Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន​យកចិត្តទុកដាក់ដោះស្រាយបញ្ហា និងតម្រូវការរបស់ពលរដ្ឋឱ្យមានប្រសិទ្ធភាព

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យបន្តពង្រឹងការយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យ និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនជាគោលដៅស្នូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក ម៉ៅ ធនិន នាពេលនេះ បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានបញ្ហាវិវាទដីធ្លីជាមួយ ក្រុមហ៊ុន ជីប ម៉ុង នៅសាលាស្រុកបន្ទាយមាស ក្នុងគោលបំណងសាកសួរសុខទុក្ខ ស្តាប់មតិយោបល់ ការលើកជាបញ្ហាប្រឈម និងតម្រូវការផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋដោយផ្ទាល់។

ក្នុងឱកាសនោះលោកអភិបាលខេត្តបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើសុខទុក្ខ បញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ដោយដាក់ប្រជាជនជាគោលដៅ និងជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍ។

លោកអភិបាលខេត្ត នឹងបន្តការដោះស្រាយវិវាទ និងសំណើសំណូមពររបស់ពលរដ្ឋ ត្រូវអនុវត្តតាមគោលការណ៍ច្បាប់ សុចរិតភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ពលរដ្ឋទទួលបានយុត្តិធម៌ និងការពារសិទ្ធិស្របច្បាប់របស់ខ្លួន។

លោក ម៉ៅ ធនិន បានណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ឲ្យរួមសហការយ៉ាងជិតស្និទ្ធ ពង្រឹងយន្តការសម្របសម្រួល និងប្រើប្រាស់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាដីធ្លី និងបញ្ហាប្រឈមផ្សេងៗ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋជាមួយគ្នានេះ ត្រូវបន្តលើកកម្ពស់គុណភាពសេវាសាធារណៈ កាត់បន្ថយភាពយឺតយ៉ាវ និងពង្រឹងទំនុកចិត្តរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។

សកម្មភាពជួបសំណេះសំណាល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយផ្ទាល់នេះ គឺជាការអនុវត្តជាក់ស្តែងនៃគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការកែលម្អប្រព័ន្ធរដ្ឋបាលសាធារណៈ ការពង្រឹងអភិបាលកិច្ចល្អ និងការធានាឲ្យប្រជាពលរដ្ឋទទួលបានសេវា និងដំណោះស្រាយដោយស្មើភាព តម្លាភាព និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកស្ថាបនាសង្គមមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយច៏រភាព ហើយចំពោះវិវាទរវាងក្រុមគ្រួសារពលរដ្ឋ និងក្រុមហ៊ុន ឯកឧត្តមអភិបាលខេត្តកំពតនឹងចុះមកសម្របសម្រួលដោះស្រាយបញ្ចប់ ដោយផ្តល់នៅសប្តាហ៍ក្រោយនេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម