Connect with us

ព័ត៌មានអន្ដរជាតិ

ពីដើមដល់ចុងឆ្នាំ តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះជាង ១០%

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះជាង ១០%​ រាប់តាំងពីដើម ដល់ចុងឆ្នាំ ២០២៥ នេះ ដោយសារតែកំណើនការផ្គត់ផ្គង់លើសតម្រូវការ បញ្ហាពន្ធខ្ពស់ និងការបង្កើនផលិតកម្មរបស់ OPEC+ (អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងម៉ាក Brent ​បានធ្លាក់ចុះជិត ១៨% ដែលជាការធ្លាក់ចុះប្រចាំឆ្នាំច្រើនបំផុតរាប់តាំងពីឆ្នាំ ២០១៨ ហើយអាចជាការធ្លាក់ចុះ ៣ ឆ្នាំជាប់ៗគ្នា ពេលបិទការជួញដូរនៅថ្ងៃពុធ ទី ៣១ ខែធ្នូ នេះ។ នៅព្រឹកថ្ងៃពុធនេះ តម្លៃប្រេង Brent សម្រាប់កុងត្រាខែមីនា បាន​ធ្លាក់ចុះ ៦ សេន ដល់ ៦១,២៧ ដុល្លារ/បារ៉ែល។

ដោយឡែកតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) វិញ បាន​ធ្លាក់ចុះ ៥ សេន នៅថ្ងៃពុធដូចគ្នា ដល់ត្រឹម ៥៧,៩០ ដុល្លារ/បារ៉ែល។ តម្លៃ WTI អាចធ្លាក់ចុះ ១៥ % ក្នុងអត្រាប្រចាំឆ្នាំ។ ​

តម្លៃប្រេងបានកើនឡើងនៅដើមឆ្នាំ ២០២៥ ក្រោយ​អតីតប្រធានាធិបតី ចូ បៃដិន បានរឹតបន្តឹងទណ្ឌកម្មលើ​រុស្ស៊ី ​ដោយ​រំខានដល់ការផ្គត់ផ្គង់ប្រេងទៅកាន់​ប្រទេសទិញសំខាន់ៗដូចជា ចិន និងឥណ្ឌា។ តម្លៃក៏​កើនឡើងផងដែរដោយសង្គ្រាមនៅអ៊ុយក្រែន រួមទាំងការវាយប្រហារដោយ​ដ្រូនរបស់អ៊ុយក្រែនទៅលើទីតាំងថាមពលរបស់រុស្ស៊ី ដែលបានប៉ះពាល់ប្រយោលដល់ការនាំចេញប្រេងរបស់កាហ្សាក់ស្ថាន។ កាលពីខែមិថុនា ជម្លោះរយៈពេល ១២ ថ្ងៃរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបង្កើនការភ័យខ្លាចអំពីការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយ។

នៅចុងឆ្នាំនេះ តម្លៃប្រេងអន្តរជាតិក៏​កើន​ឡើងម្ដងម្កាលផងដែរ ដោយ​ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែ​ខ្លាំង។ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម កំពុង​លូកដៃចូលក្នុងជម្លោះនៅយេម៉ែន ខណៈ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឱ្យបិទផ្លូវនាំចេញប្រេងរបស់វេណេស៊ុយអេឡា និងបានគំរាមកំហែងវាយប្រហារមួយផ្សេងទៀតលើអ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្លៃប្រេងនៅតែ​មានកំណត់ ដោយធ្លាក់ចុះវិញជាបន្តបន្ទាប់ ដោយសារតែការដំឡើងផលិតក​​​ម្មប្រេងជាបន្តបន្ទាប់របស់ OPEC+ នៅឆ្នាំនេះ ក៏ដូចជា​បញ្ហាពាក់ព័ន្ធពន្ធគយ ដែលបង្កក្ដីបារម្ភពីភាពស្រពេចស្រពិលសេដ្ឋកិច្ច ហើយអាចឱ្យតម្រូវការប្រេងចុះខ្សោយ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម