ព័ត៌មានជាតិ
ជាថ្មីម្តងទៀត កម្ពុជាប្រកាសតវ៉ាយ៉ាងដាច់អហង្ការ ចំពោះការកាន់កាប់តំបន់បេតិកភណ្ឌកម្ពុជាដោយខុសច្បាប់ពីភាគីថៃ
ភ្នំពេញ៖ នាយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បង្ហាញការតវ៉ាយ៉ាងដាច់អហង្ការ និងមុតមាំ ចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសថៃ លើតំបន់បេតិកភណ្ឌវប្បធម៌ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

តាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា តំបន់ដែលរងការកាន់កាប់រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗ ដែលស្ថិតនៅក្នុងដែនដីកម្ពុជា។ ក្រសួងបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានអាជ្ញាធរថៃ និងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ និងការដំឡើងរូបសំណាកជាបន្តបន្ទាប់ ដែលបង្កើតជាស្ថានភាពជាក់ស្តែងលើដី (faits accomplis) និងជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
លើសពីនេះ ក្រសួងបានលើកឡើងថា ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនេះ បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា សកម្មភាពរបស់ភាគីថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ និងឯកសារច្បាប់ពាក់ព័ន្ធជាច្រើន រួមមាន អនុស្សរណៈយោគយល់ ឆ្នាំ២០០០ លក្ខខណ្ឌយោង ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ព្រមទាំងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។
ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវយ៉ាងម៉ឺងម៉ាត់ ដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ និងដកចេញទាំងស្រុងនូវកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ ព្រមទាំងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ជាមួយគ្នានេះ កម្ពុជា បានបញ្ជាក់ពីការបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ហើយអំពាវនាវឱ្យភាគីថៃ អនុវត្តតួនាទីប្រកបដោយទំនួលខុសត្រូវ និងចូលរួមយ៉ាងសកម្មក្នុងយន្តការទ្វេភាគី កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលមានស្រាប់ រួមទាំងគណៈកម្មការព្រំដែនរួម (JBC) ផងដែរ។
ក្រសួងបានបន្ថែមថា ការចាត់វិធានការកែតម្រូវជាបន្ទាន់ពីភាគីថៃ គឺជាកត្តាចាំបាច់ ដើម្បីរក្សាសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ៕


-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


