Connect with us

ព័ត៌មានជាតិ

លោក ជុំ សុន្ទរី ថា ជប៉ុនជាដៃគូយុទ្ធសាស្ត្រគួរទុកចិត្តសម្រាប់កម្ពុជា ក៏ដូចជាអាស៊ាន

បានផុស

នៅ

នៅក្នុងជំនួបសម្តែងការគួរសមរបស់គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងតូក្យូជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកអគ្គរាជទូតកម្ពុជា បានលើកឡើងថា ជប៉ុនជាប្រទេសមួយក្នុងភាពជាដៃគូយុទ្ធសាស្រ្តដ៏គួរឱ្យទុកចិត្តសម្រាប់ទំនាក់ទំនងជាទ្វេភាគីជាមួយកម្ពុជា ក៏ដូចជាទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ាន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ក្នុងជំនួបនោះ លោក ឯកអគ្គរាជទូត ជុំ សុន្ទរី បានបញ្ជាក់ថា ជប៉ុននៅតែជាដៃគូយុទ្ធសាស្ត្រដែលអាចទុកចិត្តបាន និងមានទំនាក់ទំនងយូរអង្វែងជាមួយអាស៊ាន ក្នុងការគាំទ្រមជ្ឈភាពអាស៊ាន ស្ថិរភាពតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់ទំនាក់ទំនងទ្វេភាគី លោក ឯកអគ្គរាជទូត បានអះអាងពីភាពរឹងមាំ និងការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្រោមក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅចំពោះមុខលោក Toshimitsu MOTEGI រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ជុំ សុន្ទរី បានថ្លែងការអរគុណចំពោះការគាំទ្រដ៏យូរអង្វែងរបស់ជប៉ុនចំពោះកម្ពុជា ក្នុងការកសាងសន្តិភាព ស្តារឡើងវិញ និងការអភិវឌ្ឍប្រទេស តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លោក ជុំ សុន្ទរី ក៏បានស្វាគមន៍ចំពោះការពង្រីកបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ចល័តភាពកម្លាំងពលកម្ម ការបម្លែងឌីជីថល និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

នៅកម្រិតតំបន់ លោក ក៏បានលើកឡើងពីការស្វាគមន៍របស់កម្ពុជាចំពោះការចូលរួមយ៉ាងសកម្ម និងស្ថាបនារបស់ជប៉ុនជាមួយអាស៊ាន រួមទាំងកិច្ចសហប្រតិបត្តិការក្រោមទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលបំពេញបន្ថែម ក៏ដូចជាការពង្រឹងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្នុងន័យនេះ លោកឯកអគ្គរាជទូត បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារបស់កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន និងដៃគូអាស៊ាន ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម