Connect with us

ព័ត៌មានជាតិ

អ្នកលក់ដូរភេសជ្ជៈ ម្ហូបអាហារតាមដងផ្លូវ ទទួលបានឱកាសបណ្តុះបណ្តាលពង្រឹងសេវាកម្មនិងអនាម័យ

បានផុស

នៅ

មន្ទីរទេសចរណ៍ខេត្តរតនគិរី និងអង្គការស្វីសខន់ថាក់ (Swisscontact) បានសហការគ្នាបន្តផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកលក់ដូរភេសជ្ជៈ និងម្ហូបអាហារតាមដងផ្លូវ ដើម្បីពង្រឹងសេវាកម្ម និងអនាម័យឱ្យកាន់តែល្អប្រសើរ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅទីតាំង មន្ទីរទេសចរណ៍ខេត្តរតនគិរី ចាប់ពីថ្ងៃទី ០២-០៧ ខែ កុម្ភៈ ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានប្រាប់កម្ពុជាថ្មីថា វគ្គបណ្តុះបណ្តាលនេះគឺផ្តោតទៅលើប្រតិបត្តិករទេសចរណ៍ ហើយក៏ជាការបណ្តុះបណ្តាលផ្នែកចំណេះដឹង និងបំនិនជីវិតដែលពាក់ព័ន្ធទៅនិង ការប្រកបអាជីវកម្មដើម្បីឱ្យគាត់ផ្តល់សេវាកម្ម និងអនាម័យកាន់តែល្អប្រសើរ។ លោកបន្តថា៖«ព្រោះ ម្ចាស់អាជីវកម្មលក់ដូររាល់ថ្ងៃ ដូច្នេះសារៈសំខាន់វគ្គបណ្តុះបណ្តាលនេះ នឹងជួយឲ្យគាត់ដឹងពីចំណុចមួយចំនួនដែលគាត់មិនបានដឹងទាំងផ្នែកទ្រឹស្តីនិងផ្នែកអនុវត្តផ្ទាល់តែម្តង រួមបញ្ចូលទាំងផ្នែកបដិសណ្ឋារកិច្ចផងដែរ»។

លោកបញ្ជាក់ថា គោលបំណងរបស់មន្ទីរទេសចរណ៍ គឺពង្រឹងសមត្ថភាព ផ្នែកម្ហូបអាហារនិងភេសជ្ជៈជូនដល់ប្រតិបត្តិករ ដែលបានកំពុងអនុវត្តជារៀងរាល់ថ្ងៃជាមួយអាជីវកម្មរបស់គាត់ ហើយលោកសង្ឃឹមដែរថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងជំនាញបន្ថែមយកទៅពង្រឹងអាជីវកម្មរបស់ខ្លួន។

រូបលំនាំ៖ សិក្ខាកាមទទួលបានការបណ្តុះបណ្តាលកន្លងមក

អ្នកស្រី គង់ នីវ៉ា អ្នកសម្របសម្រួលអង្គការស្វីសខន់ថាក់ មានប្រសាសន៍ថា សម្រាប់វគ្គបណ្តុះបណ្តាលលើកនេះប្លែកជាងមុនៗ ពីព្រោះមានគ្រូបង្គោលក្នុងខេត្ត និងក្រៅខេត្ត មកចែករំលែក បង្ហាត់បង្រៀន ចំណេះដឹងទៅដល់សិក្ខាកាម ។ អ្នកស្រី ក៏រំពឹងថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវជំនាញ ចំណេះដឹង អាកប្បកិរយាឥរិយាបថល្អ ប្រកបដោយវិជ្ជាជីវៈ ក្នុងផ្នែកបម្រើសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ។

បើតាមអ្នកស្រី គង់ នីវ៉ា ក្រោយពេលបញ្ចប់វគ្គសិក្សាពួកគាត់នឹងទទួលបានការវាយតម្លៃបញ្ជាក់ពីសមត្ថភាព ចំណេះដឹង និងជំនាញ ពីគ្រូបង្គោលដែលអញ្ជើញមកពីខេត្តព្រះវិហារ និងខេត្តក្រចេះ ព្រមទាំងផ្តល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពផងដែរ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម