Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាក្រុង ផ្តាំទៅ ត្រាំ៖ សង្គ្រាមមិនមែនការសម្តែងទេ ត្រូវប្រយ័ត្នសម្តី កុំនិយាយរាល់ថ្ងៃពេក

បានផុស

នៅ

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានផ្តាំទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យប្រើប្រាស់វោហារសាស្ត្របែបការទូតបន្តិចទៅ និងប្រយ័ត្នសម្តីជាងមុន ដោយបញ្ចេញអារម្មណ៍ពិតថា «គេមិនមែនចេះតែនិយាយរាល់ថ្ងៃទេ នៅពេលដោះស្រាយបញ្ហាពាក់ព័ន្ធសង្គ្រាមនិងស្ថិរភាពនុយក្លេអ៊ែរ ព្រោះនោះមិនមែនជាការសម្តែងឡើយ។ 

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (រូប៖ Reuters)

តាមការផ្សាយរបស់ BBC, នៅពេលទៅដល់ប្រទេសកូរ៉េខាងត្បូង សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៦ លោកម៉ាក្រុង ប្រាប់អ្នកសារព័ត៌មានថា សង្គ្រាមនៅអ៊ីរ៉ង់ត្រូវការវិធីសាស្ត្រដោះស្រាយមួយដែលម៉ឺងម៉ាត់ មិនមែនប្រែប្រួលរាល់ថ្ងៃទេ។ នេះមិនមែនជាការសម្តែងឡើយ ហើយយើងកំពុងនិយាយអំពីសន្តិភាព សង្គ្រាម និងជីវិតមនុស្សប្រុសស្រី»។

លោក ម៉ាក្រុង លើកឡើងថា៖ «នៅពេលអ្នកចង់ធ្វើការងារឲ្យមានភាពម៉ឺងម៉ាត់ អ្នកមិនត្រូវនិយាយអ្វីនៅថ្ងៃនេះដែលផ្ទុយស្រឡះពីអ្វីដែលអ្នកនិយាយកាលពីម្សិលមិញទេ ហើយក៏ប្រហែលជាអ្នកមិនគួរនិយាយរាល់ថ្ងៃពេកដែរ។ គួរតែទុកឲ្យស្ថានការណ៍ ស្ងប់ស្ងាត់ទៅវិញខ្លះទៅ»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

សម្តីលោកម៉ាក្រុង គឺសំដៅទៅលើការនិយាយត្រឡប់ត្រឡិនរបស់លោក ត្រាំ អំពីប្រតិបត្តិការយោធានៅអ៊ីរ៉ង់ ដោយមួយថ្ងៃៗប្រធានាធិបតីអាមេរិក មិនមែនត្រឹមថ្លែងទៅកាន់អ្នកកាសែតទេ ប៉ុន្តែគាត់ថែមទាំងបញ្ចេញសារជាបន្តបន្ទាប់នៅលើបណ្តាញសង្គម Truth Social ផងដែរ។

ចុងក្រោយបំផុតនេះ ប្រមុខសេតវិមានបានចេញថ្លែងការណ៍ពិសេសពាក់ព័ន្ធសង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្តែសារទាំងនោះ ត្រូវបានអ្នកវិភាគក៏ដូចជាអ្នកជំនាញខាងភូមិសាស្រ្តនយោបាយអន្តរជាតិ មើលឃើញថា ជាការនិយាយឲ្យតែរួចពីមាត់និងបង្ហាញពីផែនការមិនច្បាស់លាស់របស់អាមេរិកនៅមជ្ឈិមបូព៌ា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម