Connect with us

ព័ត៌មានអន្ដរជាតិ

លិខិតឆ្លងដែនអាមេរិកស៊េរីថ្មី មានរូបលោក ដូណាល់ ត្រាំ

បានផុស

នៅ

រដ្ឋបាលសេតវិមាន បានបញ្ជាក់ជាផ្លូវការថា សហរដ្ឋអាមេរិកនឹងបញ្ចេញលិខិតឆ្លងដែនប្រភេទពិសេសថ្មី​ ដែលមានរូបថតលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីអបអរសាទរខួប ២៥០ឆ្នាំ នៃការ​ប្រកាសឯករាជ្យ នា​ខែកក្កដាខាងមុខ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ BBC នា​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២៦។

គំរូប​លិខិត​ឆ្លង​ដែន​ស៊េរី​ថ្មី​របស់​អាមេរិក ដែល​មាន​រូបលោក ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរូបភាពគំរូ ដែលចេញដោយក្រសួងការបរទេសអាមេរិក នៅក្នុងលិខិតឆ្លងដែនថ្មីនេះ គេឃើញមាន រូបភាពលោក ត្រាំ ព័ទ្ធជុំវិញដោយខ្លឹមសារនៃសេចក្តីប្រកាសឯករាជ្យ និងទង់ជាតិអាមេរិក ព្រមទាំងមានហត្ថលេខារបស់លោក ជាពណ៌មាសយ៉ាងស្រស់ស្អាតទៀតផង។ មន្ត្រីរដ្ឋបាលអាមេរិក បានប្រាប់​ឲ្យ​ដឹងថា ប្រជាពលរដ្ឋអាមេរិកគ្រប់រូបអាចដាក់ពាក្យស្នើសុំលិខិតឆ្លងដែនស៊េរីថ្មីនេះបាន ប៉ុន្តែវាមានចំនួនកំណត់ ហើយអាចរកបានតែនៅភ្នាក់ងារលិខិតឆ្លងដែន ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីតែប៉ុណ្ណោះ។

អ្នកនាំពាក្យសេតវិមាន បានលើកឡើងថា ការរចនាលិខិតឆ្លងដែនបែបស្នេហាជាតិថ្មីនេះ គឺជាវិធីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រជាជនអាមេរិក ក្នុងការចូលរួមអបអរសាទរខួបកំណើតដ៏ធំរបស់ប្រទេស។ បន្ថែមពីលើលិខិតឆ្លងដែននេះ ក៏មានកម្មវិធីធំៗជាច្រើនទៀតដូចជា ការប្រកួតកីឡា ការតាំងពិព័រណ៍ថ្នាក់ជាតិ និងការប្រណាំងឡាន ដើម្បីបង្ហាញពីស្មារតីស្នេហាជាតិ និងមោទនភាពជាតិនៅក្នុងឱកាសប្រវត្តិសាស្ត្រនេះ។

ក្រៅពីលិខិតឆ្លងដែន លោកប្រធានាធិបតី ត្រាំ ក៏កំពុងបន្សល់ទុកនូវ​និមិត្ត​សញ្ញា​ផ្ទាល់ខ្លួនយ៉ាងច្រើននៅលើកម្មវិធីរដ្ឋ និងអគារសាធារណៈនានា។ ថ្មីៗនេះ រោងពុម្ពប្រាក់អាមេរិក បានប្រកាសគម្រោងផលិតកាក់មាស ដែលមានរូបលោក ត្រាំ ហើយលោកក៏នឹងក្លាយជាប្រធានាធិបតីកាន់អំណាចដំបូងគេ ដែលមានហត្ថលេខាលើក្រដាសប្រាក់អាមេរិកផងដែរ។ លើសពីនេះ មជ្ឈមណ្ឌលសិល្បៈ Kennedy Center ក៏ត្រូវបានប្តូរឈ្មោះទៅជាមជ្ឈមណ្ឌល «Trump-Kennedy Center» ដែលបង្កឲ្យមានការរិះគន់ពីគ្រួសារអតីតប្រធានាធិបតី Kennedy។ ទន្ទឹមនឹងនោះ ក៏មានគម្រោងសាងសង់ «ខ្លោងទ្វារជ័យជម្នះ» កម្ពស់ ៧៦ម៉ែត្រ ដែលមានឈ្មោះថា «Arc de Trump» នៅកណ្តាលទីក្រុងវ៉ាស៊ីនតោនឌីស៊ីទៀតផង។

សូម្បីតែសេតវិមានផ្ទាល់ ក៏ត្រូវបានលោក ត្រាំ កែប្រែរូបរាងយ៉ាងខ្លាំង ដោយលោកបានវាយកម្ទេចអគារផ្នែកខាងកើត (East Wing) ដើម្បីសាងសង់សាលរាំដ៏ធំមួយវិញ។ សកម្មភាពនេះ បានធ្វើឲ្យ​សេតវិមានប្រឈមនឹងការប្តឹងផ្តល់ពីអង្គការអភិរក្សប្រវត្តិសាស្ត្រជាតិ ដោយសារតែការសាងសង់នេះ បានចាប់ផ្តើមមុនពេលដាក់គម្រោងសុំច្បាប់ជាផ្លូវការ។ តាមរយៈសកម្មភាពទាំងអស់នេះ គេឃើញថា អតីតកាល និងបច្ចុប្បន្នកាលរបស់អាមេរិក កំពុងត្រូវបានរៀបចំសាជាថ្មីក្រោមរូបភាព និងឈ្មោះរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម