Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកដាក់លក្ខខណ្ឌហាមឃាត់​អ៊ុយរ៉ាញ៉ូម​អ៊ីរ៉ង់​២០​ឆ្នាំ កាល​កិច្ចចរចា​នៅ​ប៉ាគីស្ថាន

បានផុស

នៅ

កិច្ចចរចាដ៏តឹងតែងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីចុងសប្តាហ៍កន្លងទៅ បានបញ្ចប់ទៅដោយគ្មានលទ្ធផលជាផ្លែផ្កា បន្ទាប់ពីភាគីទាំងពីរមិនអាចរកចំណុចរួមគ្នាបានជុំវិញបញ្ហានុយក្លេអ៊ែរ។ ប្រភពព័ត៌មានពី Axios បានឲ្យ​ដឹងថា ចំណុចដែលជាឧបសគ្គធំបំផុតនោះ គឺការដែលសហរដ្ឋអាមេរិកបានទាមទារឲ្យ​អ៊ីរ៉ង់យល់ព្រមផ្អាកសកម្មភាពចម្រាញ់អ៊ុយរ៉ាញ៉ូមរយៈពេលយ៉ាងតិច២០​ឆ្នាំ ព្រមទាំងដាក់ចេញនូវការរឹតត្បិតផ្សេងៗទៀតជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយរបស់ India Today នា​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០២៦ សំណើរបស់អាមេរិកនេះ ត្រូវបានចាត់ទុកថាជាការទាមទារដ៏ធ្ងន់ធ្ងរមួយដែលអ៊ីរ៉ង់មិនអាចទទួលយកបាន។ ជាការឆ្លើយតប អ៊ីរ៉ង់បានច្រានចោលសំណើនេះ ហើយបានស្នើត្រឹមតែរយៈពេលខ្លីមួយខ្ទង់ប៉ុណ្ណោះ ដែលបង្ហាញ​ឲ្យ​ឃើញពីគម្លាតដ៏ធំរវាងគោលជំហររបស់ភាគីទាំងពីរ។ ក្រៅពីបញ្ហានេះ ភាគីអាមេរិកក៏បានទាមទារឲ្យ​អ៊ីរ៉ង់បញ្ជូនអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ទាំងអស់ចេញពីប្រទេស ប៉ុន្តែភាគីអ៊ីរ៉ង់បានស្នើឲ្យ​មានដំណើរការត្រួតពិនិត្យ និងកាត់បន្ថយកម្រិតអ៊ុយរ៉ាញ៉ូមជំនួសវិញ។

ទោះបីជាកិច្ចពិភាក្សានេះមិនទាន់មានវឌ្ឍនភាពក៏ដោយ ប៉ុន្តែមន្ត្រីអាមេរិកម្នាក់បានបង្ហើបប្រាប់ Axios ថា ការចូលរួម និងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅរកកិច្ចព្រមព្រៀងនៅតែបន្ត។ កិច្ចចរចានេះមានការសម្របសម្រួលយ៉ាងសកម្មពីសំណាក់ប្រទេសប៉ាគីស្ថាន អេហ្ស៊ីប និងតួកគី ដោយពួកគេមើលឃើញថា នេះជាឱកាសដ៏កម្រមួយក្នុងការកាត់បន្ថយភាពតានតឹង មុនពេលកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយមួយនឹងត្រូវផុតកំណត់នៅថ្ងៃទី២១មេសាខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងកំពុងតែបន្តដើម្បីផ្សារភ្ជាប់គម្លាតដែលនៅសេសសល់។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ក៏កំពុងចូលរួមយ៉ាងសកម្មក្នុងនាមជាអ្នកសម្របសម្រួលផងដែរ។ លោក Fidan បានលើកឡើងថា ជាធម្មតានៅក្នុងដំណាក់កាលដំបូងនៃការចរចា ភាគីនីមួយៗតែងតែដាក់លក្ខខណ្ឌអតិបរមា ប៉ុន្តែអ្វីដែលសំខាន់គឺភាគីទាំងពីរហាក់នៅតែមានឆន្ទៈរក្សាកិច្ចព្រមព្រៀងឈប់បាញ់។

យ៉ាង​ណាមិញ បរិយាកាសនៃការចរចាបានប្រែជាតានតឹងឡើងវិញ នៅពេលដែលគណៈប្រតិភូអាមេរិកបានចាកចេញពីទីក្រុងអ៊ីស្លាម៉ាបាដយ៉ាងប្រញាប់ប្រញាល់។ ភាគីអ៊ីរ៉ង់ ដែលមានជំនឿថាពួកគេកំពុងខិតជិតដល់កិច្ចព្រមព្រៀងបឋមមួយ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលអនុប្រធានាធិបតីអាមេរិក លោក JD Vance បានចេញមុខស្តីបន្ទោសអ៊ីរ៉ង់ជាសាធារណៈ និងបានប្រកាសបញ្ចប់កិច្ចចរចានេះ ដែលធ្វើឲ្យ​អ្នកចរចាអ៊ីរ៉ង់មានការខឹងសម្បារយ៉ាងខ្លាំង។

កាល​ពី​ថ្ងៃទី​១៣​មេសា​ ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា អាមេរិកបានទទួលការទាក់ទងពី «មនុស្សដែលត្រឹមត្រូវនៅអ៊ីរ៉ង់» ហើយថាទីក្រុងតេហេរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងមួយ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ លោកត្រាំ ក៏កំពុងជំរុញសម្ពាធ​ឲ្យ​កាន់តែខ្លាំង ដោយបានប្រកាសដាក់ចេញនូវការបិទផ្លូវនាវាចរណ៍ដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម