Connect with us

កីឡា

បឹងកេត អស់ឱកាសលេខ ២ ខណៈ ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ត្រូវប្រជែងគ្នាដល់ប្រកួតចុងក្រោយ

បានផុស

នៅ

ក្រុម ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ​ នៅ​មិន​ទាន់​សម្រេច​ថា តើ​ក្រុម​ណា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ២ ក្នុងលីគកំពូល​កម្ពុជា រដូវ​កាល​នេះ​ទេ បើ​ទោះ​បី​ជា​​នៅ​សល់​តែ ១ ប្រកួត​ចុង​ក្រោយ​នឹង​បញ្ចប់​ ខណៈ​ បឹងកេត វិញ គឺបានអស់ឱកាសហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រជែងតំណែងលេខ ២ នៅក្នុងលីគកំពូល កម្ពុជា នៅតែជាប្រធានបទក្តៅក្នុងរដូវកាលនេះ បន្ទាប់ពី ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ​ ឈ្នះដូចគ្នាកាលពីល្ងាចថ្ងៃ អាទិត្យ ទី ១០ ខែ ឧសភា ឆ្នាំ ២០២៦។ លទ្ធផលក្នុងសប្តាហ៍ទី ២៩ គឺ ភ្នំពេញក្រោន បានឈ្នះក្រុម ណាហ្គាវើលដ៍ នៅទឹកដីខ្លួន ៣-០ ខណៈ អង្គរថាយហ្គឺរ​ ឈ្នះ អឹមអូអាយ កំពង់ដេវ៉ា ២-១ នៅកីឡដ្ឋាន វិសាខា។

បច្ចុប្បន្នក្រុម ភ្នំពេញក្រោន បានហក់ឡើងមកឈរ ២ វិញ​ ដោយមាន ៥៣ ពិន្ទុស្មើគ្នា ជាមួយនឹងក្រុមលេខ ៣ អង្គរថាយហ្គឺរ។ ក្រុមទាំង ២ ត្រូវរង់ចាំអ៊ុតមើលដល់សប្តាហ៍ទី ៣០ ដែលជាការប្រកួតចុងក្រោយក្នុងលីគរដូវកាលនេះ ទើបនឹងរកឃើញក្រុមទទួលបានតំណែងលេខ ២ ជាផ្លូវការ ដើម្បីទទួលបានកន្លះកៅអីចូលរួមការប្រកួតក្នុងពាន AFC Champions League Two។

ប្រកួតនៅថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ ក្រុម ភ្នំពេញក្រោន ត្រូវជួបក្រុមម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ចំណែក អង្គរថាយហ្គឺរ​ ត្រូវជួបក្រុម ណាហ្គាវើលដ៍ នៅទឹកដីខេត្ត សៀមរាប។ ប្រសិនបើ ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ឈ្នះ ឬ ចាញ់ដូចគ្នា នោះ ភ្នំពេញក្រោន នឹងនៅបន្តកាន់កាប់តំណែងលេខ ២ ដដែល ដោយផ្អែកលើរូបមន្ត head to head។ ដូច្នេះ ករណីដែល អង្គរថាយហ្គឺរ​ អាចឡើងមកឈរលេខ ២ បាន ទាល់តែពួកគេឈ្នះ ហើយ ភ្នំពេញក្រោន ចាញ់ការប្រកួតចុងក្រោយនេះ។

ងាកទៅកាន់ក្រុម បឹងកេត វិញ គឺបានអស់ឱកាសប្រជែងលេខ ២ ហើយ ទោះពេលនេះពួកគេមាន ៥០ ពិន្ទុ ដោយចាញ់ពិន្ទុក្រុមលេខ ២ តែ ៣ ពិន្ទុក៏ដោយ។ ប្រការនេះ មានន័យ ថា ការប្រកួតចុងក្រោយក្រោយទល់នឹងក្រុម អឹមអូអាយ កំពង់ដេវ៉ា ទោះ បឹងកេត ឈ្នះ ហើយក្រុម ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ចាញ់ដូចគ្នា ក៏ក្រុមនាគខៀវមិនអាចឡើងមកលេខ ២ បានដែរ ដោយសារតែគិតលើរូបមន្ត head to head។

គិតត្រឹមពេលនេះ មានតែ ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ​ ប៉ុណ្ណោះ ដែលនៅស្ថិតជាបេក្ខភាពប្រជែងតំណែងលេខ ២ ដល់ការប្រកួតចុងក្រោយ។ យ៉ាងណា ភ្នំពេញក្រោន ហាក់មានតែមជាងបន្តិច ត្រង់ ថា អង្គរថាយហ្គឺរ មិនបានជាប់ក្នុងអាជ្ញាបណ្ណក្លិប AFC នោះទេ។ ចំណុចនេះ ធ្វើឱ្យក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបហាក់មានភាគរយទាបក្នុងការតំណាងឱ្យ កម្ពុជា ឡើងទៅលេងពានទី ២ របស់ទ្វីប អាស៊ី ទោះពួកគេដណ្តើមបានលេខ ២ ក្នុងលីគ។

គ្រប់យ៉ាងមានតែរង់់ចាំដល់ដំណាក់កាលចុងក្រោយតែម្តង ដោយសារប្រធានក្លិបរបស់ អង្គរថាយហ្គឺរ​ លោក Akihiro Kato បានលើកឡើង ថា ក្រុមលោកនឹងតស៊ូដល់ទីបញ្ចប់ ហើយកំពុងដាក់បណ្តឹងឧទ្ធរណ៍ ដើម្បីតវ៉ាអំពីអាជ្ញាប័ណ្ណក្លិប AFC នេះ។ ដូច្នេះ អង្គរថាយហ្គឺរ នៅតែមានឱកាសអាចលេងពាន AFC2 បាន ប្រសិនបើការតវ៉ាទទួលបានជោគជ័យ៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម