Connect with us

សេដ្ឋកិច្ច

សហគមន៍កសិកម្មទំនើបស្វាយចន្ទីភ្នំគូលែន​ គ្រោងពង្រីកខ្សែ​ច្រវាក់ផលិតកម្មឱ្យដល់​ការ​កែច្នៃ

បានផុស

នៅ

លោក ឃឹម ហ្វីណង់ ​អ្នកនាំពាក្យក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទ ​បានជួបពិភាក្សា​ជាមួយ​សមាជិកនៃ សហគមន៍​កសិកម្មទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីផែនការការអាជីវកម្មទំហំជិត៦០ ម៉ឺនដុល្លារ ​និងផែនការគ្រប់គ្រប់ ការតភ្ជាប់ទីផ្សារទុកជាមុន និងគម្រោងកម្ចីឥណ​ទាន​ដើមទុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃឹម ហ្វីណង់ ​ថ្លែងថា៖ «​សហគមន៍ដែលមានសមាជិកជាង១០០គ្រួសារ​នេះគ្រោងនឹង​ពង្រឹក​ខ្សែ​ច្រវាក់ផលិតកម្មស្វាយចន្ទីរបស់ខ្លួនឱ្យដល់ការកែច្នៃតែម្តង ដើម្បីទទួលបានតម្លៃ​បន្ថែម​ច្រើន​ពីដាំដុះស្វាយចន្ទីពូជប្រពៃណី ដែលច្រើនមាន​ទិន្នផលទាបតែមិនប្រើ​ប្រាស់សារជាតិ​គីមី​ឡើយ ​ហើយអាចនឹងមានភាពទាក់ទាញសម្រាប់អ្នកបរិភោគចុងក្រោយ។ ​ភ្ញៀវ​ទេសចរ​ដែល​ឡើង​មក​ទស្សនាផ្ទាល់នៅលើភ្នំគូលែនគឺជាអតិថិជនគោលដៅមួយដ៏សំខាន់»។

ឃុំខ្នងភ្នំនៃភ្នំគូលែន មានអ្នកដាំស្វាយចន្ទីប្រមាណ៨០០គ្រួសារ នៅលើផ្ទៃដី​ជាង​៣០០០ហិកតា ប៉ុន្តែភាគច្រើនមានទិន្នផលទាប ពូជប្រពៃណី ដាំខុសស្តង់ដាបច្ចេកទេស និង​ជាប្រភេទកសិកម្មយថាផល។

លោក ឃឹម ហ្វីណង់ ធ្លាប់លើកឡើងថា នៅទីនេះមានទាំង​បញ្ហាប្រឈម និងឱកាស ជាពិសេសសក្តានុពលពាក់ព័ន្ធ​នឹងវិស័យ​ទេសចរណ៍ ដែលអាចអនុញ្ញាតឱ្យបងប្អូនកសិករកែច្នៃរួចនាំចេញ​នៅនឹងកន្លែង។

​យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រមាណ ១ លានតោន កើនឡើង ២៧% គិតជាទឹកប្រាក់ ១,៥ ពាន់លានដុល្លារ។

កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទី​សរុប​ចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺន​ហិកតា (១៤៧ ៧០៣) ខេត្តក្រចេះជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម