ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ីរ៉ង់៖ «អ៊ីរ៉ង់មិនមែនចំណីដែលងាយលេបទេ» ស្វាគមន៍ទាំងចំណាត់ការការទូត និងសង្គ្រាម
ក្នុងឯកសណ្ឋានយោធាដើម្បីបញ្ជាក់ពីជំហរការពារជាតិ លោក Ali Shamkhani ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាការពារជាតិកំពូលរបស់អ៊ីរ៉ង់ ចេញមុខមកពន្យល់យ៉ាងច្បាស់អំពីផែនការសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេស និងជំហរការពារជាតិយ៉ាងមុតមាំប្រឆាំងនឹងសហរដ្ឋអាមេរិក។

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Al Mayadeen ហើយត្រូវយកចុះផ្សាយបន្តដោយ Mehr News នាថ្ងៃទី៣កុម្ភៈ២០២៦ លោក Shamkhani បានបដិសេធសំណើក្នុងការផ្លាស់ប្តូរសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចទៅក្រៅប្រទេស ហើយបានបញ្ជាក់ថា ខណៈពេលដែលអ៊ីរ៉ង់ត្រៀមខ្លួនសម្រាប់សង្គ្រាមដែល«ជៀសមិនរួច» ច្រកចេញខាងនយោបាយនៅតែមាន បើសហរដ្ឋអាមេរិកយល់ព្រមចរចាក្នុងឋានៈស្មើគ្នា។
មន្ត្រីយោធាជាន់ខ្ពស់រូបនេះ បានបញ្ជាក់ច្បាស់ពីគោលបំណងយុទ្ធសាស្ត្រនៅពីក្រោយការចម្រាញ់អ៊ុយរ៉ាញ៉ូមកម្រិត ៦០% របស់អ៊ីរ៉ង់ ដោយពិពណ៌នាថា វាជាឧបករណ៍មុខពីរ៖ ជាខែលការពារប្រឆាំងនឹង «ការឃុបឃិតរបស់សត្រូវ» និងជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងកិច្ចការការទូត។ លោក Shamkhani បានលើកឡើងថា កម្រិតនៃការចម្រាញ់អាចត្រូវបានកាត់បន្ថយមកត្រឹម ២០% បើការព្រួយបារម្ភរបស់លោកខាងលិចត្រូវបានដោះស្រាយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា «ភាគីម្ខាងទៀតត្រូវតែផ្តល់អ្វីមកវិញ» សម្រាប់ការសម្បទានបែបនេះ។
លោកក៏បានទម្លាយនូវចំណុចសំខាន់មួយទាក់ទងនឹងស្តុកទុករបស់អ៊ីរ៉ង់ ដោយកត់សម្គាល់ថា ផ្នែកខ្លះនៃសារធាតុទាំងនោះនៅជាប់ «ក្រោមគំនរបាក់បែក» ពីព្រឹត្តិការណ៍វាយប្រហារមុនៗ ដែលធ្វើឲ្យការប៉ាន់ប្រមាណបរិមាណជាក់លាក់មានការលំបាក ដោយសារគ្រោះថ្នាក់ខ្លាំងក្នុងការយកវាចេញមកក្រៅ។

លើវិស័យការទូត លោក Shamkhani បានផ្តល់សញ្ញានៃការផ្លាស់ប្តូរដ៏សំខាន់មួយ ដោយបង្ហាញពីការត្រៀមខ្លួនសម្រាប់កិច្ចចរចាទ្វេភាគីដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកតែមួយគត់។ លោកបានរិះគន់យ៉ាងខ្លាំងដល់មហាអំណាចអឺរ៉ុប ដោយអះអាងថា ពួកគេគ្មានបានការទេ ចាប់តាំងពីការដកខ្លួនរបស់អាមេរិកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ២០១៨។ លោក Shamkhani បានកំណត់លក្ខខណ្ឌថា រាល់កិច្ចសន្ទនាត្រូវតែមានកម្រិតត្រឹមតែសំណុំរឿងនុយក្លេអ៊ែរប៉ុណ្ណោះ ហើយត្រូវធ្វើឡើងឲ្យឆ្ងាយពី «ការគំរាមកំហែង និងការបង្ខិតបង្ខំ»។ ខណៈពេលដែលការចរចាដោយប្រយោលនឹងត្រូវធ្វើឡើងជាមុន លោកបានកត់សម្គាល់ថា ជំនួបដោយផ្ទាល់អាចនឹងកើតមានឡើងក្នុងទឹកដីអព្យាក្រឹត ដូចជាប្រទេសតួកគី បើការយល់ដឹងគ្នាទៅវិញទៅមកត្រូវបានបង្កើតឡើង។
បទសម្ភាសន៍បានបញ្ចប់ដោយការព្រមានយ៉ាងធ្ងន់ធ្ងរដល់សត្រូវដែលស្វែងរកការ «លេបត្របាក់អ៊ីរ៉ង់»។ លោក Shamkhani បានបញ្ជាក់ថា ប្រទេសនេះគឺជា «ចំណីដែលនឹងត្រូវស្លាក់នៅក្នុងបំពង់ករបស់ពួកគេ» ដោយចង្អុលបង្ហាញពីវិធានការបរាជ័យជាច្រើនទសវត្សរ៍ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។ ដ្បិតមានការត្រៀមខ្លួនខាងយោធាតាមរយៈការស្លៀកពាក់ឯកសណ្ឋានក៏ដោយ លោក Shamkhani បានរក្សាជំហរថា អ៊ីរ៉ង់មិនស្វែងរកការបង្កជម្លោះនោះឡើយ ប៉ុន្តែបានព្រមានថា លោកខាងលិចត្រូវតែបោះបង់ចោល «ការទាមទារដែលមិនសមហេតុផល» បើចង់សម្រេចបាននូវដំណោះស្រាយប្រកបដោយសន្តិភាព៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


