Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅខេត្តសៀមរាប

បានផុស

នៅ

លោក សួស អង្គារ៍  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៩ បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបន្តពង្រឹងការផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះធ្វើឡើង ក្នុងឱកាសចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្តិភាព ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តខេត្តសៀមរាប នាសណ្ឋាគារសុខាល័យអង្គរនា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក សំកុល សុចិត្រា អភិបាលរងខេត្ត និង លោក លោកស្រីមកពីគ្រប់ស្ថាប័ន អង្គភាពប្រតិបត្តិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អធិការនគរបាលក្រុង ស្រុក មេប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រមាណជា ៣០០នាក់។

លោក សួស អង្គារ៍ បានផ្តោតសំខាន់ ទៅលើបញ្ហាចរាចរណ៍ ដែលជាកត្តាចំបងនៅខេត្តសៀមរាប ជាឃាតករបំបាំងមុខ ដែលបង្កឡើងដោយកត្តាមនុស្ស និងសម្ភារៈ បានបង្កធ្វើឱ្យមានជនពិការ បន្សល់ទុកសោទនាកម្មដល់ក្រុមគ្រួសារ។ ក្នុងនោះលោកក៏បានលើកឡើង ពីវេទិកាសាធារណៈ គឺជាយន្តការបញ្ជ្រៀបគោលនយោបាយ របស់រាជរដ្ឋាភិបាល  ក្នុងការស្តាប់នូវរាល់សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីព័ត៌មានពិត ឬមិនពិតជូនប្រជាពលរដ្ឋ សំខាន់ក្នុងពេលកំពុងជួបបញ្ហាពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានប្រាប់ឱ្យអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាការពារភូមិ ឱ្យពួកគាត់ស្គាល់នូវពីតួនាទីរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពនៅតាម មណ្ឌលជនភៀសសឹក ហើយឃុំ សង្កាត់សហការឱ្យបានល្អជាមួយនគរបាលប៉ុស្តិ៍ និងសហការជាមួយជំនាញ រកមុខសញ្ញាដែលលាក់ខ្លួនក្នុងពេលប្រជាពលរដ្ឋភៀសសឹក ព្រមទាំងសហការក្នុងការធ្វើរដ្ឋបាលបើកចំហរ និងបង្ក្រាបក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង់ និង ធ្វើការផ្សព្វផ្សាយទៅតាមគ្រឹះស្ថាន វិស័យឯកជន និង ក្រុមហ៊ុន សហគ្រាស។

ជាមួយគ្នានេះ លោកបានជំរុញដល់រដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពរដ្ឋបាលខេត្ត ឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការណ៍នានា ដែលកើតមានតាមក្រុង-ស្រុក ឃុំសង្កាត់ ក្នុងដែនសមត្ថកិច្ចខ្លួន ក្នុងពេលដែលមានបងប្អូនភៀសសឹក ចេញពីតំបន់សង្គ្រាមឈ្លានពាន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា និងក្នុងនោះត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ ប្រជាពលដ្ឋ អំពីគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ដើម្បីស្តាប់កង្វល់ និង សំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយ។

ចំណែក លោក សំកុល សុចិត្រា បានលើកឡើងថា «ស្របនឹងស្ថានភាព នៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលប្រទេសជាតិ មាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម គឺជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់ និង អាទិភាពបំផុត ដែលទាមទារឱ្យយើងត្រូវរួមគ្នាធានាឱ្យបាននូវ កត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ»។ លោកថា កត្តាដែលសំខាន់ ខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយបានកំពុងទទួលបងប្អូនភៀសសឹក មកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាព។ 

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានគូសបញ្ជាក់ពីលទ្ធផលនៃការអនុវត្តគោលនយោ បាយភូមិ ឃុំសង្កាត់មានសមត្ថភាព ធ្វើបានចំនួន ៩ពាន់៤៩០លើក មានប្រជាពលរដ្ឋចូលរួម ៧៧៨ពាន់១៨នាក់ និង ការ ងារវេទិកាសាធារណៈ បានចំនួន៨ពាន់៥៦៦លើក មានប្រជាពលរដ្ឋចូលរួម ៣១៨ពាន់ ១៥០នាក់។ បានចងក្រង ប្រជាការពារ បាន ១២ពាន់៦០នាក់ ស្មើ ១ពាន់២០៦ក្រុម និង ការងារផ្តល់សៀវភៅគ្រួសារ និងស្នាក់នៅទូទាំងខេត្ត មានចំនួន ២៧៧ពាន់៦១៤គ្រួសារ មានមនុស្ស ១លាន១៨២ពាន់៥៤៩នាក់ ចាប់ពីអាយុ១៨ឡើងមាន ៨៣១ពាន់៥២៨នាក់ និងប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន ចំនួន ២៧ពាន់៤៩០នាក់ ៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម