Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ភ្នំសំរាមនៅហ្វីលីពីន មនុស្សស្លាប់កើនដល់ ៣៥នាក់

បានផុស

នៅ

ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍បាក់ភ្នំសំរាមនៅប្រទេសហ្វីលីពីន បានកើនដល់៣៥នាក់ហើយ បន្ទាប់ពីសាកសពត្រូវបានរកឃើញជាបន្តបន្ទាប់។

បាក់ភ្នំសំរាមនៅហ្វីលីពីន (រូបថត៖ Reuters)

តាមការផ្សាយរបស់ The Star នៅថ្ងៃអាទិត្យទី១៨ខែមករាឆ្នាំ២០២៦, មនុស្សស្លាប់ទាំង៣៥នាក់ ភាគច្រើនជាកម្មករដែលធ្វើការនៅទីលានចាក់សំរាម មានទីតាំងស្ថិតក្នុងទីក្រុង Cebu។

យ៉ាងណា ការិយាល័យបង្ការគ្រោះអគ្គិភ័យទីក្រុង Cebu បានឲ្យដឹងថា មនុស្សចំនួន១៨នាក់ ត្រូវបានជួយសង្គ្រោះក្នុងហេតុការណ៍នេះ ប៉ុន្តែនៅមានបុគ្គលិកម្នាក់ទៀតកំពុងបាត់ខ្លួន ប៉ុន្តែគេមិនទាន់សន្មត់អំពីជោគវាសនានៅឡើយទេ។

បាក់ភ្នំសំរាមនៅហ្វីលីពីន (រូបថត៖ Reuters)

សូមជម្រាបជាថ្មី សោកនាដកម្មនេះ កើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅទីលានចាក់សំរាម Binaliw ពេលដែលភ្នំសំរាម​កម្ពស់ប្រហែលអគារ​២០ជាន់ បានបាក់សង្កត់លើកម្មករជាង​១០០នាក់ដែលកំពុងបំពេញការងារ។

មុននេះ អភិបាលក្រុង Cebu លោក Nestor Archival បានប្រកាសថា ក្រុមស្វែងរកបានរកឃើញ «សញ្ញានៃជីវិត» ដែលជំរុញ​​ឲ្យ​មានការបន្តសកម្មភាពសង្គ្រោះជាបន្ទាន់ ដើម្បីស្វែងរកមនុស្សបន្ថែមទៀត ប៉ុន្តែឥឡូវក្តីសង្ឃឹមបានរលាយអស់ទៅហើយ។

បាក់ភ្នំសំរាមនៅហ្វីលីពីន (រូបថត៖ Reuters)

តាមរបាយការណ៍បឋមពីការិយាល័យរ៉ែ និងភូគព្ភសាស្ត្របានសន្មតថា មូលហេតុបាក់ភ្នំសំរាមនេះ គឺបណ្តាលមកពីការធ្លាក់ភ្លៀងជាប់ៗគ្នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ដែលធ្វើ​ឲ្យសំរាមជោកជាំដោយទឹក និងមានទម្ងន់ធ្ងន់ខ្លាំងរហូតដល់បាក់។

ក្រសួងបរិស្ថាន និងធនធានធម្មជាតិ (DENR) បានចេញបញ្ជា​ឲ្យ​ផ្អាកសកម្មភាពជាបន្ទាន់ចំពោះក្រុមហ៊ុន Prime Integrated Waste Solutions, Inc. (PWS) ដែលជាអ្នកគ្រប់គ្រងទីលានចាក់សំរាមនេះ និងតម្រូវ​ឲ្យក្រុមហ៊ុនដាក់ស្នើផែនការកែលម្អក្នុងរយៈពេល​៩០ថ្ងៃ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម