Connect with us

ព័ត៌មានជាតិ

ទំនប់ស្ទាក់ទឹកសាលាតាអន​ ​ពលរដ្ឋ​នេសាទ​ចាប់ត្រី​មួយថ្ងៃ​រក​ចំណូល​មិន​ក្រោម ២០ ម៉ឺន​រៀល​

បានផុស

នៅ

ទំនប់ស្ទាក់ទឹកសាលាតាអន ក្នុងស្រុកឯកភ្នំ បានក្លាយជាប្រភពរកប្រាក់ចំណូល​សម្រាប់​ប្រជាពលរដ្ឋ តាមរយះការនេសាទដែល​​មួយថ្ងៃ​បាន​ចន្លោះពី ២០ ទៅ ៣០ មុឺនរៀល។

លោក វ័ន រីណា ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកឯកភ្នំ ខេត្ត​បាត់ដំបង​បានឲ្យដឹងថា មួ​យ​រយៈចុងក្រោយនេះ​ត្រីចាប់ផ្តើមកើនឡើងច្រើន​នៅ​ទំនប់ស្ទាក់ទឹកសាលាតាអន ដែល​លោកអះអាងថា មួយថ្ងៃ​លោក​អាច​បង់សំណាញ់​ចាប់ត្រី​រកចំណូលបានចន្លោះពី ២០ ទៅ ៣០ មុឺនរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកលោក សាន់ ម៉ាត់ ក៏បានអះអាងប្រហាក់ប្រហែលគ្នាថា ការ​រកចំណូល​បានច្រើន​ជំរុញចិត្តលោកបង់សំណាញ់ស្ទើរមិនចង់សម្រាកនៅក្នុងរដូវកាលនេះ។លោកថា ចំនួនត្រីកើនច្រើនបែបនេះ លោកសង្កេតឃើញក្នុងរយះពេល ៣ ឆ្នាំចុងក្រោយនេះ ស្របពេលការរឹតបន្តឹង​លើ​បទល្មើសនេសាទបានល្អប្រសើជាងគ្រាមុន។

អ្នកស្រី ចរិយា រស់នៅក្នុងស្រុកឯកភ្នំក៏​សម្តែងការសប្បាយចិត្ត តាមរយៈ​ចំណូលបានពី​របរនេសាទ ហើយ​មិន​ហត់​នឿយ​ក្នុងការលក់ដូរនោះទេ។

អ្នកស្រី សុខ ធីណា រស់នៅក្នុងក្រុងបាត់ដំបងបានប្រាប់​ថា​ ប្តីអ្នកស្រីបានបង់ត្រីបានច្រើននៅ​ទំនប់ស្ទាក់ទឹកសាលា​តាអន ដែល​ក្នុង​មួយថ្ងៃៗអ្នកស្រីលក់ត្រីបាន​រកចំណូលមិនក្រោម​ ២០មុឺនរៀល ដើម្បីផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន និងទ្រទ្រង់ជីវភាពប្រចាំថ្ងៃ​។

លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង​បានឲ្យដឹងថា ឆ្នាំនេះត្រីឡើងមកទំនប់ច្រើនជាងឆ្នាំកន្លងទៅ ដោយសារតែការទប់ស្កាត់បទល្មើសបានច្រើន ជាពិសេសបង្ក្រាបទៅលើជនល្មើសដែលប្រើឧបករណ៍ច្បាប់ហាមប្រាម ទើបត្រីតូចៗបានកើនឡើងច្រើន ជាឱកាសដល់ប្រជាពលរដ្ឋដែលនិយមនេសាទតាមបែបប្រពៃណីមានឱកាសរកទទួល​ទានប្រចាំថ្ងៃដោយសម្បូរបែប។

លោកថា ត្រីចាប់ផ្តើមកើនឡើងក្នុងរយះពេល ៣ ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាអ្នកនេសាទជាលក្ខណះគ្រួសារបានធូរស្រាលជាងមុន ហើយថ្ងៃខាងមុខត្រីប្រភេទតូចៗនឹងកើនឡើងបន្តទៀត សម្រាប់ផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតំបន់ក្បែរនោះ កាន់តែប្រសើឡើងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយះការលុប​បំបាត់បទល្មើសនេសាទជាទ្រង់ទ្រាយធំ៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម