Connect with us

ព័ត៌មានអន្ដរជាតិ

តាមពិត អាមេរិក ប៊ិះបរាជ័យទៅហើយ ក្នុងការវាយប្រហារអ៊ីរ៉ង់ ឆ្នាំមុន

បានផុស

នៅ

ដ្បិតតែអាមេរិកគំរាមអ៊ីរ៉ង់ហើយគំរាមទៀតនិងបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទៅតំបន់មជ្ឈិមបូព៌ារួចហើយក្តី ប៉ុន្តែនៅតែមានភាពមិនច្បាស់លាស់ថាតើមេដឹកនាំសេតវិមាន ដូណាល់ ត្រាំ នឹងបញ្ជាឲ្យបើកការវាយប្រហារឬក៏អត់?

ប្រតិបត្តិការ Night Hammer (រូបភាព៖ MAXAR)

បើសិនអាមេរិកវាយប្រហារអ៊ីរ៉ង់មែន នោះមជ្ឈិមបូព៌ាច្បាស់ជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម ដែលមិនងាយនឹងពន្លត់ ថែមទាំងបង្កហានិភ័យរីករាលដាលដល់តំបន់ផ្សេងទៀតផង។

យ៉ាងណា ជុំវិញរឿងរ៉ាវជាមួយអ៊ីរ៉ង់នេះ ធ្វើឲ្យគេនឹកឃើញដល់ប្រតិបត្តិការ Night Hammer កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ ដែលអាមេរិក បានបង្កភាពភ្ញាក់ផ្អើលទូទាំងពិភពលោក។

កាលនោះ អាមេរិកប្រើប្រាស់នាវាចម្បាំងជាច្រើនគ្រឿង ព្រមទាំងយន្តហោះយោធា ១២៥ គ្រឿងរួមទាំង B-2 និង F-35A ផងដែរ ដើម្បីទម្លាក់គ្រាប់បែក GBU-57 ចំនួន ១៤ គ្រាប់ និងបាញ់មីស៊ីល Tomahawk ប្រហែល ៣០ គ្រាប់ សំដៅទៅលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅ Fordow, Natanz និង Isfahan។

យន្តហោះទម្លាក់គ្រាប់បែក B2 (រូបថត៖ Reuters)

យ៉ាងណា តាមការផ្សាយរបស់ VN Express កាលពីថ្ងៃពុធទី៤ខែកុម្ភៈឆ្នាំ២០២៦ ដ្បិតត្រូវបានចាត់ទុកថាជាជោគជ័យផ្នែកបច្ចេកទេស និងចារកម្មក៏ដោយ ប៉ុន្តែមន្ត្រីយោធាអាមេរិកបានទម្លាយថាមានបញ្ហាសំខាន់ៗ ដែលសឹងតែធ្វើឲ្យយុទ្ធនាការនោះបរាជ័យ។

នោះគឺការដាច់ទំនាក់ទំនង! ប្រព័ន្ធបញ្ជាការនិងបណ្តាញទំនាក់ទំនងស្រាប់តែមានបញ្ហាក្នុងការបញ្ជូនព័ត៌មានសំខាន់ៗ និងបទបញ្ជាពីមេបញ្ជាការទៅកាន់អ្នកបើកបរយន្តហោះក្នុងពេលប្រតិបត្តិការនោះ។

ក្នុងសិក្ខាសាលាមួយដែលរៀបចំដោយវិទ្យាស្ថាន Mitchell សម្រាប់ការសិក្សាលំហអាកាសនៅរដ្ឋ Virginia កាលពីសប្តាហ៍មុន ឧត្តមសេនីយ៍ Jason Armagost មេបញ្ជាការរងនៃបញ្ជាការដ្ឋានវាយប្រហារសកល នៃកងទ័ពអាកាសអាមេរិក (AFGSC) កត់សម្គាល់ថា យោធាអាមេរិកនៅតែមានចំណុចជាច្រើនដែលត្រូវកែលម្អបន្ថែមទៀត។

ឧត្តមសេនីយ៍ Jason Armagost (រូបថត៖ Reuters)

លោកអះអាងថា កងទ័ពអាកាសអាមេរិក ចាំបាច់ត្រូវធានាថា ប្រព័ន្ធបញ្ជាការនិងត្រួតពិនិត្យ ព្រមទាំងបណ្តាញទំនាក់ទំនងរបស់ខ្លួន អាចបញ្ជូនព័ត៌មានសំខាន់ៗ រួមទាំងបទបញ្ជាគន្លឹះៗ និងការធ្វើបច្ចុប្បន្នភាពស្ថានភាពប្រយុទ្ធ ទៅកាន់យន្តហោះ និងពីយន្តហោះមកវិញ ជាមួយនឹងកម្រិតសន្តិសុខខ្ពស់បំផុត។ ប្រសិនបើកម្លាំងវាយប្រហារមិនអាចទាក់ទងដើម្បីរាយការណ៍ពីស្ថានភាពរបស់ខ្លួន និងទទួលបទបញ្ជាធ្វើសកម្មភាពពីមេបញ្ជាការបានទេ នោះគឺជាកំហុសរបស់យើងទាំងអស់គ្នា ឯគោលដៅក៏មិនអាចវាយប្រហារត្រូវដែរ។

ក្រោយបញ្ហានេះ យោធាអាមេរិកកំពុងដកពិសោធន៍ពីកំហុសបច្ចេកទេសទំនាក់ទំនង ក្នុងយុទ្ធនាការឆ្នាំមុន ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រឈមមុខដាក់គ្នាថ្មីជាមួយអ៊ីរ៉ង់ ដែលអាចនឹងកើតឡើង ប្រសិនបើការចរចានៅអូម៉ង់មិនទទួលបានជោគជ័យ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម