Connect with us

ព័ត៌មានជាតិ

សង្រ្កាន្ត​ចូលឆ្នាំ អភិបាល​ខេត្ត​ស្ទឹងត្រែង​ដាក់​ចេញ​​វិធានការ​ឲ្យម្ចាស់អាជីវកម្មកុំដំឡើង​ថ្លៃ សុខចិត្តចំណេញតិច​ តែ​ទទួលទេសចរមកកម្សាន្តច្រើន

បានផុស

នៅ

ខណៈ​ដែល​ខេត្ត​ស្ទឹងត្រែង​ត្រៀម​​រៀបចំ​ព្រឹត្តិការណ៍ “ស្ទឹងត្រែង​សង្ក្រាន្ត” នៅ​ពេល​ខាង​មុខ មាន​ការ​​រៀបចំ​កម្មវិធី​ផ្សេងៗ​មាន​ទាំង​កម្មវិធី​សាសនា សកម្មភាព​កម្សាន្ត ស្រប​ជាមួយ​ការ​រឹត​បន្តឹង​សន្តិសុខ​សម្រាប់​​ទទួល​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត។

ទាក់ទង​ការ​ត្រៀមដំណើរការ​​ព្រឹត្តិការណ៍​សង្ក្រាន្ត​ លោក សរ សុពុត្រា អភិបាល​នៃ​គណៈ​ខេត្ត​ស្ទឹងត្រែង​បាន​​ដាក់​ចេញ​គោលការណ៍​ណែនាំ​ ក៏​ដូចជា​បាន​ចេញ​លិខិត​ជូន​ដំណឹង​ដល់​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ទាំង​អស់មិន​ឲ្យ​ដំឡើង​​ថ្លៃ​សេវាកម្ម ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមផ្ទះសំណាក់​សណ្ឋាគារ ក៏ដូចជា​ភោជនីដ្ឋានត្រូវ​ធានាថានឹងមិនមានការ​តម្លើង​ថ្លៃនៅក្នុងឱកាសពិធីបុណ្យ​ខាងមុខ។ នេះបើតាមលោក សរ សុពុត្រា។

«ខ្ញុំបានចេញិខិតជូនដំណឹង​បន្ត​ហើយ​បានន័យថា សុខ​ចិត្ត​ចំណេញ​តិចដែលយើង​ទទួលបាន​ភ្ញៀវច្រើន។​ បើបងប្អូនចង់ចំណេញ​ច្រើនយើង​នឹង​បាត់បង់​ភ្ញៀវ​អីចឹង​តើយកមួយណា»។ លោក សរ សុពុត្រា​ បន្ថែម។

លោក​សង្កត់​ធ្ងន់​ថា «ការ​សុខចិត្ត​ចំណេញ​តិច​តែ​ទទួល​បាន​ភ្ញៀវ​ច្រើន​និង​យូរអង្វែង គឺ​ប្រសើរ​ជាង​ការ​ដំឡើង​ថ្លៃ​ដែល​នាំឲ្យ​បាត់បង់​ភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ​បន្តបន្ទាប់»។

ស្ទឹងត្រែង​សង្ក្រាន្ត ជា​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់​លើ​ការ​ថែ​រក្សា​ព្រលឹង​ជាតិ និង​ការ​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ ដោយ​មិន​មាន​ការ​កេង​ចំណេញ​ហួសហេតុ​ពី​សំណាក់​អាជីវករ។

“ស្ទឹងត្រែងសង្ក្រាន្ត” ផ្ដោត​សំខាន់​លើ​ការផ្សារភ្ជាប់​ជាមួយប្រពៃណី ទំនៀមទម្លាប់ និង​សាសនា។ ក្នុង​នោះ​ក៏​មាន​​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វីរ​កងទ័ព និង​វីរ​នគរបាល​ជាតិ​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ការពារ​ជាតិ។

លោក សរ សុពុត្រា​ បាន​បញ្ជាក់ថា ក្នុង​កម្មវិធី “ស្ទឹងត្រែងសង្ក្រាន្ត” ក៏​នឹង​មាន​​រៀបចំ​កម្មវិធី “នំបញ្ចុក​សាមគ្គី” ជាមួយ​ជន​ភា​សឹក​ដែល​រស់នៅ​មណ្ឌល​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ដើម្បី​សួរសុខ​ទុក្ខ​គ្រួសារ​កងទ័ព។

បន្ថែមពីនេះ​នៅក្នុងព្រឹត្តិការណ៍នេះក៏នឹង​មានការ​បង្ហាញ​ពី​ វិថីម្ហូបអាហារខ្មែរ, ភូមិ​នំខ្មែរ, តំបន់​ល្បែងប្រជាប្រិយ, ការ​បង្ហាញ​​​ផ្ទាំង​ទស្សនីយភាព​របាំ​បុរាណ និង​សម័យ រួម​ទាំង​ការ​សម្ដែង​ល្ខោន​បាសាក់​ផង​ដែរ។ គោល​បំណង​ធំ​គឺដើម្បីលើកស្ទួយ និងរក្សាមរតកវប្បធម៌​ដែលជា​អត្តសញ្ញាណជាតិ។

ពាក់ព័ន្ធ​ការធានា​សន្តិសុខ លោក សរ សុពុត្រា ​បាន​អះអាង​ពីការ​​ធានា​ឲ្យបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ​ទេសចរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម