ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ីរ៉ង់ ចេញមុខប្រកាស ត្រៀមរួចរាល់អស់ហើយ ក្នុងការប្រយុទ្ធជាមួយសត្រូវ
ឆ្លើយតបទៅការគំរាមឥតឈប់ឈរពីអាមេរិក ពេលនេះមេទ័ពអ៊ីរ៉ង់ បានចេញមុខប្រកាសថា ខ្លួនត្រៀមរួចរាល់អស់ហើយ ក្នុងការប្រយុទ្ធជាមួយសត្រូវ។

តាមការផ្សាយរបស់ Roya News នៅថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០២៦ លោកមេទ័ព Abdolrahim Mousavi បានប្រកាសថា «សាធារណរដ្ឋឥស្លាមមួយនេះ ត្រៀមខ្លួនរួចរាល់គ្រប់បែបយ៉ាង សម្រាប់សកម្មភាពណាមួយរបស់សត្រូវ។ យើងបានផ្លាស់ប្តូរគោលលទ្ធិយោធារបស់យើងពីការការពារ មកជាការវាយលុកវិញ និងបានដាក់ចេញនូវគោលនយោបាយសង្គ្រាមបែបអស៊ីមេទ្រី ហើយយើងក៏បានពង្រឹងសមត្ថភាពទប់ស្កាត់ ដោយធ្វើទំនើបកម្មមីស៊ីលបាលិស្ទីកលើគ្រប់ផ្នែកផងដែរ»។
ការប្រកាសរបស់លោក Mousavi កើតឡើងបន្ទាប់ពីប្រមុខសេតវិមាន Donald Trump បោះសម្តីថា មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei គួរតែបារម្ភ ចំពោះការវាយប្រហារយោធា ប្រសិនបើកិច្ចព្រមព្រៀងមួយ មិនបានសម្រេចជាមួយអាមេរិកទេនោះ។
នៅពេលសួរថាតើ មេដឹកនាំកំពូលអ៊ីរ៉ង់ គួរតែបារម្ភពីការគំរាមកំហែងធ្វើសកម្មភាពយោធារបស់អាមេរិកដែរឬទេ លោក Trump បានប្រាប់សារព័ត៌មាន NBC News ថា៖ «មែនហើយ ខ្ញុំចង់និយាយថា គាត់គួរតែបារម្ភឲ្យមែនទែនទៅ»។

អាមេរិកនិងអ៊ីរ៉ង់ បានបញ្ឆេះសង្គ្រាមពាក្យសម្តីជាមួយគ្នាកាន់តែខ្លាំងឡើងៗ ដោយមានការនិយាយឌឺដងនិងគំរាមគ្នាទៅវិញទៅមកឥតល្ហែ។ ជាក់ស្តែងដូចជាកាលពីដើមសប្តាហ៍នេះអ៊ីចឹង ដែលលោក Trump ព្រមានថា ទីក្រុងតេហេរ៉ង់នឹងជួបរឿងអាក្រក់ បើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងទេនោះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទទី២ខែកុម្ភៈឆ្នាំ២០២៦, ប្រធានាធិបតីអាមេរិក បានបង្ហើបពីភាពមហន្តរាយ ដោយលោកនិយាយថា៖ «ឥឡូវ យើងមាននាវាចម្បាំងជាច្រើនកំពុងឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលសុទ្ធសឹងជានាវាធំៗ ធំបំផុតនិងល្អបំផុតទៀត ហើយយើងក៏កំពុងមានការចរចាជាមួយអ៊ីរ៉ង់ផងដែរ។ យើងនឹងចាំមើលថាតើវាវិវឌ្ឍទៅជាយ៉ាងណា»។

លោកបន្ថែមថា «យ៉ាងណានៅពេលនេះ យើងកំពុងជជែកជាមួយពួកគេ។ យើងកំពុងជជែកជាមួយអ៊ីរ៉ង់ ហើយប្រសិនបើយើងអាចរកដំណោះស្រាយរួមគ្នាបាន នោះវានឹងជារឿងដ៏អស្ចារ្យ ប៉ុន្តែប្រសិនបើយើងធ្វើមិនបានទេ រឿងអាក្រក់ៗប្រហែលជានឹងកើតឡើងហើយ»។
ទោះបែបនេះ អ៊ីរ៉ង់មិនញញើតឡើយ ហើយថែមទាំងគំរាមតបទៅវិញថែមទៀតផងថា ឲ្យតែអាមេរិកហ៊ានវាយប្រហារខ្លួនមែន នោះសង្គ្រាមក្នុងតំបន់នឹងផ្ទុះឡើងភ្លាមជាក់ជាមិនខានឡើយ។
មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ព្រមានថា៖ «អាមេរិកគួរតែដឹងហើយ បើពួកគេចាប់ផ្តើមសង្គ្រាមនោះ ពេលនេះនឹងក្លាយជាសង្គ្រាមក្នុងតំបន់តែម្តង។ លោក ត្រាំ តែងនិយាយថា លោកនាំយកនាវាចម្បាំងមក តែទោះយ៉ាងណា ប្រជាជាតិអ៊ីរ៉ង់នឹងមិនមានការភ័យខ្លាចចំពោះរឿងទាំងនេះឡើយ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


