Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី៖ អាស៊ានបដិសេធ​ទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ា

បានផុស

នៅ

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមាន​១១ប្រទេស​ជា​សមាជិក នឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមក្នុងការបោះឆ្នោតសកល ដែលមានបីដំណាក់កាលនៅប្រទេសមីយ៉ាន់ម៉ានោះទេ ដែលវា​ជាសញ្ញា​​បង្ហាញ​ពី​ការ​មិនគាំទ្រ ឬទទួលស្គាល់លទ្ធផល​បោះ​ឆ្នោតឡើយ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan នា​ថ្ងៃអង្គារ​ទី​២០​ខែ​មករា​ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Mohamad Hasan (រូបថត៖ Reuters)

យោង​តាម​រ៉យទ័រ ថ្លែងនៅចំពោះមុខសភាម៉ាឡេស៊ី លោក Hasan បានបញ្ជាក់ថា ទោះបីជាយោធាមីយ៉ាន់ម៉ាបានស្នើសុំអ្នកសង្កេតការណ៍អាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលឆ្នាំ​២០២៥​នៅទីក្រុងគូឡាឡាំពួ​ក៏ដោយ ក៏ប្លុក​នេះបានបដិសេធសំណើនេះជាឯកច្ឆន្ទ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បើគ្មានអ្នកសង្កេតការណ៍ផ្លូវការ អាស៊ាននឹងមិនផ្តល់ភាពស្របច្បាប់ផ្នែកនយោបាយដល់របបយោធា ដែលបានកាន់អំណាចតាំងពីមានរដ្ឋប្រហារឆ្នាំ​២០២១​ឡើយ។

ការបោះឆ្នោតដែលបានចាប់ផ្តើមតាំងពីខែធ្នូឆ្នាំ​២០២៥ បានរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ រួមមានអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលបស្ចិមប្រទេស ដែលយល់ឃើញថា ដំណើរការនេះគ្រាន់តែជាល្បិចកល ដើម្បីពង្រឹងអំណាចយោធាតាមរយៈគណបក្សអាយ៉ង​តែ​ប៉ុណ្ណោះ។ របាយការណ៍ពីដំណាក់កាលទីពីរនៃការបោះឆ្នោតកាលពីដើមខែមករា​នេះ បានបង្ហាញថា ចំនួនអ្នកទៅបោះឆ្នោតមានកម្រិតទាប ខណៈដែលគណបក្សសាមគ្គីភាព និងការអភិវឌ្ឍន៍សហភាព (USDP) ដែលស្និទ្ធនឹងយោធា បានអះអាងពីការនាំមុខដាច់គេ។

យ៉ាង​ណា លោក Hasan កត់សម្គាល់ថា ប្រទេសសមាជិកអាស៊ានមួយចំនួនអាចសម្រេចចិត្តបញ្ជូនក្រុមអ្នកសង្កេតការណ៍រៀងៗខ្លួន ប៉ុន្តែ​លោកបានបញ្ជាក់ច្បាស់ថា សកម្មភាពទាំងនោះមិនតំណាង​ឲ្យ​ជំហររួមរបស់​អាស៊ានទេ។

(រូបថត៖ Reuters)

ដោយឡែក ក្នុងរបាយការណ៍ការទូត​​​​ផ្សេង​មួយ​​ទៀត លោករដ្ឋមន្ត្រី Hasan ក៏បានជម្រាបជូនសមាជិកសភាផងដែរថា អាស៊ានកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ជាមួយទីក្រុងប៉េកាំង។ ការពិភាក្សាលើកិច្ចព្រមព្រៀងសមុទ្រ ដែលបានអូសបន្លាយអស់រយៈពេលជាងពីរទសវត្សរ៍មកនេះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ​២០២៦។ ក្រមប្រតិបត្តិនេះមានគោលបំណងបង្កើតក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងជម្លោះដែនដី និងបង្ការជម្លោះនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ដែលការទាមទារដ៏​ធំ​របស់ចិនបន្តត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃសមាជិកអាស៊ានមួយចំនួន រួមមាន ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន ជាដើម៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម