Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ បង្ហាញការគាំទ្រមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥

បានផុស

នៅ

រាជធានីភ្នំពេញ៖ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់វិស័យភាពយន្តកម្ពុជា ឱ្យកាន់តែមានសក្តានុពលលើឆាកអន្តរជាតិ សមាគមសិល្បករខ្មែរ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) លើកទី១៥ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃមហោស្រព ដឹកនាំដោយ ជា សុភាព នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលបុប្ផាណា និងជាសហស្ថាបនិក CIFF នៅស្នាក់ការសមាគមសិល្បករខ្មែរ ក្នុងរាជធានីភ្នំពេញ។ កិច្ចជំនួបនេះបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងសហការល្អ ដោយភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញការត្រៀមលក្ខណៈសម្រាប់ការរៀបចំព្រឹត្តិការណ៍សិល្បៈភាពយន្តដ៏សំខាន់មួយនេះ។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានលើកឡើងពីតួនាទីសំខាន់របស់ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ក្នុងការបង្កើតវេទិកាសម្រាប់អ្នកផលិតភាពយន្តជាតិ និងអន្តរជាតិ បង្ហាញស្នាដៃ ចែករំលែកបទពិសោធ និងពង្រីកបណ្តាញសហការក្នុងវិស័យសិល្បៈភាពយន្ត។ ព្រឹត្តិការណ៍នេះក៏ត្រូវបានមើលឃើញថាជាស្ពានសំខាន់មួយដែលភ្ជាប់ឧស្សាហកម្មភាពយន្តកម្ពុជា ជាមួយសហគមន៍ភាពយន្តពិភពលោក។

ជាមួយគ្នានេះផងដែរ តំណាងស្ថាប័នទាំងពីរបានផ្តោតលើការលើកកម្ពស់សមត្ថភាពសិល្បករ និងអ្នកផលិតភាពយន្តកម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ និងការជំរុញការច្នៃប្រឌិតក្នុងការផលិតស្នាដៃថ្មីៗ។ ការចូលរួមរបស់ស្នាដៃភាពយន្តពីបណ្តាប្រទេសផ្សេងៗ ក៏ត្រូវបានរំពឹងថានឹងជួយបង្កើនឱកាសឱ្យទស្សនិកជនកម្ពុជា បានស្គាល់វប្បធម៌ភាពយន្តចម្រុះពីជុំវិញពិភពលោកផងដែរ។

ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង និងប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ CIFF ដើម្បីធានាថា ការរៀបចំមហោស្រពលើកទី១៥ នឹងប្រព្រឹត្តទៅដោយជោគជ័យ និងក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការលើកស្ទួយវិស័យភាពយន្តកម្ពុជា។

គួរបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តិការណ៍សិល្បៈភាពយន្តដ៏ធំបំផុតមួយនៅកម្ពុជា ដែលបានរៀបចំជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ។ មហោស្រពនេះបានទាក់ទាញការចូលរួមពីអ្នកផលិតភាពយន្ត សិល្បករ និងអ្នកជំនាញពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយស្នាដៃសិល្បៈ និងវប្បធម៌ខ្មែរ ទៅកាន់ឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម