Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ទទួលមេដឹកនាំឡាវ និងវៀតណាម នៅរាជវាំង គឺធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញកំណត់

បានផុស

នៅ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា អះអាងពីការភាពស្របច្បាប់នៃតួនាទីរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំកំពូលឡាវ និងវៀតណាម នៅព្រះបរមរាជវាំង ជំនួសព្រះករុណាព្រះមហាក្សត្រកម្ពុជា។ លោក ថា តួនាទីរបស់សម្ដេចតេជោ គឺធ្វើឡើងតាមរដ្ឋធម្មនុញ្ញកំណត់ ដោយមិនមែនជាការរំលោភអំណាចរាជបល្ល័ង្កឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃអាទិត្យនេះ លោក សួស យ៉ារ៉ា បានពន្យល់អំពីសិទ្ធិអំណាចរបស់អង្គព្រះមហាក្សត្រនៃកម្ពុជា ដែលក្នុងនោះលោក ក៏បានគូសបញ្ជាក់ដោយយោងតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា អំពីករណីកិច្ចក្នុងការកំណត់ភារកិច្ចប្រមុខរដ្ឋស្ដីទី ក្នុងពេលព្រះករុណាព្រះមហាក្សត្រអវត្តមាន ពុំអាចបំពេញព្រះរាជកិច្ចបាន។

យោងមាត្រា១១ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈ ជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួន នោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ច ជាប្រមុខរដ្ឋ ជំនួសព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ។ ក្នុងន័យនេះ លោក សួស យ៉ារ៉ា បានពន្យល់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងនាមជាប្រមុខរដ្ឋស្ដីទី ត្រូវមានភារទទួលបណ្ដាប្រមុខរដ្ឋនៃប្រទេសដទៃទៀត ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលអវត្តមានព្រះករុណាព្រះមហាក្សត្រ ហើយកម្មវិធីបដិសណ្ឋារកិច្ចនោះ គឺត្រូវតែរៀបចំឡើងនៅឯព្រះបរមរាជវាំង។

ការបកស្រាយរបស់លោក សួស យ៉ារ៉ា គឺជាការឆ្លើយតបទៅកាន់មតិរិះគន់មួយចំនួនដែលបានលើកឡើងពីការមិនពេញចិត្តចំពោះការបំពេញតួនាទីរបស់សម្ដេចតេជោ ហ៊ុន សែន នៅពេលថ្មីៗនេះ ពោលគឺក្នុងពេលដែលសម្ដេចតេជោ បានអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រកម្ពុជាទទួលបដិសណ្ឋារកិច្ចចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក៏ដូចជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលោក ថងលុន ស៊ីសុលីត ប្រមុខរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ដែលត្រូវបានរៀបចំឡើងនៅក្នុងព្រះបរមរាជវាំង។

តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា លោក តូ ឡឹម និងលោក ថងលុន ស៊ីសុលីត បានអញ្ជើញមកដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមកម្មវិធីគ្រោងទុក ព្រះមហាក្សត្រ ត្រូវទទួលបដិសណ្ឋារកិច្ច និងមានជំនួបសវនការជាមួយមេដឹកនាំទាំងពីរនេះ ក៏ប៉ុន្តែដោយព្រះករុណាទ្រង់ប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបានក៏ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន បំពេញភារកិច្ចនេះជំនួសព្រះអង្គ៕  

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម