ព័ត៌មានជាតិ
លោក ទៀ សីហា ណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការងារសន្តិសុខ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ក្នុងខេត្តសៀមរាប
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីទូទាំងខេត្តសៀមរាប ត្រូវបង្កើនការយកចិត្តទុកដាក់លើកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមឱ្យកាន់តែរឹងមាំ ជាពិសេស ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងល្បែងអនឡាញ ក្នុងខេត្តសៀមរាប។

ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាព និងជំនាញបច្ចេកទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសបច្ចេកវិទ្យា ដែលកំពុងមានការវិវត្តស្មុគស្មាញ។ ចំពោះការអនុវត្តច្បាប់ចរាចរណ៍ និងការជួញដូរមនុស្ស ក៏ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងទប់ស្កាត់រាល់ទម្រង់នៃការជួញដូរមនុស្ស។ ជាពិសេស ជំរុញការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ និងពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីបង្កើននូវកម្លាំងប្រមូលផ្ដុំ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។
សូមជម្រាបថា ការណែនាំរបស់ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ក្នុងនោះ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គ រហូតសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទាំងលើការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវាសាធារណៈ និងការរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋពេញមួយឆ្នាំកន្លងទៅ។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបង្ហាញថា ក្នុងឆ្នាំ២០២៥កន្លងទៅ កម្លាំងសមត្ថកិច្ចក្នុងខេត្ត បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទាំងស្រុង ដែលកើតឡើង ១៧៧លើក ឃាត់ខ្លួនជនសង្ស័យចំនួន ២៥៩នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋ ២៤លើក និងបទល្មើសមជ្ឃឹម ១៥៣លើក។ បទល្មើសជួញដូរគ្រឿងញៀន កើតឡើង ៣៥៤លើក បង្ក្រាបក្មេងទំនើងបាន ៣៩លើក៕
ដោយ៖ គឿនវេត




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


