Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជាក់ជំហរគាំទ្រ វេណេស៊ុយអេឡា ហ៊ានប្រឈមមុខតតាំងជាមួយ អាមេរិក

បានផុស

នៅ

ក្រសួងការបរទេសនៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទទី២២ធ្នូ បានប្រកាសថា រុស្ស៊ីបានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងសាមគ្គីភាពពេញលេញរបស់ខ្លួនជាមួយវេណេស៊ុយអេឡា ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការបិទផ្លូវយោធាពីសហរដ្ឋអាមេរិក នៅក្នុងតំបន់ការ៉ាប៊ីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក នីកូឡាស ម៉ាឌូរ៉ូ ចាប់ដៃជាមួយ ពូទីន (រូបភាព៖ Maxim Shemetov/Reuters)

តាមការផ្សាយពី RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីវេណេស៊ុយអេឡា គឺលោក Yvan Gil Pinto ក្នុងអំឡុងពេលដែលអ្នកការទូតកំពូលរបស់រុស្ស៊ីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពកើនឡើងកាន់តែខ្លាំងឡើងរបស់វ៉ាស៊ីនតោននៅក្នុងសមុទ្រការ៉ាប៊ីន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។

លោក Lavrov បានបន្ថែមថា «ការកសាងយោធាសហរដ្ឋអាមេរិក អាចនាំឲ្យមានផលវិបាកយ៉ាងធំធេងសម្រាប់តំបន់ និងបង្កើតការគំរាមកំហែងដល់ការធ្វើនាវាចរណ៍តាមសមុទ្រអន្តរជាតិ»។

កាលពីចុងសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា ឆ្មាំសមុទ្រសហរដ្ឋអាមេរិកកំពុងដេញតាមយ៉ាងសកម្ម នាវាដឹកប្រេងដែលមានទំនាក់ទំនងជាមួយប្រទេសវេណេស៊ុយអេឡា នៅក្នុងដែនទឹកអន្តរជាតិក្នុងសមុទ្រការ៉ាប៊ីន។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កងកម្លាំងអាមេរិកបានរឹបអូសនាវាដឹកប្រេងពីរគ្រឿងរួចហើយ។

ចាប់តាំងពីខែកញ្ញាមក កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបំផ្លាញទូកជាច្រើនគ្រឿងនៅឯឆ្នេរសមុទ្រនៃប្រទេសអាមេរិកខាងត្បូង ដែលខ្លួនអះអាងថាកំពុងដឹកគ្រឿងញៀនដោយទទួលបាននូវការគាំទ្រពីរដ្ឋាភិបាលវេណេស៊ុយអេឡា និងរារាំងនាវាដឹកប្រេងដែលចូល ឬចាកចេញពីប្រទេស។ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានគំរាមកំហែងផងដែរថា ការវាយប្រហារតាមផ្លូវគោកអាចនឹងកើតឡើងឆាប់ៗនេះ។

បើទោះជាបែបនេះក្ដី ប្រទេសវេណេស៊ុយអេឡាបានកំណត់ការរឹបអូសនាវាដឹកប្រេងនៅឯឆ្នេរសមុទ្ររបស់ខ្លួន ដោយកងទ័ពជើងទឹកអាមេរិកថាជាទង្វើចោរសមុទ្រជាក់ស្ដែង ហើយចោទប្រកាន់វ៉ាស៊ីនតោនថា កំពុងស្វែងរកការដំឡើង «រដ្ឋាភិបាលអាយ៉ង» នៅក្នុងទីក្រុងការ៉ាកាស ពោលគឺរៀបចំផែនការផ្លាស់ប្តូររបប ដើម្បីទទួលបានធនធានធម្មជាតិក្នុងប្រទេសវេណេស៊ុយអេឡា។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នាប៉ុន្មានម៉ោងមុននេះបានបង្ហាញសាមគ្គីភាពជាមួយប្រជាជនវេណេស៊ុយអេឡា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់លោក ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលោក នីកូឡាស ម៉ាឌូរ៉ូ ក្នុងការការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពប្រឆាំងនឹងសម្ពាធបរទេស។

កាលពីដើមខែនេះផងដែរ ក្រសួងការបរទេសចិនក៏បានបង្ហាញនូវជំហរគាំទ្រទីក្រុងការ៉ាកាសដូចគ្នា ដោយលើកឡើងថា ទីក្រុងប៉េកាំងប្រឆាំងនឹងសកម្មភាពឯកតោភាគី និងការគំរាមកំហែងទាំងអស់លើវេណេស៊ុយអេឡា។៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ត្រាំ ថា មិនត្រូវការព្រមពីសភា ដើម្បីវាយ វេណេស៊ុយអេឡា​នោះ​ទេ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម