ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង៖ មិនអាចហាមឃាត់ទំនិញថៃទាំងស្រុង តែអាវុធដ៏មុតស្រួចរបស់ពលរដ្ឋកម្ពុជាគឺបន្តពហិការ
ឆ្លើយតបសំនួររបស់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចផ្សព្វផ្សាយពីសក្តានុពលក្នុងខេត្តស្ទឹងត្រែង លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងជុំវិញការនាំទំនិញចេញចូលឆ្លងកាត់ព្រំដែនក្នុងខេត្តស្ទឹងត្រែង ក្នុងនោះផ្តោតសំខាន់លើទំនិញពីប្រទេសថៃដែលឆ្លងកាត់ច្រកព្រំដែនប្រទេសឡាវចូលមកប្រទេសកម្ពុជា។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានគូសបញ្ជាក់ថា បើទោះបីជាមានបញ្ហានៅតាមព្រំដែនកម្ពុជាថៃ តែទំនិញថៃមួយចំនួន (មិនស្ថិតនៅក្នុងបញ្ជីហាមឃាត់) នៅតែអាចបន្តនាំចូលមកប្រទេសកម្ពុជាតាមរយៈច្រកព្រំដែនឡាវជាប់ខេត្តស្ទឺងត្រែង។



លោកថា រដ្ឋាភិបាលមិនអាចហាមឃាត់ការនាំចូលទំនិញពីថៃបានទាំងស្រុងនោះទេ គឺដោយសារកម្ពុជាជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអាស៊ាន។
ប្រសិនបើកម្ពុជាបដិសេធទំនិញពីប្រទេសជាសមាជិក កម្ពុជានឹងត្រូវទទួលទណ្ឌកម្មដែលនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ខណៈពេលដែលប្រទេសជាតិកំពុងមមាញឹកក្នុងការការពារព្រំដែន និងដោះស្រាយបញ្ហាជនភៀសសឹក។
យ៉ាងណាមិញ លោកអភិបាលខេត្តបានលើកឡើងពីវិធានការក្នុងការគ្រប់គ្រងទំនិញនាំចូល ត្រូវតែទំនិញស្របច្បាប់ដែលត្រូវបង់ពន្ធចូលថវិកាជាតិ។ ផ្ទុយទៅវិញចំពោះទំនិញដែលនាំចូលតាមច្រកខុសច្បាប់ អាជ្ញាធរនឹងធ្វើការចាប់កម្ទេច ឬដុតចោល និងអនុវត្តទោសលើអ្នកនាំចូលថែមទៀត។
បន្ថែមពីនេះលោកផ្តល់ជាយោបល់ដល់ជនរួមជាតិថា «អាវុធដ៏មានប្រសិទ្ធភាពបំផុតរបស់ប្រជាជនកម្ពុជាក្នុងការទប់ស្កាត់ទំនិញពីប្រទេសឈ្លានពាន គឺការធ្វើពហិការមិនទិញ និងមិនប្រើប្រាស់។ ប្រសិនបើប្រជាជនឈប់ប្រើប្រាស់ អ្នកនាំចូលនឹងមិនអាចនាំចូលមកទុកឱ្យខាតបង់ឡើយ ហើយវានឹងបាត់ទៅដោយឯកឯង»។
លោកបានរំលឹកពីមេរៀនប្រវត្តិសាស្ត្រ ដែលពលរដ្ឋត្រូវចងចាំដើម្បីកុំឱ្យធ្លាក់ទៅក្នុងស្ថានភាពឯកោ ឬការបិទខ្ទប់សេដ្ឋកិច្ចដូចកាលពីក្រោយឆ្នាំ ១៩៧៩។
លោកថា ស្មារតីជាតិនិយមគួរតែត្រូវបានប្រើប្រាស់ដើម្បីប្រែក្លាយការឈឺចាប់ ទៅជាការខិតខំប្រឹងប្រែងកសាង និងការពារប្រទេសជាតិវិញ។

ពាក់ព័ន្ធការនាំទំនិញឆ្លងកាត់ច្រកត្រពាំងក្រៀលក្នុងខេត្តស្ទឹងត្រែងជាប់ខេត្តចម្ប៉ាសាក់របស់ប្រទេសឡាវ លោក ឡាច ប៊ុនឡុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលបានប្រាប់កម្ពុជាថ្មីថា ក្រោយកើតមានការបិទខ្ទប់ព្រំដែនកម្ពុជាថៃ លោកទទួលស្គាល់មានការហូរចូលទំនិញថៃមួយចំនួនតាមច្រកត្រពាំងក្រៀល ដោយឆ្លងកាត់ពីប្រទេសឡាវ។
យ៉ាងណាមិញលោកថា សន្ទុះក្នុងការនាំចូលបានថយចុះយ៉ាងខ្លាំង ខណៈពលរដ្ឋកម្ពុជាបានធ្វើពហិការទំនិញថៃដែលធ្វើឲ្យទំនិញថៃថយចុះការគាំទ្រ និងស្ទើរតែឈានទៅកាត់បន្ថយការនាំចូលទាំងស្រុង៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


