Connect with us

ជីវិតកម្សាន្ដ

ពីរ៉េបមករាំវង់! DJ Kdep ផ្លាស់រសនិយមតន្ត្រី ៣៦០ដឺក្រេ ដើម្បីរួមចំណែករក្សាតម្លៃអត្តសញ្ញាណវប្បធម៌ខ្មែរ

បានផុស

នៅ

ក្នុងបរិបទដែលវិស័យតន្ត្រីនៅកម្ពុជា កំពុងពេញនិយមដោយបទចម្រៀងបែបទំនើប និងចង្វាក់បរទេស ឌីជេ ក្តិប បានងាកមកបង្ហាញស្នាដៃចម្រៀងជាចង្វាក់ប្រពៃណីខ្មែរ ជាលើកដំបូង ក្នុងអាជីពសិល្បៈរបស់ខ្លួន ដែលជាការច្រៀងរួមគ្នាជាមួយនឹងតារាពហុជំនាញ ខាត់ សុឃីម តាមរយៈបទ “រាំវង់ខេមរា” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាទូទៅ ឌីជេ ក្តិប តែងតែត្រូវបានគេស្គាល់ថា ជាតារាចម្រៀងបែប Hip Hop និងបទរាំសប្បាយៗ ស្របតាមចំណង់ចំណូលចិត្តយុវវ័យ។ តែនៅពេលនេះ លោកបានប្តូរអារម្មណ៍អ្នកស្តាប់ តាមរយៈបទចម្រៀងចង្វាក់រាំវង់ប្រពៃណីជាតិវិញ ខណៈមិនត្រឹមជាការបង្ហាញថ្មី តែក៏ជាការប្តេជ្ញាចិត្តក្នុងការចូលរួមលើកតម្លៃវប្បធម៌ជាតិផងដែរ។

តាមការបញ្ជាក់ ស្នាដៃបទចម្រៀងថ្មី ចំណងជើង “រាំវង់ខេមរា” គឺជាការច្រៀងរួមជាមួយតារាពហុជំនាញ ខាត់ សុខឃីម គឺបញ្ចូលទាំងអត្ថន័យស្នេហាជាតិ និងអារម្មណ៍រីករាយតាមបែបប្រពៃណី សមស្របសម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលកំពុងខិតជិតមកដល់។

ឌីជេ ក្តិប សារភាពដែរថា ការបង្កើតបទចម្រៀងប្រភេទនេះ មិនមែនជាជម្រើសដែលងាយនឹងទទួលបានភាពល្បីល្បាញឡើយ ព្រោះមិនសូវសមស្របនឹងទិសដៅទីផ្សារបច្ចុប្បន្ន។ តែទោះយ៉ាងណា គោលបំណងសំខាន់នៃការផលិតចម្រៀងមួយបទនេះ គឺការបង្ហាញការគោរពចំពោះអត្តសញ្ញាណវប្បធម៌ និងសិល្បៈដូនតាខ្មែរ

លោកលើកឡើងដែរថា “ខ្ញុំដឹងថា រាំវង់មិនមែនជាប្រភេទបទដែលងាយល្បីទេ ប៉ុន្តែវាជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ ដែលយើងគួរតែរក្សា និងបន្តឱ្យជំនាន់ក្រោយ។ ការធ្វើបទនេះ គ្រាន់តែចង់ឱ្យបងប្អូនមានអ្វីស្តាប់ និងរាំកម្សាន្តក្នុងឱកាសបុណ្យជាតិ”។

គួរបញ្ជាក់ថា ទោះជាការចាប់ផ្តើមនេះ មិនមានការរំពឹងខ្ពស់ពីភាពជោគជ័យក៏ដោយ ឌីជេ ក្តិប នៅតែបន្តបង្ហាញចក្ខុវិស័យថា សិល្បៈមិនមែនមានតម្លៃត្រឹមតែការល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែមានតួនាទីសំខាន់ក្នុងការរក្សា និងលើកតម្លៃអត្តសញ្ញាណជាតិផងដែរ៕

ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម