Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា មិនត្រូវការព្រមពីសភា ដើម្បីវាយ វេណេស៊ុយអេឡា​នោះ​ទេ

បានផុស

នៅ

តាមការផ្សាយដោយ yahoo ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូថា លោកមិនត្រូវការការយល់ព្រមពីសភាដើម្បីបើកការវាយប្រហារប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាទេ ទោះបីជាមានការរិះគន់ថា កំពុងលើសពីសិទ្ធិអំណាចរដ្ឋធម្មនុញ្ញជាមួយនឹងការវាយប្រហារនៅលើសមុទ្រក៏ដោយ។

រូបភាព៖Elizabeth Frantz/Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval អំពីលទ្ធភាពនៃការស្នើសុំឲ្យសភាអាមេរិកអនុម័តការវាយប្រហារលើក្រុមជួញដូរគ្រឿងញៀនលើទឹកដីក្នុងប្រទេសអាមេរិកឡាទីននេះ ប្រធានាធិបតីត្រាំបានឆ្លើយតបថា «ខ្ញុំមិនប្រកាន់ទេក្នុងការប្រាប់ពួកគេ ប៉ុន្តែអ្នកដឹងទេ វាមិនមែនជារឿងធំដុំអ្វីនោះទេ។ ខ្ញុំមិនចាំបាច់ប្រាប់ពួកគេក៏បានដែរ»។

លោកត្រាំក៏បានសម្តែងក្តីសង្ឃឹមផងដែរថា ផែនការវាយប្រហារគោលដៅនៅក្នុងប្រទេសវេណេស៊ុយអេឡា នឹងមិនត្រូវបានបង្ហាញឲ្យដឹងទេ ក្នុងករណីដែលសភាអាមេរិកត្រូវបានជូនដំណឹងជាមុន។ មេដឹកនាំអាមេរិកបានថា «ពួកគេជាអ្នកនយោបាយ ហើយពួកគេពូកែខាងធ្វើឲ្យលេចធ្លាយព័ត៌មានណាស់»។

យោងតាមរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ប្រធានាធិបតីគឺជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែមានតែសភាប៉ុណ្ណោះដែលមានសិទ្ធិអំណាចក្នុងការប្រកាសសង្គ្រាម។ អ្នកជំនាញនិយាយថា លោកត្រាំអាចបញ្ជាឲ្យមានការវាយប្រហារមានកំណត់លើទឹកដីវេណេស៊ុយអេឡាដោយគ្មានការអនុញ្ញាតពីសភាអាមេរិក ប៉ុន្តែសម្រាប់តែរយៈពេលខ្លីប៉ុណ្ណោះ ក្រោមលេសការពារខ្លួន ឬក្នុងទំហំមានកំណត់។

រដ្ឋបាលត្រាំ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក៏បានបង្កើនសម្ពាធជាបន្តបន្ទាប់លើប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ដោយដាក់ពង្រាយឧបករណ៍យោធាបន្ថែមទៀតទៅកាន់តំបន់នេះ ក្រោមលេសនៃការអនុវត្តបេសកកម្មប្រឆាំងគ្រឿងញៀន។ យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើកលើទូកដែលសង្ស័យថា ដឹកសារធាតុហាមឃាត់នៅក្នុងតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិកចាប់តាំងពីខែកញ្ញាមក ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៩ នាក់ឯណោះ។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro អះអាងថា យុទ្ធនាការរបស់សហរដ្ឋអាមេរិកស្វែងរកការផ្លាស់ប្តូររបបនៅវេណេស៊ុយអេឡា និងគ្រប់គ្រងទុនបម្រុងប្រេងរបស់ប្រទេស ជំនួសឲ្យគោលដៅដែលបានបញ្ជាក់របស់ខ្លួនក្នុងការបញ្ឈប់ការជួញដូរគ្រឿងញៀន។

ភាពស្របច្បាប់នៃការវាយឆ្មក់នេះក៏ជាបញ្ហាចម្រូងចម្រាសផងដែរ។ លោក Gregory Meeks សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថា ត្រាំបានបរាជ័យក្នុងការបង្ហាញពីសិទ្ធិអំណាចចាំបាច់ក្រោមច្បាប់សហរដ្ឋអាមេរិក ឬច្បាប់អន្តរជាតិ នៅពេលបញ្ជាប្រតិបត្តិការនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អ៊ីរ៉ង់ គំរាម កម្ទេចមូលដ្ឋានយោធាអាមេរិកនៅកាតា ឲ្យខ្ទេចខ្ទាំ បើប៉ះទីក្រុងតេអេរ៉ង់ម្តងទៀត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម