Connect with us

សេដ្ឋកិច្ច

កម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីរួម WISE ដើម្បីពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងថាមពលកកើតឡើងវិញ

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមមាន យូនីសេហ្វ (UNICEF) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីរួមស្តីពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃ (WISE​) ដែលជាកម្មវិធីហិរញ្ញប្បទានចម្រុះ ដើម្បីពន្លឿនការទទួលបានសេវាទឹកស្អាតមានសុវត្ថិភាព និងធន់នឹងអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ កម្មវិធី WISE​ បង្ហាញគំរូហិរញ្ញប្បទានឈានមុខមួយ ដែលរួមបញ្ចូលមូលធនពាណិជ្ជកម្ម និងមូលធនមានការប្រាក់ទាប ជាយន្តការហិរញ្ញប្បទានចម្រុះវិលជុំ ផ្តោតលើការធានាឱ្យមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតឆ្លាតវៃដែលធន់នឹងអាកាសធាតុ។​

តាមរយៈការរួមបញ្ចូលកម្ចីសម្បទាន និងកម្ចីពាណិជ្ជកម្ម យន្តការនេះជួយកាត់បន្ថយថ្លៃដើមនៃកម្ចី សម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ទាំងប្រតិបត្តិករទឹកស្អាតឯកជន ស្ថាប័ន​ហិរញ្ញវត្ថុ និងសាជីវកម្មធានាឥណទានកម្ពុជា។

ជំនួយនេះមានសារសំខាន់ណាស់ ដោយសារកុមារកម្ពុជាប្រមាណ ១,៩ លាននាក់ (ជាងមួយភាគបីនៃកុមារកម្ពុជា) កំពុងរស់នៅក្នុងឃុំដែលប្រឈមនឹងហានិភ័យអាកាសធាតុខ្ពស់ រួមទាំងគ្រោះរាំងស្ងួត និងទឹកជំនន់ញឹកញាប់ ព្រមទាំងសេវាទឹកស្អាត និងអនាម័យ នៅមានកម្រិតនៅឡើយ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «ប្រតិបត្តិករទឹកស្អាតឯកជនដើរតួនាទីសំខាន់ក្នុងការចូលរួមផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ប្រតិបត្តិករទាំងនោះនៅបន្តមានបញ្ហាប្រឈម ក្នុងការទទួលបានហិរញ្ញប្បទានដែលមានតម្លៃសមរម្យ សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរមកប្រើប្រាស់ថាមពលកកើតឡើងវិញ»។

លោករដ្ឋមន្ត្រីថ្លែងថា កម្មវិធី WISE​ គឺជាគំនិតផ្តួចផ្តើមសំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីធ្វើទំនើបកម្មវិស័យទឹកស្អាត ពង្រីកការទទួលបានទឹកស្អាត និងជំរុញការប្តេជ្ញាចិត្តរបស់យើងលើបញ្ហាអាកាសធាតុ។

តាមរយៈការនាំយកនវានុវត្តន៍ ការវិនិយោគ និងចីរភាពរយៈពេលវែងដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់កម្ពុជា ភាពជាដៃគូជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានេះ រំពឹងថានឹងជួយធ្វើឱ្យប្រសើរឡើងនូវសេវាកម្មផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពល​រដ្ឋជាង ២០០.០០០ នាក់នៅទូទាំងប្រទេស។

លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា៖ «ការទទួលបានសេវាទឹកស្អាតដែលធន់នឹងអាកាសធាតុ គឺជារឿងចាំបាច់សម្រាប់សុខុមាលភាពគ្រួសារ ព្រមទាំងសុខភាព និងការសិក្សារបស់កុមារ។ តាមរយៈកម្មវិធី WISE​នេះ កម្ពុជាកំពុងចាត់វិធានការយ៉ាងមុតមាំ ដើម្បីធានាថាកុមារ និងក្រុមគ្រួសារ ជាពិសេសអ្នកដែលនៅតំបន់ឆ្ងាយ ទទួលបានអត្ថប្រយោជន៍ពីទឹកស្អាតដែលមានថ្លៃសមរម្យ និងមានចីរភាព ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ»។

អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា តាមរយៈយូនីសេហ្វ និង UNCDF រីករាយសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដៃគូរបស់យើង ដើម្បីត្រួសត្រាយផ្លូវសម្រាប់ហិរញ្ញប្បទានប្រកបដោយនវានុវត្តន៍ ដែលជួយពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងពង្រឹងភាពធន់របស់​សហគមន៍នៅទូទាំងប្រទេស។

កម្មវិធីនេះគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (ទឹកស្អាត និងអនាម័យ) និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣ (សកម្មភាពអាកាសធាតុ) តាមរយៈការកៀរគរការវិនិយោគឯកជន​លើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដើរដោយថាមពលកកើតឡើងវិញ ជាពិសេសការបូមទឹកដោយថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាគ្រប់គ្រងទឹកស្អាតបែបឌីជីថល។

កម្មវិធី WISE​ នឹងដំណើរការក្រោមគណៈកម្មការដឹកនាំថ្នាក់ជាតិ ដើម្បីធានាបាននូវភាពជាអ្នកដឹកនាំដ៏រឹងមាំដោយរាជរដ្ឋាភិបាល និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (NDC)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម