Connect with us

ព័ត៌មានជាតិ

ខ្ទមនេសាទកោះប៉ោ ស្រុកមណ្ឌលសីមា កំពុងទាក់ទាញទេសចរស្រឡាញ់សម្រស់ធម្មជាតិព្រៃភ្នំ

បានផុស

នៅ

ស្រុកមណ្ឌលសីមា ចាត់ទុកថាជាមូលដ្ឋានមួយសំបូរដោយតំបន់ទេសចរណ៍បែបធម្មជាតិ។ យ៉ាងណាមិញ ថ្មីៗនេះអ្នកវិនិយោគបានបង្កើតរមណីយដ្ឋានមួយឈ្មោះថា ខ្ទមនេសាទបោះប៉ោ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ជាទីកម្សាន្តសម្រាប់ទេសចរចូលចិត្តសម្រស់ធម្មជាតិព្រៃភ្នំដងព្រែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើធ្វើដំណើរតាមទូកតូចៗចំណាយពេលវេលាកន្លះម៉ោង បើអូរប័រ កប៉ាល់ធំៗ ត្រឹមតែ ១៥ នាទីប៉ុណ្ណោះតាមដងព្រែកសម្រស់ខៀវស្រងាត់ នឹងធ្វើដំណើរទៅដល់រមណីយដ្ឋានខ្ទមនេសាទកោះប៉ោ លក្ខណៈសាមញ្ញាបែបធម្មជាតិមិនទំនើបពេកនោះទេ។

ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ តាមរយៈបណ្តាញតេឡេក្រាម លោក តែ ឃុនម៉ុង ជាម្ចាស់ខ្ទមនេសាទកោះប៉ោ ឱ្យដឹងថា ៤ឆ្នាំមុនលោកចាកចេញពីប្រទេសបារាំង ហើយមកលេងកម្សាន្តនៅខេត្តកោះកុង ដោយចាប់ចិត្តនឹងសម្រស់ធម្មជាតិសំបូរបែបយ៉ាងដូច្នេះ ក៏ផ្តើមវិនិយោគលើវិស័យទេសចរណ៍តែម្តង ព្រោះតែក្តីស្រឡាញ់ធម្មជាតិនៅខេត្តមួយនេះ។

លោក តែ ឃុនម៉ុង បន្ថែមទៀតថា ធម្មជាតិដងព្រែកខៀវស្រងាត់ ព្រៃភ្នំបៃតងខ្ចី ជិះទូក និងស្ទូចត្រី គឺសុទ្ធតែជាចំណង់ចំណូលចិត្តរបស់លោក ដោយផ្តល់សេវាកម្មបែបនេះជូនភ្ញៀវផងដែរ។ ភ្ញៀវទេសចរបរទេស និងជាតិអាចមកស្នាក់នៅប្រកបដោយផាសុកភាព តម្លៃក៏សមរម្យតាមកញ្ចប់សេវាកម្មនីមួយៗ។ ជាក់ស្តែង បោះតង់ អាំងសាច់ ដុតភ្នួកភ្លើង និងច្រៀងលេងកម្សាន្តសប្បាយ។

បើតាមម្ចាស់ខ្ទមនេសាទកោះប៉ោ កន្លែងកម្សាន្តបែបធម្មជាតិនេះ បានបង្កើតឡើងតាំងពីឆ្នាំ២០២១ មកទល់បច្ចុប្បន្នលើផ្ទៃដីជិតកន្លះហិកតា ទិញពីប្រជាពលរដ្ឋមូលដ្ឋាន ប៉ុន្តែមិនបានធ្វើសម្រុកពេកនោះទេតាមលទ្ធភាពធនធានដែលមានជាក់ស្តែង ខណៈសេដ្ឋកិច្ច និងបញ្ហាព្រំដែនមិនទាន់អំណោយផលល្អ បើធៀបនឹងខេត្តផ្សេងទៀតជាប់នឹងមាត់សមុទ្រ។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ធ្លាប់បើកចំហដល់អ្នកវិនិយោគដែលចាប់អារម្មណ៍មកបង្កើតតំបន់ទេសចរណ៍ថ្មីក្នុងខេត្ត ដើម្បីបង្ហាញពីសក្តានុពលទេសភាពធម្មជាតិ និងលើកកម្ពស់សេដ្ឋកិច្ចចំណូលជូនប្រជាសហគមន៍ ក៏ដូចជាឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យទេសចរណ៍នេះ។

ចំណែកលោក សេត រ៉ាស៊ូ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង អះអាងថា មន្ទីរតែងតែគាំទ្រពេញទំហឹងចំពោះសកម្មភាពវិនិយោគផ្នែកវិស័យទេសចរណ៍នៅក្នុងខេត្ត ហើយថែមទាំងផ្តល់បានជាគំនិត និងបច្ចេកតាមស្តង់ដារថ្មីៗល្អៗដល់ក្រុមអ្នកវិនិយោគសំដៅបម្រើការទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើនឡើងៗ។

លោក សេត រ៉ាស៊ូ រំលេចទៀតថា សន្ទុះនៃការបង្កើតរមណីយដ្ឋានបែបធម្មជាតិដូចខ្ទមនេសាទនេះ កើតមានចំនួនច្រើនគួរសមនៅក្នុងភូមិសាស្រ្តខេត្តកោះកុង គ្រាក្រុមគោលដៅទេសចររបស់ពួកគាត់អាចមកលំហែមិនថាតែអ្នកមានធនធាន ឬអ្នកលទ្ធភាពបន្តិចបន្តួចមនោះទេ។

បច្ចុប្បន្ន មន្ទីរទេសចរណ៍ខេត្តកោះកុង កំពុងបង្កើនការផ្សព្វផ្សាយអំពីតំបន់គោលដៅទេសចរណ៍សំខាន់ៗដែលមានស្រាប់ និងទើបបង្កើតថ្មីៗ ទៅកាន់សាធារណជនបានដឹងស្គាល់ និងមកលេងកម្សាន្តកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាផ្តល់ប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម