Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី

បានផុស

នៅ

នយោបាយផ្ទៃក្នុងថៃនៅដើមឆ្នាំ ២០២៦ នេះកំពុងស្ថិតក្នុងភាពជាប់គាំង និងមានភាពតានតឹងខ្លាំង ដោយសារជម្លោះរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង ព្រមទាំងភាពមិនចុះសម្រុងក្នុងរដ្ឋាភិបាលចម្រុះ។ វិបត្តិនយោបាយផ្ទៃក្នុងនេះហើយ បានគំរាមកំហែងវិនិយោគិនបរទេស និងបានដកខ្លួនចេញពីប្រទេសនេះជាបន្តបន្ទាប់។ ស្ថានភាពនេះជះឥទ្ធិពលដល់ស្ថិរភាពសេដ្ឋកិច្ច និងសន្តិសុខព្រំដែន ដោយជារឿយៗថៃតែងប្រើប្រាស់យុទ្ធសាស្ត្រទាញយកបញ្ហាព្រំដែនជាមួយកម្ពុជាមកដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួន។

លោក អានុទីន​ ឆានវីរៈគុល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនេះ ក្រសួងហិរញ្ញវត្ថុថៃ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ របស់ប្រទេស មកត្រឹម ១,៦% ដែលជាកម្រិតទាបបំផុតនៅអាស៊ីអាគ្នេយ៍ ដោយលើកឡើងពីផលប៉ះពាល់នៃជម្លោះភូមិសាស្រ្តនយោបាយ រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

កសិករថៃកំពុងរិះគន់រដ្ឋាភិបាលថា ពុំមានវិធានការច្បាស់លាស់ និងមិនមានប្រសិទ្ធភាព ធ្វើឱ្យផលដំណាំរបស់ពួកគេខ្វះទីផ្សារ និងតម្លៃចុះថោក ជាក់ស្តែងករណីរដូវប្រមូលផលផ្លែទុរេន។ ចំណែកអាជីវករក្នុងផ្សារទំនើប ថ្មីៗនេះបានចេញធ្វើបាតុកម្មទាមទារឱ្យបញ្ចុះតម្លៃជួលតួប ខណៈការលក់ដូរមិនសូវដាច់ខ្វះការបញ្ជាទិញពីអតិថិជន។ កង្វះភ្ញៀវ ជាផ្នែកមួយបណ្តាលមកពីកត្តាជម្លោះព្រំដែនជាមួយកម្ពុជា ដោយពលរដ្ឋខ្មែរបានធ្វើពហិកាមិនទៅលេងថៃ និងមិនប្រើប្រាស់ទំនិញថៃ រួមទាំងកត្តាបិទព្រំដែនគោកទ្វេភាគីជាដើម និងកត្តាជម្លោះភូមិសាស្រ្តពិភពលោក។

បណ្ឌិត យង់ ពៅ

កត្តារួមផ្សំទាំងនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានទាញសញ្ញាបន្ទាត់ក្រហមថាថៃ កំពុងរងវិបត្តិនយោយផ្ទៃក្នុង និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលការណ៍​នេះ នាំឱ្យរដ្ឋបាលលោក អានុទីន​ ឆានវីរៈគុល នឹងអាចបន្តផ្ទេរវិបត្តិមកព្រំដែន ដែលមានចរិតជាតិនិយមជ្រុល ដើម្បីទិញពេលវេលាស្វែងរកស្ថិរភាពនយោបាយបន្តដឹកនាំរដ្ឋាភិបាល។ ក្នុងន័យនេះ លោកសង្កត់ធ្ងន់ថា៖«កម្ពុជាត្រូវតែឈ្វេងយល់នូវមេរៀនថ្មីៗនេះហើយត្រៀមអភិវឌ្ឍសមត្ថភាពទប់ទល់ការពារអធិបតេយ្យជាតិខ្លួន។ កម្ពុជាគ្មានទឹកដីឯណាសេសសល់បណ្ដោយឱ្យគេបន្តច្រឹបយកនោះទេ»។

ជាការកក់សម្គាល់ ទោះបីជាមានបទបាញ់ ប៉ុន្តែនៅព្រំដែនវិញ យោធាថៃនៅបន្តសកម្មភាពខុសច្បាប់តាមរយៈការបំផ្ទុះអាវុធចង់បង្កសង្គ្រាមលើកទី៣ជាមួយកម្ពុជា ប៉ុន្តែភាគីកម្ពុជាបន្តការអត់ធ្មត់ គោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិ។ ជាក់ស្តែង កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ សូម្បីតែក្រុមយោធាបរទេសមហាអំណាចធំៗដូចជា សហដ្ឋាអាមេរិក ចិន រុស្ស៊ី និងជប៉ុន រួមទាំងក្រុមសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ផ្ទាល់នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក៏ថៃបំផ្ទុះអាវុធនៅចំពោះមុខក្រុមយោធាអន្តរជាតិ ដោយមិនញញើតច្បាប់ឡើយ។ ក្រោយហេតុការណ៍នេះ ស្ថានទូតបណ្តាលប្រទេសមួយចំនួន បានចេញមកសម្តែងការព្រួយបារម្ភ និងជំរុញឱ្យអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ។

ក្រុមយោធាបរទេស

ជុំវិញហេតុការណ៍នេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ថា ទាហានថៃបានបង្ហាញពីការផ្គើនចំពោះសហគមន៍អន្តរជាតិនូវទង្វើព្រៃផ្សៃ ច្បាប់ព្រៃរបស់ប្រទេសនេះដែលមិនគោរពច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង និងមិនគោរពនូវសេចក្តីថ្លៃថ្នូរដល់តំណាងប្រទេសទាំង១៣ដែលបានចុះទៅសង្កេតការណ៍។ លោកបញ្ជាក់ថា៖«ការបំផ្ទុះនេះបានបង្ហាញដល់សហគមន៍អន្តរជាតិដែលបានចូលរួមសង្កេតឃើញនូវភាពគឃ្លើនថៃ អ៊ីចឹង!សហគមន៍អន្តរជាតិបានឃើញផ្ទាល់ភ្នែក ស្តាប់ឭផ្ទាល់ត្រចៀកនូវអ្វីដែលជាមហិច្ឆិតាឈ្លានពានរបស់ប្រទេសថៃមកលើទឹកដីកម្ពុជា»។

ដើម្បីការពារប្រទេសជាតិពីសត្រូវឈ្លានពាន នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់អំពីការធ្វើទំនើបកម្មយោធាទាំងផ្លូវអាកាស ដែនទឹក និងគោក សំដៅពង្រឹងសមត្ថភាពការពារជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម