Connect with us

ព័ត៌មានអន្ដរជាតិ

កូឡុំប៊ី ប្រតិកម្មខ្លាំងៗ ចំពោះសម្តី ត្រាំ ដែលថា ​អាចវាយប្រហារប្រទេសនេះបន្ទាប់ពី វ៉េណេស៊ុយអេឡា

បានផុស

នៅ

បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ ហើយនោះ មេដឹកនាំអាមេរិក ដូណាល់ ត្រាំ បានបង្ហើបពីលទ្ធភាពនៃការវាយប្រហារប្រទេសផ្សេងទៀត ដែលនោះមានដូចជាកូឡុំប៊ីនិង គុយបា ជាដើម ដែលរឿងនេះ ធ្វើឲ្យមេដឹកនាំកូឡុំប៊ី ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង។ 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦ លោកត្រាំនិយាយថា៖ ទាំងកូឡុំប៊ីនិងវ៉េណេស៊ុយអេឡា សុទ្ធតែឈឺធ្ងន់ ហើយថា រដ្ឋាភិបាលនៅទីក្រុង បូហ្គោតា ត្រូវបានដឹកនាំដោយបុរសឈឺម្នាក់ ដែលចូលចិត្តផលិតកូកាអ៊ីន និងលក់វាឲ្យសហរដ្ឋអាមេរិក។

ដោយសំដៅទៅប្រធានាធិបតីកូឡុំប៊ី Gustavo Petro លោកព្រមានថា៖ «គាត់នឹងមិនអាចកាន់តំណែងបានយូរទៀតទេ ចាំមើលចុះ ខ្ញុំប្រាប់អ្នកឲ្យហើយ»។ ស្របពេលជាមួយគ្នានោះ ប្រមុខសេតវិមាន បង្ហើបថា រដ្ឋាភិបាលនៅក្នុងប្រទេសគុយបា ក៏នឹងអាចដួលរលំក្នុងពេលឆាប់ៗនេះដែរ។

យ៉ាងណា មិនទុកយូរឡើយ កូឡុំប៊ីក៏ប្រតិកម្មចំពោះការគំរាមរបស់លោក ត្រាំ ដោយប្រធានាធិបតី Petro បានអំពាវនាវដល់បណ្តាប្រទេសនៅតំបន់អាមេរិកឡាទីនឲ្យរួបរួមគ្នា បើមិនដូច្នោះទេ នឹងត្រូវគេធ្វើដាក់ដូចជាអ្នកបម្រើ និងទាសកអ៊ីចឹង។

ប្រធានាធិបតីកូឡុំប៊ី Gustavo Petro (រូបថត៖ Reuters)

តាមការផ្សាយរបស់ Al Jazeera, លោកប្រកាសថា៖ «សហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានទម្លាក់គ្រាប់បែកលើរដ្ឋធានីរបស់ប្រទេសអាមេរិកខាងត្បូង ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ»។ យ៉ាងណា លោកថា ការសងសឹកមិនមែនជាចម្លើយនោះទេ។ ផ្ទុយទៅវិញ លោកជំរុញឲ្យអាមេរិកឡាទីន រួបរួមគ្នានិងក្លាយជាតំបន់មួយដែលមានសមត្ថភាពយល់ដឹង ធ្វើពាណិជ្ជកម្ម ហើយរួមរស់ជាមួយពិភពលោកទាំងមូល។

សូមជម្រាបជាថ្មី អាមេរិក បានបើកប្រតិបត្តិការយោធា «Operation Absolute Resolve» កាល​ពី​ថ្ងៃ​សៅរ៍ ឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា និងភរិយា គឺលោកស្រី Cilia Flores ក្នុងទីក្រុងការ៉ាកាស។

មន្ត្រីវ៉េណេស៊ុយអេឡាបានថ្កោលទោសការឃុំខ្លួនលោកម៉ាឌូរ៉ូ ថាជាការចាប់ជំរិត និងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាចង់គ្រប់គ្រងលើធនធានប្រេងរបស់ប្រទេសខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម