Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ណែនាំឲ្យមានលេណដ្ឋានតាមសាលារៀន និងមន្ទីរពេទ្យ តាមព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​បាត់ដំបង ណែនាំ​ឲ្យ​មាន​លេណដ្ឋាន​តាម​សាលារៀន និង​មន្ទីរពេទ្យ ដែល​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​នេះ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង អាណត្តិ​ទី ៤ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ស្រុក​កំរៀង ក្រោម​អធិបតីភាព លោក យី សុងគីម ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ​ជុំវិញ​ស្រុក កងកម្លាំងប្រដាប់អាវុធ និង​សិស្សានុសិស្ស​យ៉ាង​ច្រើន​កុះករ កាលពី​ថ្មីៗ នេះ។

នៅ​អង្គ​ពិធី​នោះ លោកស្រី សោ សុខារី នាយិកា​សាលា​បឋមសិក្សា​លំផាត់ បាន​សំណូមពរ​ដល់​អង្គ​ពិធី ដែល​ធ្វើ​យ៉ាងណា​សុំ​ឲ្យ​មាន​លេណដ្ឋាន​គ្រប់​តាម​បណ្ដា​សាលារៀន និង​មន្ទីរពេទ្យ ស្ថិត​នៅ​ជាប់​តាម​បណ្ដោយ​ព្រំដែន​ថៃ ដោយ​យោង​ទៅ​លើ​សភាពការណ៍​ប្រទេស​កំពុង​មាន​សង្គ្រាម ដូច្នេះ​លេណដ្ឋាន​ជា​ការ​ចាំបាច់​បំផុត​សម្រាប់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​គ្រូពេទ្យ ជាដើម។

ជា​ការ​ឆ្លើយតប លោក យី សុងគីម លើក​ឡើង​ថា ដោយ​យោង​ទៅ​លើ​ការ​ណែនាំ​របស់​លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង ដែល​លោក​ទទួល​បាន​បទបញ្ជា​ពី​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​បង្កើត​ឲ្យ​មាន​លេណដ្ឋាន​នៅ​តាម​បណ្ដា​សាលារៀន និង​មន្ទីរពេទ្យ ស្ថិត​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ។

លោក​ប្រធាន​មន្ទីរអប់រំ បាន​បន្ថែម​ថា នេះ​គឺជា​ការ​សាកល្បង​ចាំបាច់​ត្រូវ​ឲ្យ​មាន​លេណដ្ឋាន​តាម​បណ្ដា​សាលារៀន និង​មន្ទីរពេទ្យ ក្នុង​ស្រុក​ចំនួន ៥ ដែល​ធ្លាប់​រងគ្រោះ​ដោយ​ទាហាន​សៀម​បាញ់​ផ្លោង និង​ប្រើ​យន្តហោះ​ទំនាក់​គ្រាប់បែក ក្នុង​នោះ​មាន​ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក ស្រុក​កំរៀង ស្រុក​សំឡូត និង​ស្រុក​បាណន់។

លោក​ក៏បាន​បន្ត​ថា ការ​សាកល្បង​ជំហាន​ដំបូង ត្រូវ​ធ្វើ​នៅ​ក្នុង​វិទ្យាល័យ​តេ​ជោ ហ៊ុន សែន សំពៅ​លូន អនុវិទ្យាល័យ និង​បឋមសិក្សា​កូនភ្នំ ៣២ ក្នុង​ស្រុក​សំពៅ​លូន វិទ្យាល័យ ពេជ្រ ចិន្ដា ក្នុង​ស្រុក​ភ្នំព្រឹក វិទ្យាល័យ​កំរៀង ក្នុង​ស្រុក​កំរៀង វិទ្យាល័យ​សំឡូត ក្នុង​ស្រុក​សំឡូត អនុវិទ្យាល័យ​សម្ដេចឪ សម្ដេចម៉ែ និង​វិទ្យាល័យ ហ៊ុន សែន ភ្នំ​សំពៅ ស្ថិត​ក្នុង​ស្រុក​បាណន់ រួម​ជាមួយ​នឹង​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក មួយ​ចំនួន​ទៀត ស្ថិត​ក្នុង​ស្រុក​ទាំង ៥ នេះ។ ក្នុង​ន័យ​នេះ មិនមែន​ជា​ការ​បំភ័យ​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ គ្រាន់តែ​ជា​ការ​ណែនាំ និង​ហ្វឹកហាត់​ដល់​សិស្សានុសិស្ស​ឲ្យ​យល់ដឹង​នៅ​ពេល​មាន​សង្គ្រាម ឬ​ការ​ទម្លាក់​គ្រាប់បែក គ្រាប់​ផ្លោង ជាដើម។

លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ក៏បាន​សង្កត់​ធ្ងន់​ថា កន្លងមក គ្រឹះស្ថានសិក្សា​ដែល​ត្រូវ​បាន​បិទ​ផ្អាក​មួយ​រយៈ គឺ​មាន​ចំនួន ២៤៥ គ្រឹះស្ថាន ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​កងទ័ព​សៀម។ ដូច្នេះ​តទៅ​មុខ ចាំបាច់​ត្រូវ​មាន​លេណដ្ឋាន​ឲ្យ​បាន​គ្រប់​សាលារៀន និង​មន្ទីរពេទ្យ​ទាំងអស់ ដែល​ជាប់​នឹង​ព្រំដែន​ថៃ ដោយ​មិន​ចំពោះ​តែ​វិទ្យាល័យ និង​អនុវិទ្យាល័យ នោះ​ទេ គឺ បឋមសិក្សា ក៏​ត្រូវ​តែ​មាន​ដែរ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម