Connect with us

ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម លែងត្រីរាជមួយក្បាលទម្ងន់ជិត១០០គីឡូចូលទន្លេវិញ ក្រោយទទួលបានពីអ្នកនេសាទ

បានផុស

នៅ

ខណ្ឌរដ្ឋបាលជនផលកំពង់ចាម កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សហការជាមួយ អង្គការគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីរាជមួយក្បាលចូលក្នុងដែនទឹកទន្លេមេគង្គវិញ ក្រោយពីទទួលបានពីប្រជានេសាទដែលនេសាទបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការស្រាវជ្រាវក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ត្រីរាជ ដែលត្រូវលែងចូលទន្លេមេគង្គវិញនេះ ជាប្រភេទត្រីញី មានប្រវែង ២១៥សង់ទីម៉ែត្រ មានទម្ងន់សរុប ៩៧គីឡូក្រាម។ ត្រីរាជនេះ ត្រូវបានប្រជានេសាទ នេសាទបាននៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មីក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ និងពាក់ស្លាករដ្ឋបាលជលផល លេខកូដ500។

ក្រោយពីកំណត់អត្តសញ្ញាណរួច ក្រុមការងារ និងមន្ត្រីជំនាញជលផល បានលែងត្រីរាជនេះ ចូលក្នុងទន្លេមេគង្គវិញ។

ត្រីរាជ ជាប្រភេទត្រីទឹកសាប ដែលចូលចិត្តរស់នៅតាមបឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ បច្ចុប្បន្នត្រីនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម ជាត្រីកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ IUCN។ ត្រីរាជ ក៏ត្រូវបានហាមឃាត់ការនេសាទ ទិញលក់ និងដឹកជញ្ជូន ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះតាមរយៈក្រមនេសាទលេខ ៨០ ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម