Connect with us

កីឡា

លោក Conor Nestor ទម្លាយ​ចម្ងល់​រាប់ឆ្នាំ​​ថា ហេតុអ្វី CPL មិន​ប្រើ​អាជ្ញា​កណ្តាល​នារី

បានផុស

នៅ

កម្ពុជា​មានស្ត្រី​ជា​​អាជ្ញា​កណ្តាល ១ ​នាក់ និង​ជំនួយ​ការ​ ១​ នាក់ ​ក្នុង​ចំណោម​​អាជ្ញា​កណ្តាល​បុរស-នាទី​ចំនួន ១១ នាក់​ ដែល​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ប៉ុន្តែ​​អាជ្ញា​កណ្តាល​នារី​មិន​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ប្រើ​ប្រាស់​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​ធំ​ៗ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លីគ​បាល់ទាត់​កំពូល​កម្ពុជា (CPL) មិន​មាន​ការ​ប្រើ​ប្រាស់​អាជ្ញា​កណ្តាល និង​ជំនួយ​ការ​នារី​ឡើយ។ ​អាជ្ញាកណ្តាល​នារី​របស់​កម្ពុជា​​ជា​ទូទៅ​ត្រូវ​បាន​ឃើញ​​ពី​ការ​កាត់​សេចក្តី​ក្នុង​ការ​ប្រកួត​កម្មវិធី​តូច ការ​ប្រកួត​មិត្តភាព ឬ​កម្មវិធី​ក្រៅ​ផ្លូវ​ការ។ ទោះ​បី​ជា​យ៉ាង​ណា កញ្ញា ផ្លុង ពេជ្រអក្ខរ៉ា ដែល​ជា​អាជ្ញា​កណ្តាល​​នារីដ៏​លេច​ធ្លោ​ទទួល​ស្គាល់​ដោយ​ FIFA បាន​ចេញ​ទៅ​កាត់​សេចក្តី​ក្នុង​ការ​ប្រកួត​អន្តរជាតិ​​ផ្លូវ​ការ​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស។

ពាក់​ព័ន្ធ​នឹង​ការ​មិន​ប្រើ​ប្រាស់​អាជ្ញា​កណ្តាល​នារី​នៅ​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា បាន​ក្លាយ​ជា​ចម្ងល់​រាប់​ឆ្នាំ​របស់​លោក Conor Nestor ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លិប​បឹងកេត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​យល់​ឃើញ​ថា ការ​ប្រើ​ប្រាស់​មន្ត្រី​អាជ្ញា​កណ្តាល​រហូត​ដល់ ៦ នាក់​នៅ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ហាក់​ដូច​ជាមិន​មាន​ប្រសិទ្ធភាព​ឡើយ។

លោក Conor Nestor បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ៖«ខ្ញុំ​មិន​យល់​សោះ​ ហេតុ​អ្វី​បាន FFC មិន​ប្រើ​អាជ្ញា​កណ្តាល​នារី​ទាំង​នេះ​ យ៉ាង​ហោច​ណាស់​ក៏​ឲ្យ​ពួក​គាត់​ធ្វើ​ជា​ជំនួយ​ការ​​នៅ​លើ​ទី​លាន​​នៅ​ក្នុង​ការ​ប្រកួត​ CPL ដែរ។ សម្រាប់​ខ្ញុំ នេះ​គួរ​តែ​មាន​ប្រយោជន៍​ជាង​មន្ត្រី​អាជ្ញា​កណ្តាល ៦ នាក់»។

«FFC បាន​ព្យាយាម​ប្រើ​មន្ត្រី​អាជ្ញា​កណ្តាល​ ៦ នាក់ តែគ្មាន​ប្រសិទ្ធភាព​ទេ។ ហេតុ​អ្វី​បាន​ជា​មិន​ព្យាយាម​ប្រើ​មន្ត្រីអាជ្ញា​កណ្តាល​​ ដែល​កំពុង​អភិវឌ្ឍ​​សមត្ថភាព​​​មួយ​ចំនួន​​ផង ហើយ​ស្ត្រី​អាជ្ញា​កណ្តាល​​ទាំង​នេះ​​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ FIFA ដើម្បី​ក្លាយ​ជាផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​របស់ CPL។ នេះ​ជា​សំណួរ​​ដែល​ខ្ញុំ​បាន​ឆ្ងល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

សូម​បញ្ជាក់​ថា ការ​កាត់​សេចក្តី​របស់​ក្រុម​មន្ត្រីអាជ្ញា​កណ្តាល​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ចោទ បើ​ទោះ​បី​ជា​ក្រុម​ការងារ​របស់ CPL បាន​ព្យាយាម​ដាក់​ជំនួយ​ការ​អាជ្ញា​កណ្តាល​ដល់​ទៅ​ ៦ នាក់​នៅ​ខ្សែ​បន្ទាប់​ប្រអប់​សំណាញ់​ដើម្បី​ជួយ​ដល់​អាជ្ញា​កណ្តាល​នៅ​លើ​ទី​លាន។ ទោះ​ជា​យ៉ាង​ណា គ្រូ​បង្វឹក​បឹងកេត​ឃើញ​ពី​គ្មាន​ប្រសិទ្ធភាព៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម