Connect with us

ព័ត៌មានជាតិ

តំណាងរាស្ត្រ​ជំរុញ​ឱ្យ​គិត​ពី​វិធាន​ការ​បង្ការ​កុំ​ឱ្យ​មាន​ការ​ឆបោក​បច្ចេកវិទ្យា​ជា​ជាង​មាន​បញ្ហា​ហើយ​ទើប​បង្ក្រាប​

បានផុស

នៅ

​តំណាង​រាស្ត្រ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ច្បាប់​ប្រឆាំង​ការ​ឆបោក​បច្ចេកវិទ្យា​ តែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិត​ពី​វិធី​បង្ការ​ជាជាង​ ការ​បង្ក្រាប​ក្រោយ​ពី​បញ្ហា​ដែល​កើត​ឡើង​ហើយ​។ យ៉ាង​ណា​ក្ដី​រដ្ឋមន្ត្រី​យុត្តិធម៌​បាន​គាំទ្រ និង​ឆ្លើយ​តប​វិញ​ថា​វិធាន​ការ​បង្ការ​និង​បង្ក្រាប​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា ហើយ​ការ​បង្ក្រាប​ក៏​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ទប់​ស្កាត់​បញ្ហា​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​សភា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា តំណាង​រាស្ត្រ​មណ្ឌល​បន្ទាយ​មាន​ជ័យ​លោក សេរី កុសល បាន​លើក​ឡើង​ថា​ ខេត្ត​បន្ទាយមានជ័យ​ហែល​ឆ្លង​​ទុក្ខ​លំបាក​ច្រើន​ណាស់​ហើយ​ពី​ការ​បំផ្លាញ​របស់​ក្រុម​ឆបោក​អនឡាញ និង​ការ​ឈ្លាន​ដែល​ថៃ​ថា​ធ្វើ​ប្រតិបត្តិការ​ដើម្បី​បង្ក្រាប​ Scam នៅ​កម្ពុជា។ លោក​ជំរុញ​ឱ្យ​បង្កើត​តុលាការ​ពាណិជ្ជកម្ម និង​បង្កើត​យន្តការ​ត្រួត​ពិនិត្យ​ពី​លើ​គណៈកម្មការ​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​មួយ​ថែម​ទៀត​។

លោក​ថា៖ «ព្រោះ​រាល់​ Scam ទាំង​អស់​នៅ​កម្ពុជា​សុទ្ធ​តែ​មាន​ខ្នង​បង្អែក​នៅ​ពី​ក្រោយ​ហើយ​ខ្នង​មិនមែន​ប្រហែល​ខ្ញុំ ប្រហែល​អស់​លោក​ផ្សេង​ទៀត​នៅ​ទី​នេះ​ទេ​! វា​អាច​ខ្នង​ហ្នឹង​វា​ប៉ាន​ដែក​ទៀត​ជួន​កាល​ពេល​អនុវត្តន៍​ទៅ​វា​ទើស​។ តែ​ខ្ញុំ​បាន​ឮ​ឯកឧត្ដម​ប្ដេជ្ញា​ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រសួង​យុត្តិធម៌​ក្ដី​ប្ដេជ្ញា​ថា​អ្នក​នៅ​ពី​ក្រោយ​មិន​ឱ្យ​រួច​ខ្លួន​ទេ​! ដូច្នេះ​ត្រូវ​មាន​យន្ត​ការ​មួយ​ទៀត​ត្រួត​ពិនិត្យ​ ខ្លាច​យន្ត​ការ​ហ្នឹង​ធ្លាយ​ទៅ​មុខ​លែង​រួច​​​​ តែ​បណ្ដោយ​គឺ​គ្រោះ​ថ្នាក់​ទាំង​អស់​គ្នា​»


ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា​លោក ឈាង វុន ក៏​បាន​ចោទ​សួរ​ពី​ការ​ត្រួត​ពិនិត្យ​របស់​អាជ្ញាធរ​លើ​ជន​បរទេស​ដែល​ចូល​មក​កម្ពុជា ការ​ស្នាក់​នៅ និង​ការ​ផ្ដល់​ប័ណ្ណ​ការងារ​ដល់​ពួកគេ។ លោក​ថា​នេះ​សុទ្ធ​តែ​ជា​ប្រព័ន្ធ​ដែល​ធ្វើ​ឱ្យ​​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា​កើត​ឡើង​ ហើយ​មិន​គួរ​ទុក​ដល់​មាន​បញ្ហា​ហើយ​ទើប​បង្ក្រាប​នោះ​ទេ​។

លោក​ថា៖ «ជាមួយ​គ្នា​ហ្នឹង​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​ពួក​ហ្នឹង​មិន​មែន​មក​សង់​ផ្ទះ​ឯណា! មក​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ក្នុង​ស្រុក​ខ្មែរ​យើង​នេះ​គាត់​មក​ជួល​ផ្ទះ​គេ​ ជួល​ទី​តាំង​។ អាជ្ញាធរ​យើង​គួរ​តែ​តាម​ដាន​រឿង​ហ្នឹង​ដែរ​គគ្រឹក​គគ្រេង​កន្លែង​ហ្នឹង​។ មិច​បាន​មាន​មនុស្ស​ច្រើន​ម្លេះ​នៅ​កន្លែង​ហ្នឹង​? អ៊ីចឹង​ហើយ​ដែល​ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា​គួរ​គិត​ពី​រឿង​មុន​កើត​ហេតុ​នោះ​មុន​បទ​ឧក្រិដ្ឋ​កើត​ឡើង​ត្រូវ​មាន​ការ​គ្រប់​គ្រង​រឿង​ហ្នឹង​ »

លោក​ថា​បញ្ហា​ដែល​ទៅ​ដល់​តុលាការ​គឺ​ជា​ការ​កែ​បញ្ហា​មិន​មែន​ជា​ការ​បង្ការ​បញ្ហា​ទេ​​ ដែល​អង្គនីតិប្រតិបត្តិ​ត្រូវ​ឆ្លើយ​តប​ឱ្យ​បាន​ច្បាស់​លាស់​។


​​​​​​​​​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​ឧបនាយករដ្ឋមន្ត្រី កើត​ រិទ្ធ ដែល​បាន​ឡើង​ថ្លែង​ការ​ពារ​សេចក្ដី​ព្រាង​ច្បាប់​ប្រឆាំង​ការ​ឆបោក​បច្ចេកវិទ្យា​បាន​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​សមាជិក​សភា តែ​លោក​បញ្ជាក់​ថា​វិធាន​ការ​បង្ការ និង​បង្ក្រាប ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​គ្រប់​បទ​ឧក្រិដ្ឋកម្ម​ទាំង​អស់​។ លោក​បន្ថែម​ថា​ ការ​បង្ក្រាប​ក៏​ជា​កត្ដា​ដែល​រួម​ចំណែក​ក្នុង​ការ​បង្ការ​ដែរ​។

លោក​ថា៖ «មុខ​ងារ​នៃ​ទោស​មាន​២​គឺ​មុខងារ​បង្ក្រាប មុខងារ​អប់រំកែ​ប្រែ ហើយ​និង​មុខងារ​មួយ​ទៀត​គឺ​ការ​បង្ការ​នេះ​ដែរ។ ទី២​ ទាក់ទង​បញ្ហា​ Scam​ ប្រសិទ្ធភាព​នៃ​ការ​បង្ក្រាប​ Scam នេះ​ក៏​នឹង​រួម​ចំណែក​ទៅ​នឹង​ការ​បង្ការ​ទប់ស្កាត់​ដែរ​។ តាម​រយៈ​ចេញ​ច្បាប់​នេះ​ទៅ​អ្នក​ជួល​ទី​តាំង​ទាំង​ឡាយ​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ទាក់ទង​នឹង​ការ​ជួល​ទីតាំង​ព្រោះ​អាច​នឹង​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​រឹប​អូស​ បុគ្គល​មួយ​ចំនួន​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន​ព្រោះ​អាច​ក្លាយ​ជា​កម្មវត្ថុ​ដែល​គេ​ជ្រើសរើស​យក​ទៅ​ធ្វើ​ជា​ Scamer »


ទោះ​ជា​យ៉ាង​ណា​លោក​ទទួល​ស្គាល់​ថា​វិធាន​បង្ក្រាប​នេះ​ពិត​ជា​មិន​ទាន់​គ្រប់​គ្រាន់​ទេ គឺ​ត្រូវ​តែ​មាន​វិធាន​ការ​បង្ការ​ទប់​ស្កាត់ ដែល​បាន​ឃើញ​រួច​រាល់​ហើយ​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​ជា​ទ្រង់ទ្រាយ​យុទ្ធនាការ​ឱ្យ​ប្រមូល​ផ្ដុំ​កម្លាំង​សរុប​ដើម្បី​ធ្វើ​កិច្ច​ការ​នេះ​ដោយ​មាន​ការ​ចូល​រួម​គ្រប់​ក្រសួង​ស្ថាប័ន​ទាំង​អស់​។

​​​​​​​​​គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​បច្ចេកវិទ្យា​ ត្រូវ​បាន​សមាជិក​សភា​កម្ពុជា​អនុម័ត​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៦​ ក្នុង​សំឡេង​១១២​សំឡេង​​​។ ច្បាប់​នេះ​មាន​៥​ជំពូក​ និង​២៤​មាត្រា​ បាន​បង្កើត​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ពិសេស​ចំនួន​៥ ដើម្បី​ពង្រឹង​នូវ​ប្រសិទ្ធភាព​ប្រឆាំង​ការ​ឆបោក និង​បង្ហាញ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​ផងដែរ​៕


អត្ថបទ​ដោយ ហ៊ុន ​សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម