជាមួយប្រទេសជិតខាង ក៏មិនមានបញ្ហាជាមួយកាតា និងប្រទេសក្នុងតំបន់ផ្សេងទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកយើងក៏ដឹងថា មូលដ្ឋានអាមេរិកមានទីតាំងនៅលើទឹកដីរបស់ប្រទេសមួយចំនួនដែរ។

លោក Araghchi បានបញ្ជាក់សាជាថ្មីថា ដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺអាចសម្រេចបានទាំងស្រុង ដរាបណាភាគីទាំងពីរគោរពសិទ្ធិគ្នាទៅវិញទៅមក និងត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រេចបានកិច្ចព្រមព្រៀងដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក។

គួរបញ្ចាក់ដែរថា កាលពីថ្ងៃទី ២២ ខែមិថុនា កងកម្លាំងអាមេរិកបានទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី ដោយចូលរួមការវាយប្រហារររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយកាលណោះបានបង្កឲ្យមានជម្លោះរយៈពេល ១២ ថ្ងៃ។ វាបានកើតឡើងនៅពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ធ្វើកិច្ចចរចាដោយប្រយោលចំនួនប្រាំជុំលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកចេញនូវទណ្ឌកម្មរបស់រដ្ឋអាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

មកស្គាល់មុខមាត់ពិតរបស់រដ្ឋបាល ត្រាំ ជាអ្នកមានបំផុតក្នុងប្រវត្តិសាស្ត្រ អាមេរិក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម