Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តស្វាយរៀង បន្តចុះសម្របសម្រួលបើកប្រាក់ឈ្នួលកម្មករសំណង់សាងសង់អគារ ហ័រ ឆឹង

បានផុស

នៅ

ក្នុងកាយវិការប្រកបដោយមេត្តាធម៌ និងស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខទុក្ខ របស់កម្មករនិយោជិត នឹងដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក្រុមការងារចម្រុះដឹកនាំដោយលោក ម៉ែន អេង អភិបាលរង បានចុះអន្តរាគមន៍ដោះស្រាយវិវាទការងារនៅការដ្ឋានសំណង់អគារ ហ័រ ឆឹង ដែលសាងសង់ដោយក្រុមហ៊ុនវិស្វកម្មសំណង់ SHUANG ZHOU ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអន្តរាគមន៍នេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីសម្របសម្រួលបើកប្រាក់ឈ្នួលជូនកម្មករដែលកំពុងជួបការលំបាក បន្ទាប់ពីមានការជាប់គាំង ដោយសារអ្នកម៉ៅការសំណង់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅប្រទេសកំណើតវិញ។ កិច្ចប្រជុំដោះស្រាយនេះ មានការចូលរួមពី លោក លឹម សៀងហេង អភិបាលក្រុងបាវិត លោក ដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត លោក នួន សំបូរ ប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ និងមន្ត្រីពាក់ព័ន្ធ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសចុះដឹកនាំបញ្ជាផ្ទាល់ដល់ទីតាំងការដ្ឋាន លោកអភិបាលរងខេត្តស្វាយរៀង បានថ្លែង យ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីពាក់ព័ន្ធថា «យើងមិនអាចទុកឱ្យបងប្អូនកម្មករដាច់បាយ ឬជួបការលំបាក ដោយសារកំហុសរបស់អ្នកម៉ៅការនោះឡើយ។ ទោះបីបុគ្គលនោះត្រូវទទួលទោសចំពោះមុខច្បាប់ ប៉ុន្តែសិទ្ធិ ទទួលបានប្រាក់ឈ្នួលរបស់កម្មករត្រូវតែមកមុនគេ ហើយបញ្ហាក្រពះរបស់បងប្អូនគឺជាអាទិភាពទីមួយ»។ លោកបន្តថា ការសម្របសម្រួលបើកប្រាក់ឈ្នួលនៅថ្ងៃនេះ គឺជាការបង្ហាញថារដ្ឋបាលខេត្ត តែងតែឈរនៅក្បែរបងប្អូន គ្រប់កាលៈទេសៈដើម្បីធានាថាគ្មានកម្មករណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។ ជាពិសេស ក្នុងស្ថានភាពអាសន្នដែល កម្មករកំពុងជួបការលំបាកផ្នែកជីវភាព និងការហូបចុកប្រចាំថ្ងៃ។

លោកអភិបាលរងខេត្ត បានសម្រេចដាក់ចេញនូវវិធានការដោះស្រាយវះកាត់មួយ គឺការសម្របសម្រួលបើកប្រាក់ឈ្នួលតាមរយៈការធ្វើបញ្ជីឡៃឡុងលក់សម្ភារៈសំណង់ដែលនៅសេសសល់ក្នុងទីតាំងការដ្ឋាន។ ថវិកាដែលទទួលបានពីការលក់សម្ភារៈទាំងនេះ ត្រូវបានចាត់ចែងជាអាទិភាពខ្ពស់បំផុត ដើម្បីបែងចែកជូនកម្មករដែលកំពុងស្នាក់នៅរង់ចាំដំណោះស្រាយ ក្នុងបំណងសម្រាលទុក្ខលំបាកចំពោះមុខ និងដោះស្រាយបញ្ហាក្រពះជាបន្ទាន់។

ក្នុងកិច្ចប្រជុំ ជាមួយកម្មករនិយោជិត លោកអភិបាលរងខេត្តស្វាយរៀង បានសង្កត់ធ្ងន់ថា «បងប្អូនទាំងអស់គ្នា គឺជាកម្លាំងយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តរបស់យើង។ ទោះបីជាពេលនេះអ្នកម៉ៅការត្រូវបានចាប់ខ្លួនក្នុងចំណាត់ការច្បាប់ ប៉ុន្តែសិទ្ធិទទួលបានប្រាក់ឈ្នួលដែលជា ញើសឈាមរបស់បងប្អូន ត្រូវតែទទួលបានការការពារ។ ការសម្របសម្រួលបើកប្រាក់ឈ្នួលថ្ងៃនេះ គឺជាការបង្ហាញពីជំហរច្បាស់លាស់របស់រដ្ឋបាលខេត្ត គឺមិនទុកឱ្យបងប្អូនដាច់បាយឡើយ។ យើងនឹងបន្តឈរនៅទីនេះ រហូតដល់បងប្អូនទទួលបានយុត្តិធម៌។»

ក្រោយពីទទួលបានការសម្របសម្រួលបើកប្រាក់ឈ្នួល និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ កម្មករបានបង្ហាញនូវក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅ។ ក្នុងនោះកម្មករម្នាក់ៗដែលធ្លាប់តែមានទឹកមុខស្រពោន និងបារម្ភពីអនាគត បានត្រឡប់មកមានសង្ឃឹមវិញ។

កិច្ចអន្តរាគមន៍សម្របសម្រួលបើកប្រាក់ឈ្នួល នៅការដ្ឋានសំណង់សាងសង់អគារ ហ័រ ឆឹង គឺជាគំរូនៃសកម្មភាពដឹកនាំដែលផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ។ នេះមិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការស្តែងឱ្យឃើញនូវទឹកចិត្តស្រឡាញ់ និងការគាំពារកម្មករនិយោជិតរបស់រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្តស្វាយរៀង ដែលតែងតែផ្តល់អាទិភាពខ្ពស់បំផុតលើ «យុត្តិធម៌ និងជីវភាព» របស់ពលរដ្ឋគ្រប់រូប៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម