Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំកំពូលវៀតណាម ប្ដេជ្ញា​ជំរុញសេដ្ឋកិច្ច​ឱ្យ​កើន​លើស ១០% ទោះមានឧបសគ្គសកល

បានផុស

នៅ

មេដឹកនាំកំពូល​វៀតណាម លោក តូ ឡាំ (To Lam) បានបេជ្ញាចិត្តជំរុញសេដ្ឋកិច្ចរបស់ប្រទេសឱ្យកើនឡើងលើស ១០% ក្នុង១ឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃទសវត្សរ៍នេះ ទោះបីជាមាន​បញ្ហាប្រឈមពីខាងក្រៅក៏ដោយ។ នេះបើតាមអ្វីដែលលោក​ថ្លែង​ទៅកាន់ប្រតិភូ​ក្នុងសមាជបក្សកុម្មុយនិស្ត​នាថ្ងៃអង្គារនេះ និង​ចុះផ្សាយរបស់ដោយទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជបក្សកុម្មុយនិស្ត​វៀតណាម ដែលមានរយៈពេល១សប្ដាហ៍រាប់ពីថ្ងៃចន្ទតទៅ នឹង​ជ្រើសរើសប្រធានបក្សកុម្មុយនិស្តថ្មី ដែលនឹង​រៀបចំគោលដៅសេដ្ឋកិច្ចរហូតដល់ឆ្នាំ ២០៣០។

លោក ឡាំ ដែលជា​អគ្គលេខាធិការបក្សកុម្មុយនិស្ត បាន​ថ្លែងថា​ សមាជ​នេះ​ធ្វើឡើង ចំពេលដែលមាន​ «ការលំបាក និងបញ្ហាប្រឈមជាច្រើន​ រាប់ចាប់តាំងពីគ្រោះមហន្តរាយធម្មជាតិ ព្យុះ និងទឹកជំនន់ រហូតដល់ជំងឺរាតត្បាត ហានិភ័យសន្តិសុខ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា និងការរំខានធំៗ​ក្នុងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ»​។

កន្លងមក រដ្ឋាភិបាលវៀតណាម​បាន​កំណត់គោលដៅកំណើនសេដ្ឋកិច្ចមិនក្រោម ១០% ចាប់ពីឆ្នាំ ២០២៦ នេះតទៅ។

លោក ឡាំ ​បានថ្លែងនៅថ្ងៃអង្គារនេះបន្តថា ​វៀតណាមប្តេជ្ញាកាត់បន្ថយប្រព័ន្ធរដ្ឋបាលដែលមាន​ភាពស្មុកស្មាញ និងពង្រីកពាណិជ្ជកម្មសកល ដើម្បីការពារឯករាជ្យភាព និងផលប្រយោជន៍ជាតិរបស់ប្រទេស។

គេមើលឃើញថា ទោះបីជាប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ដាក់ពន្ធ ២០% លើទំនិញវៀតណាមក្ដី ប៉ុន្តែការនាំចេញរបស់វៀតណាមទៅអាមេរិកនៅតែកើនឡើងខ្លាំង ដែលបង្កើតបាន​ជាអតិរេកពាណិជ្ជកម្ម​ដ៏ខ្ពស់។ យ៉ាងណាមិញ ដោយសារតែបញ្ហានេះ វៀតណាម​កំពុងព្យាយាមពង្រឹងពាណិជ្ជកម្មជាមួយដៃគូផ្សេងទៀត​ៗ ដោយរំពឹងថា ឥទ្ធិពលនៃពន្ធអាមេរិក​នឹង​ប៉ះពាល់លើការនាំចេញខ្លាំងទៅៗ។

​លោក ឡាំ ក៏បាននិយាយផងដែរថា ហេដ្ឋារចនាសម្ព័ន្ធត្រូវការអភិវឌ្ឍដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ និងដើម្បីកែលម្អការតភ្ជាប់ក្នុងតំបន់ និងពិភពលោក។ លោក​គូសបញ្ជាក់អំពីកំណើននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលបានជួយដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែក៏បានបង្កើនការព្រួយបារម្ភអំពីការ​ចំណាយខ្ជះខ្ជាយផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម