Connect with us

ព័ត៌មានជាតិ

ការដកខ្លួនរបស់ថៃពី MOU-2001 អាចប៉ះពាល់ដល់ស្មារតីសហប្រតិបត្តិការ

បានផុស

នៅ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបចំពោះការសាកសួរពីសារព័ត៌មានជាច្រើន ពាក់ព័ន្ធនឹងការពិចារណារបស់ប្រទេសថៃ ក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ (MOU-2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នា (OCA) រវាងកម្ពុជា និងថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីបំភ្លឺ អនុស្សរណៈឆ្នាំ២០០១ គឺជាឯកសារដែលឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយ និងបំណងរួមរបស់ប្រទេសទាំងពីរ ក្នុងការបង្កើតក្របខ័ណ្ឌសម្រាប់ការសហប្រតិបត្តិការដោយស្មោះត្រង់ ដើម្បីអាចទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា ព្រមទាំងជំរុញដំណើរការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យបានបញ្ជាក់ថា អនុស្សរណៈនេះក៏បង្ហាញពីសុច្ឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងការកំណត់ព្រំដែនសមុទ្រដោយផ្អែកលើមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម។ ឯកសារនេះនៅតែមានសុពលភាព រហូតដល់គោលបំណងដែលបានកំណត់ ត្រូវបានអនុវត្តសម្រេចពេញលេញ។

ជាមួយគ្នានេះ ភាគីកម្ពុជាបានបង្ហាញការសោកស្តាយ ប្រសិនបើថៃសម្រេចដកខ្លួនជាឯកតោភាគីពីអនុស្សរណៈនេះ ដោយពិចារណាថា វាជាជំហានដែលអាចងាកចេញពីស្មារតីសហប្រតិបត្តិការដែលជាមូលដ្ឋានសំខាន់នៃកិច្ចព្រមព្រៀង។

យ៉ាងណាក៏ដោយ កម្ពុជាបានអះអាងថា នឹងបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈឆ្នាំ២០០១ ព្រមទាំងសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យមានកិច្ចព្រមព្រៀងនេះតាំងពីដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម