Connect with us

វប្បធម៌ ជំនឿ

គប្បីដឹង! វេលាមហាសង្ក្រាន្ត និងគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី

បានផុស

នៅ

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តែងគោរពប្រណិបត្តិតាមជំនឿបុរាណយូរលង់មកហើយ គឺថ្ងៃទី១ ហៅថា វារៈមហាសង្ក្រាន្ត (ឬថ្ងៃមហាសង្ក្រាន្ត) ជាជំនឿនៃការផ្លាស់វេនទេព្តាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។ ខណៈការផ្លាស់ប្តូរវេននៃអង្គទេពធីតា ត្រូវបានគេជឿថា ជាការប្តូរតួនាទីគ្រប់គ្រង រវាងរាជបុត្រីទាំង៧អង្គ របស់កបិលមហាព្រហ្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសៀវភៅមហាសង្ក្រាន្ត សិក្សាស្រាវជ្រាវនិងចងក្រងដោយ លោក អ៉ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ សម្រាប់ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលត្រូវនឹងឆ្នាំគ្រិស្ករាជ ២០២៦។ ខណៈវារៈមហាសង្ក្រាន្ត គឺចំថ្ងៃអង្គារ៍ ជាវេនរបស់រាជបុត្រីទី៣ កបិលមហាព្រហ្ម ព្រះនាម “រាក្យសាទេវី” ដែលនឹងឡើងកាន់តំណែងជាទេព្តាឆ្នាំថ្មីនេះ។

មគ្គនាយិកាកាន់តំណែងឆ្នាំមមីនេះ គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបុទុម ( ផ្កាឈូក ) អាភរណៈទ្រង់ម៉ោរា។ ព្រះហស្ថស្តាំទ្រង់ត្រីសូល៍, ព្រះហស្តឆ្វេងទ្រង់កៅទណ្ឌ ( ធ្នូ ), ភក្សាហារលោហិត ( ឈាម ) គង់លើអស្សតរជាពាហនៈ (សេះ) ដោយមានកិរិយាឈរបើកព្រះនេត្រ។

ទ្រង់នឹងយាងចុះនៅថ្ងៃអង្គារ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨ នាទីព្រឹក ចំថ្ងៃទី១ នៃពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលហៅថា វារៈមហាសង្ក្រាន្ត (ឬថ្ងៃមហាសង្ក្រាន្ត)។

ចំពោះគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មីវិញ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ធ្លាប់បញ្ជាក់ឱ្យដឹងថា តាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលីការផ្សេងៗ ដោយត្រូវក្រាលសំពត់ពណ៌ស ឬពណ៌ក្រហម តាមលទ្ធភាពដែលមាន។

ចំណែកការរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានដូចជាអាទិ៍៖
– បាយសី ៩ថ្នាក់ មួយគូ
– បាយសី ៧ថ្នាក់ មួយគូ
– បាយសី ៥ថ្នាក់មួយគូ
– បាយសី ៣ថ្នាក់មួយគូ
– បាយសីប៉ាឆាមមួយគូ
– ស្លាធម៌មួយគូ
– ទឹកអប់មួយគូ, ទៀន៥, ធូប៥, លាច៥, ផ្កា៥ ដាក់លើជើងពាន ១គូ, ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន ១១គូ, ដូងឡៅមួយគូ ទឹកស្អាត២កែវ។

ក្រសួងវប្បធម៌ គូសបញ្ជាក់ដែរថា ចំពោះបាយសី ៩ថ្នាក់ ៧ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅ «ព្រះរាជពិធីទ្វារទសមាស» និងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្ដគួរធ្វើត្រឹម ៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជាដែលមានទៀន៥ ធូប៥ ស្លាធម៌ កូនចេកមួយគូ ក៏ល្មមសមគួរដែរ

ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្ដគួររៀបឱ្យបានត្រឹម ៣ ឬ ៥មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ហើយនៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ។

បន្ទាប់មក នៅវេលាម៉ោងដែលទេវតាចុះមក ត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការ ព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា។

ជាទូទៅ ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរ នឹងរៀបចំបោសសម្អាតផ្ទះសំបែង និងមានតុបតែងខ្លះៗ តាមរបៀបនិយមជាអត្តសញ្ញាណខ្មែរ ពិសេសនៅតាមទីសាធារណៈ ក៏ដូចជាកន្លែងសំខាន់ៗសម្រាប់ឱកាសជួបជុំនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម