Connect with us

ព័ត៌មានអន្ដរជាតិ

រឿងរ៉ាវនៅពីក្រោយ ដែលអាមេរិក អាចចាប់ខ្លួនលោក ម៉ាឌូរ៉ូ ត្រឹមរយៈពេលខ្លី

បានផុស

នៅ

ស្នូរផ្ទុះលាន់ទ្រហឹងរដ្ឋធានីការ៉ាកាស់! នោះគឺប្រតិបត្តិការយោធាពិសេសរបស់អាមេរិក «Operation Absolute Resolve» ដែលធ្វើឡើងនៅប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយាទាំងកណ្តាលអធ្រាត្រថ្ងៃសៅរ៍ទី៣ខែមករាឆ្នាំ២០២៦។

តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦, បើគិតចាប់ពីការចាប់ផ្តើមរហូតដល់ការចាប់ខ្លួនលោក ម៉ាឌូរ៉ូនិងភរិយា ឡើងឧទ្ធម្ភាគចក្រ ប្រតិបត្តិការនេះចំណាយពេលជិត២ម៉ោង ប៉ុន្តែបើគិតត្រឹមការចូលទៅចាប់ប្រធានាធិបតីវ៉េណេស៊ុយអេឡា ដល់ក្នុងភូមិគ្រឹះ ប្រតិបត្តិការនេះ ចំណាយពេលមិនដល់៣០នាទីនោះទេ?

🚨ហេតុអ្វីប្រតិបត្តិការ «Operation Absolute Resolve» ទទួលបានជោគជ័យដោយប្រើត្រឹមពេលខ្លីបែបនេះ?

តាមពិតទៅ អាមេរិក បានរៀបគម្រោងជាយូរមកហើយ ពោលគឺភ្នាក់ងារចារកម្មអាមេរិក (CIA, NSA) បានចំណាយពេលរាប់ខែ ដើម្បីតាមដានទម្លាប់រស់នៅរបស់លោក ម៉ាឌូរ៉ូ រហូតដល់ដឹងពីប្រភេទអាហារដែលលោកបរិភោគ និងសត្វចិញ្ចឹមរបស់លោកថែមទៀតផង។

មិនត្រឹមប៉ុណ្ណឹង កងកម្លាំងពិសេសអាមេរិកបានសាងសង់ ភូមិគ្រឹះគំរូ ដែលមានទំហំនិងរចនាសម្ព័ន្ធឲ្យដូចបេះបិទទៅនឹងភូមិគ្រឹះរបស់លោក ម៉ាឌូរ៉ូ មែនទែនដើម្បីធ្វើការហ្វឹកហាត់វាយឆ្មក់ឲ្យបានច្បាស់លាស់បំផុត។

ក្រោយពេលត្រៀមខ្លួនរួចរាល់ នៅថ្ងៃបើកប្រតិបត្តិការ អាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗដូចជា F-22, F-35, យន្តហោះទម្លាក់គ្រាប់បែក B-1 និងដ្រូនជាច្រើនគ្រឿងទៀត ដែលហោះចេញពីមូលដ្ឋានទ័ពចំនួន ២០ កន្លែងផ្សេងគ្នា ហើយកងកម្លាំងពិសេស Delta Force គឺជាអ្នកដឹកនាំផ្ទាល់ក្នុងការចុះទៅចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាដល់ក្នុងភូមិគ្រឹះ។

អាមេរិកបានប្រើប្រាស់សមត្ថភាពបច្ចេកវិទ្យា (Cyber Attack) ដើម្បី បិទភ្លើងទូទាំងទីក្រុងការ៉ាកាស មុនពេលវាយប្រហារ ដើម្បីបង្កភាពងងឹត និងធ្វើឱ្យប្រព័ន្ធការពារខ្លួនរបស់វេណេស៊ុយអេឡាពិបាកមើលឃើញ។ ក្រោយមក យន្តហោះអាមេរិកបានទម្លាក់គ្រាប់បែកកម្ទេចរ៉ាដា និងប្រព័ន្ធការពារអាកាសរបស់វេណេស៊ុយអេឡា ដើម្បីបើកផ្លូវឲ្យឧទ្ធម្ភាគចក្រហោះចូលក្នុងរយៈកម្ពស់ទាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅវេលាម៉ោង ២:០១ នាទីព្រឹក (ម៉ោងនៅរដ្ឋធានីការ៉ាកាស) កងកម្លាំង Delta Force បានសម្រុកចូលភូមិគ្រឹះ។ លោក ម៉ាឌូរ៉ូ ក៏ព្យាយាមរត់ទៅកាន់ «បន្ទប់សុវត្ថិភាព» ដែរ ប៉ុន្តែត្រូវកងទ័ពអាមេរិកឃាត់ខ្លួនទាន់ពេល នៅមុខទ្វារបន្ទប់នោះតែម្តង។

លោក ម៉ាឌូរ៉ូ និងភរិយា ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់នាវាចម្បាំងអាមេរិក USS Iwo Jima រួចបញ្ជូនបន្តទៅកាន់ទីក្រុងញូវយ៉ក ដើម្បីកាត់ទោស។

ក្នុងប្រតិបត្តិការនោះ មានការរាយការណ៍ថា មនុស្សស្លាប់ប្រហែល ៨០ នាក់ រួមទាំងទាហានគុយបា ៣២ នាក់ផងដែរ បានបាត់បង់ជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម