Connect with us

ព័ត៌មានអន្ដរជាតិ

​យោធា​ន័រវែស​ប្រាប់​ពល​រដ្ឋ​​​ឲ្យ​ប្រគល់​សម្ភារឲ្យ​យោធា​ ពេល​​ប្រទេស​ជួប​សង្គ្រាម

បានផុស

នៅ

ប្រជាជន​ន័រ​វែស​រាប់​ពាន់​នាក់​ត្រូវ​បាន​​ទទួល​​សំបុត្រ​ពី​យោធា​នៅ​ថ្ងៃ​ចន្ទ​ ដោយ​​ជូន​ដំណឹង​ដល់​ពួក​គេ​ថា​ ផ្ទះ យានជំនិះ ទូក និង​គ្រឿង​ចក្រ​ផ្សេង​ទៀត​អាចនឹង​ត្រូវ​ទាមទារ​យក​មក​ប្រើ​ប្រាស់បន្ទាន់​​ ករណី​បើ​ប្រទេស​មាន​សង្គ្រាម​។ នេះបើតាម AFP ។

កងកម្លាំងយោធាន័រវែស។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធា​ន័រវែស បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖«ការ​ស្នើ​សុំ​នេះ មាន​គោល​បំណង​ធានា​ថា ​នៅ​ក្នុង​ស្ថាន​ភាព​សង្រ្គាម កង​កម្លាំង​ប្រដាប់​អាវុធ​មាន​លទ្ធភាព​ទទួល​បាន​ធនធាន​គ្រប់​គ្រាន់​ សម្រាប់​ការពារ​ប្រទេស​»។

បើតាម​ការ​ព្យាករណ៍ តម្រូវ​ការ​ចាំ​បាច់​ត្រៀម​រៀប​ចំ​ប្រហែល ១៣ ៥០០គ្រឿង​​ នឹង​ត្រូវ​បាន​ចេញ​សម្រាប់​ឆ្នាំ២០២៦។

តែ​យ៉ាងណា សេចក្តី​ថ្លែង​ការណ៍មួយ​​បាន​លើក​ឡើង​ថា សំបុត្រ​នោះ​មិន​ទាន់​ជះ​ឥទ្ធិពល​​ជាក់​ស្តែងនៅ​ឡើយ​ទេ វា​គ្រាន់​តែ​​អនុញ្ញាត​ឱ្យ​ម្ចាស់ទ្រព្យ​សម្បត្តិ​ ​បាន​ដឹង​​ថា ​យោធា​អាច​កាន់​កាប់​សម្ភារៈ​របស់​ពួក​គេ​ក្នុង​ករណី​មាន​ជម្លោះ​ប៉ុណ្ណោះ​។

សំណើ​នេះ​មាន​សុពល​ភាព​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​ប្រហែល​ពីរ​ភាគ​បី​ នៃ​សំបុត្រ​ដែល​បាន​ផ្ញើ​ក្នុង​ឆ្នាំ២០២៦​ គឺ​បាន​បន្ត​ពី​ឆ្នាំ​មុន​ប៉ុណ្ណោះ​។

ចំណែក​ប្រធាន​អង្គការ​យោធា លោក Anders Jernberg បាន​ថ្លែងថា​៖ «សារៈ​សំខាន់​នៃ​ការ​ត្រៀម​ខ្លួន​សម្រាប់​វិបត្តិ និង​សង្រ្គាម​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​» ។

លោក​បាន​បន្ត​ថា៖ «ន័រវែស​កំពុង​ស្ថិតក្នុងស្ថានភាពប្រុងជើងការ ផ្នែកសន្តិសុខកម្រិតខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២ មកម្ល៉េះ​។ ​ពិសេស​សង្គម​របស់​យើង​ ត្រូវ​តែ​ត្រៀម​ខ្លួន​សម្រាប់​វិបត្តិ​ផ្នែក​​សន្តិសុខ ហើយ​ហេតុ​ការណ៍​ដែល​​អាក្រក់​បំផុត​​គឺ​សង្រ្គាម»។ យើង​​កំពុង​​ធ្វើ​​ការ​​កសាង​​កម្លាំង​​យោធា និង​​ការ​​ត្រៀម​​លក្ខណៈ​​ស៊ីវិល​​ដ៏​សំខាន់​»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ប្រទេសន័រវែស​ដែល​ជា​សមាជិក​ស្ថាបនិក​អង្គការ​ណាតូ បាន​បង្កើន​ការ​ការពារ​របស់​ខ្លួន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម