Connect with us

ព័ត៌មានជាតិ

គម្រោងអភិវឌ្ឍន៍សួនច្បារមុខអគាររដ្ឋបាលខេត្តកោះកុង នឹងបញ្ចប់នៅខែមិថុនា

បានផុស

នៅ

គម្រោង​អភិវឌ្ឍន៍​សួនច្បារ​មុខ​អគារ​រដ្ឋបាល​ខេត្ត​កោះកុង នឹង​បញ្ចប់​សកម្មភាព​សាងសង់​របស់​ខ្លួន​នៅ​ខែ​មិថុនា ខាងមុខ ខណៈ​សម្រេច​បាន ៨៥ ភាគរយ ហើយ។ ចំណែក​ពលរដ្ឋ​គាំទ្រ​លើ​គម្រោង​នេះ រំពឹង​ថា នឹង​មាន​ភ្ញៀវ​ទេសចរ​គ្រប់​ទិសទី​មក​លេង​កម្សាន្ត​កាន់តែ​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ដើម​តាំងពី​ខែ​មេសា ឆ្នាំ ២០២៥ មកទល់ម៉ោងនេះ គម្រោង​សាងសង់​សួនច្បារ​ថ្មី​នៅ​មុខ​អគារ​រដ្ឋបាល​ខេត្ត​កោះកុង សម្រេច​បាន ៨៥ ភាគរយ​ហើយ ស្របពេល​ក្រុម​ការងារ​កំពុង​ពន្លឿន​ឲ្យ​ចប់​គម្រោង​ជា​ស្ថាពរ​តាម​ផែនការ​គ្រោងទុក។

លោក អ៊ូច ពន្លក នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​របស់​រដ្ឋបាល​ខេត្ត​កោះកុង បានឲ្យដឹងនៅ​ថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ ២០២៦ ថា ការ​សាងសង់​សួនច្បារ​ថ្មីនៅមុខ​អគារ​រដ្ឋបាល​ខេត្ត​អប​ដៃ​ព្រែក​កោះ​ប៉ោ ស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ បានជួសជុលកែលម្អ និងពង្រីកសួន រៀប​ថ្ម​មាប ចាក់បេតុងផ្លូវដើរ កន្លែងហាត់ប្រាណ បន្ទប់ទឹក សួនច្បារ​ដាំស្មៅ ដើមឈើ និង​ដំឡើង​ភ្លើង​លម្អ​ជា​ច្រើន​កន្លែង។

បើតាម​លោក​នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​រដ្ឋបាល​ខេត្ត ថ្លែងបន្ថែមថា ដើម្បី​ធានា​សុវត្ថិភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ និង​អ្នក​ទេសចរ រដ្ឋបាល​ខេត្ត ក៏​បំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​គោលដៅ​សំខាន់ៗ ក្នុង​បរិវេណ​សួនច្បារ។ សមិទ្ធផល​ជា​សួនច្បារ​ថ្មី នឹង​បញ្ចប់​នៅខែមិថុនា ខាង​មុខ​តាម​ផែនការ​មេ​របស់​រដ្ឋបាល​ខេត្ត។

គួរ​ជម្រាប​ថា សកម្មភាព នៃ​ការ​សាងសង់​សួនច្បារ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​នេះ ធ្វើ​យ៉ាងណា​ត្រូវ​បញ្ចប់​ដើម​ខែ​ធ្នូ ឆ្នាំ ២០២៥ ត្រៀមរៀបចំពិធីបុណ្យសមុទ្រមក​ម្ល៉េះ ក៏ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​បញ្ហា​ព្រំដែន​ទើប​មាន​ការ​ពន្យារពេល​ជា​បន្តបន្ទាប់។

លោក ចំរើន ចំរុង និងអ្នកស្រី ទឹម ចាន់ថុល ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ បាន​បង្ហាញ​ក្តី​រីករាយ​យ៉ាងខ្លាំងពេលឃើញខេត្តអភិវឌ្ឍន៍លើកកម្ពស់បរិស្ថាន​សោភ័ណភាព និង​បង្កើន​ភាព​ទាក់ទាញ​អ្នក​ទេសចរ​មក​លេង​កម្សាន្ត ក៏ដូចជា​បង្ក​បរិយាកាស​ផ្នែក​វិនិយោគទុន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ទោះយ៉ាងណា ពួកគាត់សំណូមពរដល់​អាជ្ញាធរ​ខេត្ត បន្ត​បំពាក់​ឧបករណ៍​ហាត់ប្រាណ និង​សួន​កុមារ បន្ថែមទៀតផងដែរ។

ពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ ស្នើសុំ​អាជ្ញាធរ​ខេត្ត កុំឲ្យមានកង់ ម៉ូតូ ឬរថយន្ត បើកបរ​លើ​ការ៉ូឡា​ដែល​ទើបរៀបចំហើយ ចៀសវាងបង្កគ្រោះថ្នាក់អ្នកដើរលំហែ និងបែកបាក់ឥដ្ឋការ៉ូឡាទើប​សាងសង់​រួចរាល់។ ទន្ទឹម​នោះ ពួកគាត់ ជំរុញ​ដល់​ក្រសួង​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ខេត្ត បន្ត​ពិនិត្យ​មើល​គម្រោង​អភិវឌ្ឍន៍​វិស័យ​ផ្សេងៗ ទៀត សំដៅ​ធ្វើយ៉ាងណាបង្កើនការទាក់ទាញកំណើនទេសចរ លើកកម្ពស់​សេដ្ឋកិច្ច​ចំណូលជូន​ប្រជាពលរដ្ឋ ខណៈ​ខេត្ត​កោះកុង​ជា​ខេត្ត​សក្ដានុពល​ផ្នែក​អេកូ​ទេសចរណ៍​ធម្មជាតិ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម