Connect with us

ព័ត៌មានជាតិ

អ្នក​បម្រើ​សេវា​សុខាភិបាល​ត្រូវ​ប្រកាន់​ខ្ជាប់​ក្រម​សីលធម៌​វិជ្ជាជីវៈ​និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវា​ជូនពលរដ្ឋ

បានផុស

នៅ

លោកសាស្ត្រាចារ្យ រង លូលីឃាង នាយក​មន្ទីរពេទ្យ​ព្រះអង្គឌួង​បាន​មាន​ប្រសាសន៍ថា អ្នក​បម្រើ​សេវាសុខាភិបាល​គ្រប់​រូប​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌វិជ្ជាជីវៈ និង មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ដើម្បី​លើកកម្ពស់​តម្លៃ​វិជ្ជាជីវៈ​សុខាភិបាល​ពិសេស​បង្កើន​ជំនឿ​ជឿជាក់​របស់​ពលរដ្ឋ​មក​លើ​សេវាសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីផ្សព្វផ្សាយ​ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រ នៅរសៀលថ្ងៃទី២២មករានៅមន្ទីរពេទ្យព្រះអង្គឌួង លោក សាស្ត្រាចារ្យរង លូ លីឃាង បាន​បន្ត​ថា ការ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​អ្នក​ប្រកបវិជ្ជាជីវៈ​សុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និង​ភាព​ជា​អ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រដល់បុគ្គលិក គ្រូពេទ្យ​នាពេលនេះ ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ច្បាប់ បទដ្ឋាន​គតិយុត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱ្យមាន គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ពិសេសក្នុងការការពារ និងលើកកម្ពស់សុខភាព សុខុមាលភាពរបស់អ្នកជំងឺ។

លោក សាស្តាចារ្យ រង បានបន្តទៀតថា« ការគោរព និងអនុវត្តច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ មិន ត្រឹមតែជាកាតព្វកិច្ចផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាគុណតម្លៃវិជ្ជាជីវៈ ដែលគ្រូពេទ្យ និងអ្នកបម្រើសេវា សុខាភិបាលគ្រប់រូប ត្រូវតែប្រកាន់ខ្ជាប់ យ៉ាងស្មោះត្រង់ ជាប់លាប់ និងមានទំនួលខុសត្រូវខ្ពស់។ នេះគឺជាគន្លឹះសំខាន់ ក្នុងការធានាទំនុកចិត្តពីប្រជាជន សង្គមជាតិ និងការអភិវឌ្ឍវិស័យសុខាភិបា លកម្ពុជាឱ្យមានភាពរឹងមាំ និងចីរភាព»។

លោក សាស្តាចារ្យ រង បានអំពាវនាវដល់មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ចូល រួមស្តាប់ សិក្សា និងយកចំណេះដឹងពីការផ្សព្វផ្សាយនេះ ទៅអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាពអ្នកជំងឺ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រពិតប្រាកដ។

លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុម ប្រឹក្សាគណៈគ្រូពេទ្យជាតិបានគាំទ្រចំពោះមន្ទីរបេទ្យព្រះអង្គឌួងដែលបានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ត្រដោយ លោកសាស្ត្រាចារ្យចាត់ទុកការផ្សព្វផ្សាយនាពេលនេះពិតជាមានសារសំខាន់ណាស់សម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលរួមមានគ្រូពេទ្យ វេជ្ជបណ្ឌិត ឆ្មបនិងទន្តពេទ្យក្នុងការបង្កើនចំណេះដឹងបន្ថែមទៀតដើម្បីអនុវត្តវិជ្ជាជីវៈប្រចាំថ្ងៃប្រកបដោយសុវត្តិភាពធានាការទុកចិត្តពីអ្នកជំងឺ។

លោកសាស្ត្រាចារ្យបានមានប្រសាសន៍ថា បើ« ទោះបី​ជាបច្ចុប្បន្នគ្រូពេទ្យភាគច្រើនមាន​ចំណេះដឹង​ជំនាញ​និងបទពិសោធន៍ ប៉ុន្តែ​ក្នុងដំណើរការផ្តល់សេវាសុខាភិបាល​ជូន​ប្រជាពលរដ្ឋ​មានពេលខ្លះ​នៅមានការខ្វះខាត​នៅឡើយ ដែលទាមទារ​ឱ្យគ្រូពេទ្យមួយចំនួនតូច​ចាំបាច់​ត្រូវយល់ពីក្រមសីលធម៌ គ្រូពេទ្យនេះ​ឱ្យ​បាន​ច្បាស់លាស់​កុំ​ឱ្យ​មាន​កំហុសឆ្គងណាមួយ​ពេល​ផ្តល់​សេវា​ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនពេញចិត្តចំពោះការផ្តល់សេវារបស់យើង។ដូចនេះហើយបានជាគណៈគ្រូពេទ្យតែងតែរំលឹកដល់គ្រូពេទ្យឱ្យអនុវត្តស្របទៅតាមគោលការណ៍ក្រមសីលធម៌ដែលជាត្រីវិស័យក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងការបម្រើសេវាឬធ្វើអ្វីមួយជូនដល់អ្នកជំងឺចាប់តាំងពីការធ្វើរោគវិនិច្ឆ័យរហូតដល់ការព្យាបាល»។

លោកសាស្ត្រាចារ្យបានបន្ថែមថា«នៅពេលគ្រូពេទ្យបានយល់ដឹងច្បាស់លាស់ពីគោលការណ៍ក្រមសីលធម៌នេះធ្វើឱ្យការសម្រេចចិត្តការព្យាបាលបានត្រឹមត្រូវ និង​អាច​ដឹងពីការខ្វះចន្លោះខ្លួនឯងនិង​អាច​បំពេញការខ្វះចន្លោះនោះ​បានល្អប្រសើរដើម្បីបង្កើនជំនឿទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​មកលើសេវាសុខាភិបាលរបស់យើង»។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថាអ្នកប្រកបវិជ្ជាជីវៈបានរៀនពីសាលារួចហើយពីតួនាទីរបស់ពេទ្យដូចជាទី១ចំពោះខ្លួនឯងទី២ចំពោះវិជ្ជាជីវៈនិងទី៣ចំពោះសង្គមសហគមន៍។ ដូច​នេះ​គ្រូពេទ្យ​ត្រូវថែរក្សាកិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់វិជ្ជាជីវៈនេះ​ឱ្យ​បានល្អប្រសើរព្រោះថា អ្នកប្រកបវិជ្ជាជីវៈម្នាក់ៗមិនចង់ឃើញមានការរិះគន់ទៅលើគ្រូពេទ្យណាម្នាក់ឡើយព្រោះវាប៉ះពាល់ដល់វិជ្ជាជីវៈពេទ្យទាំងមូល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម