Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនបច្ចេកវិទ្យាពីរចាប់ដៃគ្នា វិនិយោគលើការដំឡើងឧបករណ៍អេឡិចត្រូនិក (Tablet) ផ្គត់ផ្គង់ទីផ្សារកម្ពុជា

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ០៨ ខែមេសា ២០២៦ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Haier Haitech និង KH Haitech ដឹកនាំដោយលោក Liu Wei និងអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន អគ្គនាយកក្រុមហ៊ុន KH Haitech ដើម្បីពិភាក្សាគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតឧបករណ៍បច្ចេកវិទ្យា ការនាំយកដំណោះស្រាយ​ឌីជីថល និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញបច្ចេកវិទ្យានៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «យើងស្វាគមន៍ចំពោះវឌ្ឍនភាពនៃផែនការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការរៀបចំខ្សែច្រវ៉ាក់ផលិតកម្មនៅកម្ពុជា។ ក្រសួងក៏ត្រៀមលក្ខណៈគាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុន រួមទាំងការរៀបចំប្លង់បច្ចេក​ទេសរោងចក្រ លិខិតអនុញ្ញាត និងការការពារកម្មសិទ្ធិឧស្សាហកម្ម។»

លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអនុវត្តគម្រោងនេះជាដំណាក់កាល ដើម្បីបង្ហាញប្រសិទ្ធភាព និងសក្តានុពលនៃបច្ចេកវិទ្យារបស់ខ្លួន មុននឹងពង្រីកវិសាលភាពទូលំទូលាយនៅទូទាំងប្រទេស។

សម្រាប់គម្រោងជំហានទី១ ក្រុមហ៊ុនគាំទ្រដល់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក (E-education) ជាមួយឧបករណ៍តម្លៃធូរថ្លៃ និងថ្នាលអប់រំនិងបណ្តុះបណ្តាលដ៏មានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានបន្ថែមថា៖ «ក្រុមហ៊ុនអាចចាប់ផ្តើមជាមួយគម្រោងសាកល្បង ក្នុងការណែនាំផលិតផល និងដំណោះស្រាយរបស់ខ្លួន។ បន្ទាប់ពីនោះ យើងអាចកៀរគរភាគីពាក់ព័ន្ធកាន់តែទូលំទូលាយ និងពិចារណាជំហានបន្ទាប់។»

លោក Liu Wei បានបង្ហាញការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Haier Haitech នៅកម្ពុជា ដោយបញ្ជាក់ថា យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន រួមបញ្ចូលទាំងការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពធនធានមនុស្សក្នុងស្រុកផង។

លោកបានលើកឡើងថា៖ «យើងមិនគ្រាន់តែចង់លក់ផលិតផលទេ ប៉ុន្តែយើងចង់នាំយកបច្ចេកវិទ្យា បង្កើតខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ បណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក និងសហការជាមួយកម្ពុជា សម្រាប់អនាគតរយៈពេលវែង។»

អ្នក​ឧកញ៉ា សំ សុខនឿន ​មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ​នៅកម្ពុជាមិនទាន់មានផលិតផល ​Device ​នៅឡើយទេ ​ខណៈក្រុមហ៊ុន KH HAITECH ​ដែលមានបច្ចេកវិទ្យាអន្តរជាតិបាននាំបច្ចេកវិទ្យានេះចូល ​ដើម្បីគាំទ្រលើម៉ាកផលិតផលខ្មែរ (យីហោខ្មែរ) ដែលហៅថា K HAITECH ដែលជាយីហោ​របស់​កូន​ខ្មែរ ស្ថិតក្រោមក្រុមហ៊ុនខ្មែរ ដែលមានការគាំទ្របច្ចេកវិទ្យា​ពីក្រុមហ៊ុនហាយអឺគ្រុប។​

បើតាមលោកបណ្ឌិត សំ សុខនឿន ​ឧបករណ៍អេឡិចត្រូនិករបស់​ក្រុមហ៊ុន KH HAITECH គ្រោងដំឡើង​គ្រឿង​បង្គុំ​​ចំនួន ១ ម៉ឺនគ្រឿង ​ដែល​នឹង​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ក្នុងស្រុក ​និង​ឈាន​ទៅ​រក​ការ​នាំចេញ​ដែល​មាន​តម្លៃ​សមរម្យ៕

ក្រុមហ៊ុន Haier Haitech ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Haier Group មានបណ្តាញរោងចក្រចំនួន ១៦៣ ទីតាំង និងផ្តល់ដំណោះស្រាយចម្រុះ រួមបញ្ចូលទាំងឧបករណ៍រឹង (hardware) និងសូហ្វវែរ គ្របដណ្តប់វិស័យសំខាន់ៗ ដូច​ជា​ការអប់រំតាមប្រព័ន្ធឌីជីថល សុខាភិបាលឆ្លាតវៃ ទីក្រុងឆ្លាតវៃ និងខ្សែច្រវាក់ផលិតកម្មឆ្លាតវៃ ដោយមានប្រតិបត្តិការនៅជាង ៦០ ប្រទេសជុំវិញពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម