Connect with us

ព័ត៌មានជាតិ

ពលរដ្ឋគាំទ្រចំពោះការអនុវត្តវិធានការច្បាប់លើជនទាំងឡាយដែលពាក់ព័ន្ធ​ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បានផុស

នៅ

ប្រជាពលរដ្ឋ​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​ខ្ពស់​ចំពោះ​ការ​អនុវត្ត​វិធានការ​ច្បាប់​លើ​ជន​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រប​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​មាន​វិធានការ​ក្តៅ​បំផុត​លើ​យុទ្ធនាការ​កម្ទេច​ឲ្យ​អស់​ចំពោះ ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ( Online scams ) អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា ក៏​បាន​រក​ឃើញ​មាន​ជន​មួយ​ចំនួន​តូច បាន​ប្រឡូក​ខ្លួន​ចូល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជា​ខ្នងបង្អែក​លើ​បទល្មើស​ទាំងនេះ ដែល​ចាំបាច់​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​តែ​មាន​វិធានការ​ច្បាប់​ជា​ធរមាន ដោយ​មិន​មាន​ការ​លើកលែង​នោះ​ឡើយ។

ជាក់ស្ដែង​កាលពី​ពេល​ថ្មីៗ នេះ អតីត​ឧកញ៉ា​មួយ​រូប ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​រួចហើយ​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជា​ខ្នងបង្អែក​នៅ​ពីក្រោយ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ។

លោក គា សំណាង ជា​ប្រជាពលរដ្ឋ​កម្ពុជា សម្តែង​ការ​គាំទ្រ​បំផុត​ចំពោះ​ចំណាត់​ការ​ដ៏​ម៉ឺងម៉ាត់​របស់​សម្តេច​ប្រមុខ​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​បាន​ប្រើប្រាស់​វិធានការ​ច្បាប់​លើ​ជន​គ្រប់​រូប បើ​ទោះបី​ជា​ជន​ដែល​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់​នោះ មាន​តួនាទី​ឋានៈ​បុណ្យស័ក្ដិ ឬ​ទ្រព្យធន​កម្រិត​ណា​ក៏ដោយ ក៏​ច្បាប់​នៅតែ​អនុវត្ត​ស្មើភាព​ដូច​ទៅ​នឹង​សាមញ្ញជន​ធម្មតា​ដែរ។

លោក សុ ទិត្យា ជា​ប្រជាពលរដ្ឋ បាន​បញ្ជាក់​ថា ប្រទេសជាតិ មាន​សន្តិភាព គឺ​មិន​ត្រូវការ​មាន​បទ​ល្មើស​ឧក្រិដ្ឋកម្ម​ទេ គឺ​រីកចម្រើន​តាមរយៈ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ សម្តេច​ប្រមុខ​ថ្នាក់ដឹកនាំ និង​ការ​ពង្រឹង​ធនធាន​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​មាន​សមត្ថភាព និង​សក្តានុពល ប៉ុណ្ណោះ ទើប​អាច​ឲ្យ​ប្រទេស​ជាតិ​រីកចម្រើន​បាន។

គួរ​រំលឹក​ថា កាលពី​ពេល​កន្លងទៅ​ថ្មីៗ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ថា សម្តេច​ ពិតជា​ចង់​ឃើញ​ណាស់​នូវ​ការ​ចូលរួម​ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត និង​ការ​លះបង់​ដើម្បី​ជាតិ ពី​គ្រប់​តួអង្គ​ដែល​មាន​ការ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ការ​ចូលរួម​ប្រជាជន​ខ្មែរ​​គ្រប់​ស្រទាប់​វណ្ណៈ គ្រប់​និន្នាការ ក៏ដូចជា​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រួបរួម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិខ្មែរ​ សំដៅ​លុបបំបាត់​នូវ​រាល់​បញ្ហា​អសកម្ម​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក៏ដូចជា​ដើម្បី​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​ដ៏​ប្រពៃ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម