Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថានស្វាគមន៍​ដែលអាមេរិកពន្យារពេលឈប់បាញ់ តែ​អ៊ីរ៉ង់មិន​ពេញចិត្ត!

បានផុស

នៅ

លោក Shehbaz Sharif ដែលជានាយករដ្ឋមន្ត្រីរបស់ប្រទេសប៉ាគីស្ថាន បានចេញមុខមកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះការសម្រេចចិត្តពន្យារពេលនៃកិច្ចព្រមព្រៀងឈប់បាញ់ជាមួយប្រទេសអ៊ីរ៉ង់។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចចិត្តដ៏សំខាន់នេះគឺធ្វើឡើងតាមសំណើផ្ទាល់របស់ខាងភាគីប៉ាគីស្ថានតែម្តង។

លោក ដូណាល់ ត្រាំ និង​លោក Shehbaz Sharif (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះផ្សាយ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២៦ សារព័ត៌មាន UNN បាន​ឲ្យ​ដឹង​ថា នៅក្នុងសារលិខិតមួយ លោក Sharif បានលើកឡើងក្នុងនាមខ្លួនលោកផ្ទាល់ និងក្នុងនាមលោកមេទ័ពធំ Syed Asim Munir ដោយអរគុណលោកត្រាំ ដែលយោគយល់ និងទទួលយកសំណើរបស់ប៉ាគីស្ថានក្នុងការបន្តសន្តិភាពបណ្តោះអាសន្ននេះ។ លោកក៏បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរពតាមការឈប់បាញ់នេះ ហើយបន្តការចរចាគ្នាទៅមុខទៀត ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ពិតប្រាកដមួយសម្រាប់ថ្ងៃអនាគត។

យ៉ាង​ណាមិញ បំណងល្អរបស់ប៉ាគីស្ថាន និងអាមេរិកហាក់បីដូចជាមិនបានធ្វើឲ្យភាគីអ៊ីរ៉ង់សប្បាយចិត្តឡើយ។ តាម​ការ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Mehdi Mohammadi ដែលជាទីប្រឹក្សារបស់ប្រធានសភាអ៊ីរ៉ង់ បាននិយាយរិះគន់យ៉ាងធ្ងន់ៗថា ការពន្យារពេលឈប់បាញ់នេះគឺគ្មានន័យអ្វីទាំងអស់សម្រាប់ពួកគេ។ លោកបានបន្ថែមទៀតថា ភាគីដែលកំពុងចាញ់ប្រៀបគឺមិនអាចមកកំណត់លក្ខខណ្ឌឲ្យអ្នកដទៃបានឡើយ ហើយលោកយល់ថា អ៊ីរ៉ង់ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត។

ក្រៅពីការបដិសេធហើយនោះ មន្ត្រីជាន់ខ្ពស់រូបនេះថែមទាំងបានចោទប្រកាន់ទៀតថា សកម្មភាពរបស់អាមេរិកគ្រាន់តែជាល្បិចកិច្ចកលដើម្បីទិញពេលវេលា សម្រាប់ត្រៀមខ្លួនបើកការវាយប្រហារដោយមិនឲ្យដឹងខ្លួនតែប៉ុណ្ណោះ។ សភាពការណ៍កាន់តែតានតឹងឡើង បន្ទាប់ពីមានព័ត៌មានថា អ៊ីរ៉ង់បានសម្រេចចិត្តឈប់ចរចាជាមួយអាមេរិកលើកិច្ចព្រមព្រៀងថ្មីៗ ខណៈដែលការពិភាក្សាគ្នាដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ត្រូវបានពន្យារពេលទៅមុខដោយមិនទាន់មានកាលកំណត់ច្បាស់លាស់នៅឡើយទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម