Connect with us

ព័ត៌មានអន្ដរជាតិ

មេក្រុម ហេសបូឡា៖ ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺជា «អំពើបាបដ៏សែនធ្ងន់»

បានផុស

នៅ

ដោយចោទប្រកាន់អ៊ីស្រាអែលថា រំលោភបទឈប់បាញ់ម្តងហើយម្តងទៀត ពេលនេះ មេក្រុមហេសបូឡា បានចេញមុខប្រកាសជាសាធារណៈថា ការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺជា «អំពើបាបដ៏សែនធ្ងន់»។

(រូប៖ Reuters)

ក្នុងសេចក្តីថ្លែងការណ៍ ផ្សាយដោយសារព័ត៌មាន Asharq Al-Awsat នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ លោក Naim Qassem បានច្រានចោលការចរចា ជាមួយភាគីអ៊ីស្រាអែល។ លោកអះអាងថា៖ «យើងបដិសេធដាច់ខាត ចំពោះការចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ហើយអ្នកកាន់អំណាចគួរដឹងថា សកម្មភាពរបស់ពួកគេ នឹងមិនផ្តល់ផលប្រយោជន៍ដល់លីបង់ ឬដល់ខ្លួនពួកគេឡើយ»។

ទន្ទឹមនោះដែរ លោកបញ្ជាក់យ៉ាងច្បាស់ថា៖ «ទោះសត្រូវគំរាមកំហែងខ្លាំងប៉ុនណាក៏ដោយ ក៏យើងមិនដកថយឡើយ ហើយយើងមិនឱនក្បាលដាច់ខាត ក៏មិនទទួលបរាជ័យដែរ។ ពិតណាស់! ការចរចាជាមួយអ៊ីស្រាអែល គឺជាអំពើបាបដ៏ដែនធ្ងន់ ដែលនឹងធ្វើឲ្យប្រទេសលីបង់ បាត់បង់ស្ថិរភាព»។

(រូប៖ Reuters)

សេចក្តីប្រកាសនេះ កើតឡើងបន្ទាប់ពី ក្រុមហេសបូឡា ចោទថា អ៊ីស្រាអែល រំលោភបទឈប់បាញ់ តាមរយៈការវាយប្រហារ សម្លាប់មនុស្ស ១៤នាក់ និងរបួស ៣៧នាក់ កាលពីចុងសប្តាហ៍។

តាមការឲ្យដឹងពី ក្រសួងសុខាភិបាលលីបង់, ក្នុងចំណោមអ្នកស្លាប់និងរបួស ក៏មានស្រ្តីនិងកុមារតូចៗ ផងដែរ។

(រូប៖ Reuters)

ដំបូង បទឈប់បាញ់អ៊ីស្រាអែ-លីបង់ ចាប់អនុវត្តនៅថ្ងៃទី១៦ ខែមេសា ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយលោកបង្ហាញក្ដីសង្ឃឹមថា បទឈប់បាញ់នេះ គឺជា «ជំហានដ៏សំខាន់» ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព កាន់តែធំជាមួយអ៊ីរ៉ង់និងទប់ស្កាត់សង្គ្រាមតំបន់។

ក្រោយមក ប្រមុខសេតវិមាន ក៏ប្រកាសបន្តបទឈប់បាញ់ រយៈពេល១០ថ្ងៃទៀត ប៉ុន្តែទាំងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ សុទ្ធតែចោទដាក់គ្នាថា រំលោភបំពាន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម