Connect with us

ព័ត៌មានអន្ដរជាតិ

ការភាន់ច្រឡំរឿងលីបង់ ក្នុងបទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ កំពុងធ្វើឲ្យ​ប៉ាគីស្ថានរងការរិះគន់ខ្លាំង

បានផុស

នៅ

អ្វីដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាជោគជ័យផ្នែកការទូតដ៏ធំបំផុតរបស់ប្រទេសប៉ាគីស្ថានក្នុងរយៈពេលជាច្រើនទសវត្សរ៍ បានប្រែទៅជាភាពច្របូកច្របល់ និងការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងរយៈពេលមិនដល់២៤ម៉ោងផង។ សំណួរដ៏ក្ដៅគគុកដែលពិភពលោកកំពុងសួរនៅពេលនេះគឺ៖ តើវាជាកំហុសរបស់ប៉ាគីស្ថានមែនទេ ដែលធ្វើឲ្យ​មានការភាន់ច្រឡំថា ប្រទេសលីបង់ក៏ត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Shehbaz Sharif (រូបថត៖ REUTERS)

ចំណុចផ្ដើមនៃភាពចម្រូងចម្រាស

កាលពីថ្ងៃអង្គារ​ទី​៧ខែមេសា​ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសដោយក្តីរំភើបនៅលើបណ្តាញសង្គម X ថា បទឈប់បាញ់រយៈពេលពីរសប្តាហ៍ត្រូវបានព្រមព្រៀងគ្នាហើយ។ អ្វីដែលធ្វើឲ្យ​គ្រប់គ្នាចាប់អារម្មណ៍នោះ គឺលោកបានសរសេរយ៉ាងច្បាស់ៗថា បទឈប់បាញ់នេះមានប្រសិទ្ធភាព «នៅគ្រប់ទីកន្លែង រួមទាំងប្រទេសលីបង់ផងដែរ»។

ភ្លាមៗបន្ទាប់ពីការប្រកាសនេះ ទីក្រុងតេហេរ៉ង់បានយល់ស្របតាមការបកស្រាយរបស់ប៉ាគីស្ថាន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែលបានចេញមុខបដិសេធយ៉ាងដាច់អហង្ការ។ យោងតាមប្រភពព័ត៌មានពី India Today និង The Guardian អ៊ីស្រាអែលបានឆ្លើយតបទៅនឹងការប្រកាសនេះ ដោយការបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាបំផុតលើទីក្រុងបេរូត នៃ​ប្រទេសលីបង់ ដែលបណ្តាលឲ្យ​មនុស្សស្លាប់ជាង​២៥០នាក់ ដោយអះអាងថា លីបង់មិនដែលស្ថិតក្នុងកិច្ចព្រមព្រៀងនោះឡើយ។

ការបកស្រាយខុស ឬជាចេតនារបស់អ្នកសម្របសម្រួល?

អ្នកវិភាគអន្តរជាតិជាច្រើនបានចង្អុលមុខទៅលើប៉ាគីស្ថាន ដែលជាអ្នកដើរតួជាអ្នកកណ្តាល។ យោងតាមរបាយការណ៍ពី The Economic Times មានការសង្ស័យថា ប៉ាគីស្ថានអាចនឹងផ្តល់ «ឯកសារកំណែខុសគ្នា» ទៅឲ្យ​ភាគីទាំងសងខាង ដើម្បីបង្ខំ​ឲ្យ​មានកិច្ចព្រមព្រៀង។ មានន័យថា ប៉ាគីស្ថានប្រាប់អ៊ីរ៉ង់ថា «លីបង់ត្រូវបានរាប់បញ្ចូល» ដើម្បី​ឲ្យអ៊ីរ៉ង់យល់ព្រម ខណៈប្រាប់អាមេរិកថា «កិច្ចព្រមព្រៀងផ្តោតតែលើអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្នុងឈូងសមុទ្រប៉ុណ្ណោះ»។

អនុប្រធានាធិបតីអាមេរិក លោក JD Vance បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាមេរិកមិនដែលសន្យាថានឹងបញ្ឈប់ការវាយប្រហារនៅលីបង់នោះទេ ដោយចាត់ទុកថាវាជា «ជម្លោះដាច់ដោយឡែក» ពីបញ្ហាអ៊ីរ៉ង់។

ផលវិបាកដ៏គ្រោះថ្នាក់

ការភាន់ច្រឡំនេះមិនមែនជារឿងលេងសើចឡើយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters អ៊ីរ៉ង់បានប្រតិកម្មភ្លាមៗដោយការបិទច្រកសមុទ្រ Hormuz ជាថ្មីម្តងទៀត និងបានគំរាមដកខ្លួនចេញពីកិច្ចព្រមព្រៀងទាំងស្រុង ប្រសិនបើអាមេរិកមិនអាចឃាត់ឃាំងអ៊ីស្រាអែលបាន។

បច្ចុប្បន្ន រដ្ឋាភិបាលប៉ាគីស្ថានកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការបកស្រាយអំពីអ្វីដែលបានកើតឡើង។ អ្នកជំនាញខ្លះបានរិះគន់ថា នេះគឺជាលទ្ធផលនៃការធ្វើការទូតបែប «ប្រញាប់ប្រញាល់» ដើម្បីយកមុខមាត់ ដោយខ្វះការពិនិត្យលើចំណុចលម្អិតនៃបច្ចេកទេសច្បាប់អន្តរជាតិ។

សរុបមក ទោះបីជាប៉ាគីស្ថានព្យាយាមដើរតួជាអ្នកនាំមកនូវសន្តិភាព ប៉ុន្តែភាពមិនច្បាស់លាស់នៃខ្លឹមសារដែលខ្លួនបានផ្សព្វផ្សាយ បានធ្វើឲ្យ​ស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែស្មុគស្មាញ និងផុយស្រួយជាងមុនទៅទៀត៕

អត្ថបទ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម