Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និង TAFTAC ប្តេជ្ញាពង្រឹងភាពជាដៃគូ បន្តអភិវឌ្ឍន៍វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Enjoy Ho ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងគណៈកម្មការប្រតិបត្តិថ្មី កាលពីរសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារឲ្យកាន់តែរីកចម្រើនប្រកបដោយសមត្ថភាពប្រកួតប្រជែង និងរក្សាបាននូវទីផ្សារសម្រាប់ការនាំចេញផលិតផលពីកម្ពុជា ដែលបានជួយបង្កើតការងារជូនកម្មករ-និយោជិត ប្រមាណ ១,២ លាននាក់ និងអ្នកទទួលផលដោយប្រយោលពីវិស័យនេះ ប្រមាណ ៣ លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងរឹងមាំរបស់សមាគម TAFTAC ដែលបានដំណើរការដោយជោគជ័យជិត ៣០ ឆ្នាំ មកហើយ ដែលរួមចំណែកធ្វើឲ្យវិស័យនេះរីកចម្រើនរហូតមកដល់ពេលនេះ។

ជាមួយគ្នានេះ លោកក៏បានអបអរសាទរចំពោះលោក Enjoy Ho ដែលត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគម TAFTAC សម្រាប់អាណត្តិទី ១៧ (២០២៦-២០២៨) ដោយលោកជឿជាក់ថា ក្រោមការដឹកនាំថ្មីប្រកបដោយថាមពលនេះនឹងធ្វើឲ្យ TAFTAC កាន់តែមានសាមគ្គីភាពដ៏រឹងមាំ និងការរីកចម្រើន បន្តរួមចំណែកក្នុងការលើកកម្ពស់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។

លោករដ្ឋមន្រ្តី បានរំលឹកថា សមាគម TAFTAC អតីត GMAC គឺជាដៃគូប្រវត្តិសាស្ត្រសហការយ៉ាងជិតស្និទ្ធ ដោះស្រាយរាល់បញ្ហាប្រឈមរួមគ្នា ក្នុងដំណាក់កាលស្ថានភាពមិនមានស្ថិរភាព រហូតដល់ក្លាយទៅជាកិច្ចសហការដែលសុខដុមរមនា និងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ដោយលោកបានគូសបញ្ជាក់ថា ប្រសិនបើមិនមានវត្តមានសមាគមទេ នោះវិស័យនេះក៏មិនអាចរីកចម្រើនបានដល់កម្រិតនេះដែរ។ ទាំងនេះបានកើតចេញពីការប្តេជ្ញាចិត្ត និងភាពអត់ធ្មត់រួមគ្នា ការគោរពគ្នាទៅវិញទៅមក ជាពិសេស ក្នុងអំឡុងពេលមានបញ្ហាលើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសមាគមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ពុជាលើការចរចា ដោយពន្យល់ពីការលើកកម្ពស់លក្ខខណ្ឌការងារល្អ សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងតួនាទីសំខាន់របស់កម្មការិនីក្នុងវិស័យនេះជាដើម។

លើសពីនេះ លោក ហេង សួរ បានគូសបញ្ជាក់ថា សមាគម TAFTAC ក៏ជាដៃគូយ៉ាងសំខាន់ និងអាចជឿទុកចិត្តរបស់រាជរដ្ឋាភិបាល និយោជក និងកម្មករ-និយោជិត ក្នុងយន្តការចរចាត្រីភាគី បង្កើតវេទិកាសន្ទនា ដែលជួយរក្សា ពង្រីក និងលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងសិទ្ធិការងារសម្រាប់កម្មករនិយោជិត ព្រមទាំងប្រយោជន៍ស្របច្បាប់របស់វិនិយោគិននៅកម្ពុជា។ ជាក់ស្តែងនាពេលថ្មីៗ នេះ សមាគម បានចូលរួមចំណែកដ៏ធំធេងក្នុងការសម្របសម្រួលជាមួយសមាជិក ក្នុងការផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាមេរិក បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ សម្រាប់កម្មករ-និយោជិត ក្នុងអំឡុងពេល នៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកលនេះ។

ជាការឆ្លើយតប លោក Enjoy Ho បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហេង សួរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការជជែកពិភាក្សា ក៏ដូចជាការបន្តការគាំទ្ររហូតមក ដោយលោកបានណែនាំថ្នាក់ដឹកនាំថ្មីក្នុងអាណត្តិរបស់លោក ជាមួយនឹងទិសដៅអាទិភាពការងារសំខាន់ៗ របស់សមាគម។ លោកក៏បានធ្វើការកត់សម្គាល់ពីការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាកិច្ចសហការកាន់តែជិតស្និទ្ធយូរអង្វែងរវាងសមាគម និងក្រសួងការងារ ដោយសង្កត់ធ្ងន់ថា ក្រសួងការងារ គឺនៅតែជាស្នូលដ៏សំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការរបស់សមាគម។ ទន្ទឹមនឹងនេះ ទស្សនវិស័យ និងគោលនយោបាយរបស់ក្រសួងការងារ គឺពិតជាមានសារៈសំខាន់ និងរក្សាបាននូវតុល្យភាពដែលបានគាំទ្រយ៉ាងច្រើនក្នុងការរីកចម្រើនរបស់សមាគម ក៏ដូចអ្នកវិនិយោគ។

លោក Enjoy Ho បានបង្ហាញការជឿជាក់លើការដឹកនាំលោករដ្ឋមន្រ្តី ហើយប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹង និងពង្រីកសហការយ៉ាងស៊ីជម្រៅជាមួយគ្នា ដើម្បីបន្តលើកកម្ពស់ស្តង់ដារកម្មករ-និយោជិត វិស័យកាត់ដេរ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយស្ថិរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម