Connect with us

ព័ត៌មានជាតិ

អាស៊ានជំរុញឱ្យមានដំណោះស្រាយសន្តិភាព ខណៈព្រួយបារម្ភបញ្ហាថាមពល និងសន្តិសុខស្បៀង

បានផុស

នៅ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំពិសេសលើកទី២ របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា តាមប្រព័ន្ធវីដេអូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំបានស្វាគមន៍សេចក្តីប្រកាសបទឈប់បាញ់បណ្តោះអាសន្នរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ និងបង្ហាញក្តីសង្ឃឹមថា ការអនុវត្តនឹងជួយបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ និងជំរុញការដោះស្រាយជម្លោះតាមវិធីសន្តិភាព។

ក្នុងកិច្ចពិភាក្សា រដ្ឋមន្ត្រីការបរទេសអាស៊ានបានផ្តោតលើផលប៉ះពាល់នៃជម្លោះ ដោយពិសេសលើសន្តិសុខថាមពល ស្បៀងអាហារ ខ្សែច្រវាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូន។ ព្រមទាំងបានពិភាក្សាអំពីវិធានការដើម្បីពង្រឹងភាពធន់ និងធានាស្ថិរភាពក្នុងតំបន់។

លោក ប្រាក់ សុខុន បានលើកឡើងពីសារៈសំខាន់នៃការបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន រួមមានការពន្លឿនគម្រោងបំពង់បង្ហូរឧស្ម័នអន្តរអាស៊ាន កិច្ចព្រមព្រៀងសន្តិសុខប្រេង ការចែករំលែកទិន្នន័យ និងការត្រៀមវិធានការបន្ទាន់ ដូចជាការបម្រុងប្រេងឥន្ធនៈ។ ទន្ទឹមនឹងនេះ ក៏បានសង្កត់ធ្ងន់លើការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការធ្វើពិពិធកម្មប្រភពថាមពល។

ពាក់ព័ន្ធនឹងសន្តិសុខស្បៀង លោកបានបញ្ជាក់ថា ការកើនឡើងតម្លៃថាមពលបានបង្កើនចំណាយក្នុងវិស័យកសិកម្ម និងរំខានដល់ការផ្គត់ផ្គង់ជី ដែលអាចនាំឱ្យមានការខ្វះខាត និងប៉ះពាល់ដល់ទិន្នផល ជាពិសេសចំពោះប្រជាពលរដ្ឋងាយរងគ្រោះ។

ជាមួយគ្នានេះ អាស៊ានត្រូវបន្តពង្រឹងកិច្ចសម្របសម្រួល ដើម្បីធានាសន្តិសុខស្បៀង តាមរយៈការប្រើប្រាស់យន្តការដែលមានស្រាប់ ដូចជា ស្រូវបម្រុងអាស៊ានបូកបី និងប្រព័ន្ធព័ត៌មានសន្តិសុខស្បៀង សម្រាប់ការចែករំលែកព័ត៌មាន និងចល័តធនធានឱ្យមានប្រសិទ្ធភាព។

នៅចុងក្រោយ កម្ពុជាបានបញ្ជាក់ពីការត្រៀមខ្លួនបន្តសហការជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីពង្រឹងភាពធន់រួម និងលើកកម្ពស់តួនាទីការទូត ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម